ជាតិ
សង្គមជាតិ
ក្រៅពី​អស់តំណែង អធិការ​ស្រុក​កំពង់សៀម ដែល​វ៉ៃ​ពលរដ្ឋ​ម្នាក់ នៅ​ប្រឈមមុខ​ផ្លូវច្បាប់​ទៀត
25, Apr 2019 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​សេនីយ៍​ត្រី ឯម កុសល ស្នងការ​ខេត្តកំពង់ចាម បានសម្រេច​ដាក់ពិន័យ​លើ​វរសេនីយ៍ឯក ឯក ប៉ាន់​ដន អធិការ​ស្រុក​កំពង់សៀម ដោយ​ដក​ចេញពី​តំណែង​ជា​បណ្តោះអាសន្ន​។ ការរង​ពិន័យ​នេះ គឺ​បន្ទាប់ពី​លោក ឯក ប៉ាន់​ដន វាយ​ប្រជាពលរដ្ឋ​ម្នាក់​។


 
​លោក ឯក ប៉ាន់​ដន មិនទាន់​រួចខ្លួន​នោះទេ បើទោះបីជា​លោក រង​ពិន័យ​ពី​ស្នងការ​រួចហើយ​ក៏ដោយ​។ លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ដែលជា​អ្នក​កាន់​សំណុំ​រឿងនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក កំពុង​បន្ត​នីតិវិធី​។ 
 
​លោក​ព្រះរាជអាជ្ញា បកស្រាយថា ក្នុងដំណាក់កាល​នេះ គឺជា​ដំណាក់កាល​នៃ​ការស៊ើបអង្កេត ដូច្នេះ លោក មិនទាន់​អាច​កំណត់ថា លោក ឯក ប៉ាន់​ដន មានទោស​ឬ​គ្មាន​នោះទេ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បើ​យើង​រកឃើញថា​គាត់​មានទោស គឺ​គាត់ ត្រូវ​ទទួលទោស​តាមច្បាប់​»​។ 
 
​បច្ចុប្បន្ន លោក ឯក ប៉ាន់​ដន កំពុង​ជាប់​វិន័យ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​។ វរសេនីយ៍ត្រី ពេជ្រ គឹម​ស៊ា ឡើងជា​អធិការ​ស្រុក​កំពង់សៀម​ស្តីទី​។
 
​បុរស​ម្នាក់​ឈ្មោះ ហាក់ ស៊ា​ង​ហាន បាន​មាន​ស្លាកស្នាម​និង​ជាំ​សាច់​ច្រើន​កន្លែង​លើ​ដងខ្លួន ដោយ​អះអាងថា លោក ឯក ប៉ាន់​ដន ជា​អ្នក​វាយ​។ ភ្នែក​របស់​បុរស​នោះ ក៏មាន​ស្នាមរបួស​ផងដែរ​។ គេ បានឃើញ​រូប​បុរស ដែល​រង​អំពើហិង្សា​នោះ លើ​បណ្តាញ​សង្គម​។ 
 
​លោក ឯម កុសល មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក ប្រាប់ថា កំពុង​ជាប់រវល់ ហើយក៏​ចុច​ផ្តាច់ការ​ហៅចូល​។ 
 
​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bun Them ដែល​អះអាងថា ជា​ប្អូន​របស់លោក ហាក់ ស៊ា​ង​ហាន បានសរសេរថា លោក ឯក ប៉ាន់​ដន វាយ​បង​របស់ខ្លួន ដោយសារតែ​ទាស់សម្តី​គ្នា​តិចតួច​៕ 
 

Tag:
 អំពើហិង្សា​
  អធិការ​ស្រុក​កំពង់សៀម
© រក្សាសិទ្ធិដោយ thmeythmey.com