អន្តរជាតិ
កូរ៉េខាងជើង​៖ លោក គីម យ៉ុង​ឈុ​ល មនុស្ស​ជំនិត​លោក គីម ជុង​អ៊ុន ត្រូវ​ដកតំណែង​?
25, Apr 2019 , 9:19 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង និង​ជា​ជំនិត​លោក គីម ជុង​អ៊ុន ផង​នោះ ត្រូវបាន​រាយការណ៍​ថា ត្រូវបាន​ដកតំណែង​នៅក្នុង​ជួរ​បក្ស​។ សមាជិកសភា​កូរ៉េខាងត្បូង​ម្នាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​២៤ ខែមេសា លោក គីម យ៉ុង​ឈុ​ល ដែល​ត្រូវបាន​ចាត់ទុកជា​ដៃស្ដាំ​របស់លោក គីម ជុង​អ៊ុន ត្រូវបាន​ដកចេញ​ពី​តំណែង​ប្រធាន​រណ​សិស្ស​បង្រួបបង្រួម​នៃ​បក្ស​ពលករ​កូរ៉េ​។ តំណែង​លោក គីម យ៉ុង​ឈុ​ល ត្រូវបាន​ជំនួស​ដោយ​មន្ត្រី​ម្នាក់​ផ្សេងទៀត​ដែល​មិនសូវ​ល្បីឈ្មោះ​។   

 
​គេ​មិនឃើញ​មាន​វត្តមាន​លោក គីម យ៉ុង​ឈុ​ល ក្នុង​ប្រតិភូ​អមដំណើរ​លោក គីម ជុង​អ៊ុន ទៅ​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​ឡើយ​។ សមាជិក​កូរ៉េខាងត្បូង Lee Hye-hoon ដែល​ទទួល​ព័ត៌មាន​ពី​អង្គភាព​ចារកម្ម​រដ្ឋ និយាយថា លោក គីម យ៉ុង​ឈុ​ល ត្រូវបាន​បញ្ឈប់​ពី​តំណែង​ប្រធាណ​រណសិរ្ស​បង្រួបបង្រួម​ទៅហើយ​។ លោក គីម កាន់តំណែង​ដ៏​មាន​ឥទ្ធិពល​នេះ​តាំងពី​ឆ្នាំ​២០១៦ មកម្ល៉េះ​។ 
 
​យ៉ាងណាមិញ គេ​មិនដឹងថា សម្ដី​របស់​សមាជិកសភា​កូរ៉េខាងត្បូង​ខាងលើនេះ ជាការ​ពិត​ឬ​យ៉ាងណា​ឡើយ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​មិន​និយាយ​អ្វី​សោះ​លើ​រឿង​បែបនេះ​។ លោក Lee Hye-hoon បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ថា លោក គីម យ៉ុង​ឈុ​ល ត្រូវបាន​ជំនួស​ដោយ​លោក Jang Kum Chol ដែល​មិនមាន​លេច​មុខមាត់​ប៉ុន្មាន​ឡើយនា​ពេលកន្លងមក​។​
 
​ព័ត៌មាន​ទាក់ទង​ការដកតំណែង​លោក គីម យ៉ុង​ឈុ​ល លេចឡើង​ស្រប​ពេលដែល​លោក​មិនបាន​អមដំណើរ​លោក គីម ជុង​អ៊ុន ទៅ​រុស្ស៊ី​ឡើយ​។ នេះ​ជា​លើកដំបូង​ដែល​លោក​មិន​ធ្វើទៅ​បរទេស​ជាមួយ​មេដឹកនាំ​កំពូល​របស់ខ្លួន​។ រាល់ដង លោក គីម យ៉ុង​ឈុ​ល តែងមាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រតិភូ​កូរ៉េខាងជើង​អំឡុងពេល​ទស្សនកិច្ចរ​ប​ស់លោក គីម ជុង​អ៊ុន នៅ​ចិន ក៏ដូចជា​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី និង​វៀតណាម​។​
 
​ក្នុងករណី​អស់តំណែង​ប្រធាន​នាយកដ្ឋាន​មួយ​ដ៏​មានអំណាច​មែន វា​មិនមែន​មានន័យថា លោក គីម យ៉ុង​ឈុ​ល ធ្លាក់​អំណាច​ដែរ​។ លោក គីម នៅតែ​កាន់តំណែង​អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ ដែលជា​បក្ស​កាន់អំណាច​នៅ​កូរ៉េខាងជើង ហើយ​ជា​សមាជិក​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ដដែល​។ 
 
​ក្នុង​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​រណសិរ្ស​បង្រួបបង្រួម លោក គីម យ៉ុង​ឈុ​ល មាន​តួនាទី​សំខាន់​ក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ហើយ​ចុង​ក្រោយនេះ ជាមួយ​អាមេរិក​ទៀត​។ ដោយ​តំណែង​នេះ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ក៏​ប្រគល់​សិទ្ធិ​ឲ្យ​លោក គីម ដឹកនាំ​ការចរចា​ជាមួយ​អាមេរិក​លើ​ការរំសាយ​នុយក្លេអ៊ែរ​ទៀតផង​។ ជា​ប្រេសិត​ពិសេស​ផង​នោះ លោក គីម បាន​ទៅ​ជួប​លោក ត្រាំ ដល់​សេត​វិមាន​កាលពី​ឆ្នាំ​២០១៨ ដែល​បាន​បើក​ដល់​ជំនួប​ទល់មុខ​លើកទីមួយ​នៅ​សិង្ហ​បុរី​៕

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  គីម យ៉ុង​ឈុ​ល
© រក្សាសិទ្ធិដោយ thmeythmey.com