អន្តរជាតិ
អាជ្ញាធរវៀតណាម ចោទប្រកាន់មនុស្ស៧នាក់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ រូបភាព៖ Vietnam News
× សមត្ថកិច្ចខេត្ត Quảng Bình បានបើកនីតិវិធីព្រហ្មទណ្ឌប្រឆាំងជនសង្ស័យ៧នាក់ ដែលពាក់ព័ន្ធនឹងករណីការបំផ្លាញព្រៃឈើ។ ករណីនេះ ត្រូវបានរកឃើញកាលពីដើមខែមីនាក្នុងឧទ្យានជាតិមួយ ឈ្មោះថា Phong Nha-Kẻ Bàng ដែលស្ថិតនៅជាប់ព្រំដែនតំបន់អភិរក្ស Hin Namno ក្នុងប្រទេសឡាវ។
ជនសង្ស័យជនជាតិវៀតណាមទាំង៧នាក់ដែលជាប់សង្ស័យករណីកាប់ឈើខុសច្បាប់ មានទីកន្លែងលំនៅក្នុងស្រុកជនបទមួយឈ្មោះថា Bố Trạch នៅខេត្ត Quảng Bình ដែលស្ថិតក្នុងភាគកណ្តាលនៃប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម vietnamplus.vn នៅថ្ងៃទី២៥ ខែមេសា។
បើតាមប្រភពដដែល អ្នកទាំង៧នាក់នេះ ត្រូវបានចោទប្រកាន់ពីបទល្មើសនឹងច្បាប់ស្តីការកាប់ទន្ទ្រាន និងការពារព្រៃឈើ។ មនុស្ស៦នាក់ក្នុងចំណោមពួកគេ នឹងត្រូវឃុំខ្លួនរយៈពេល៤ខែដើម្បីបើកការស៊ើបអង្កេតបន្ត ខណៈដែលជនសង្ស័យឈ្មោះថា Mai Kiên Cường ត្រូវដោះលែងឲ្យនៅក្រៅឃុំ និងដាក់បម្រាមមិនឲ្យចេញពីផ្ទះ។
យោងតាមការអះអាងរបស់ វរសេនីយ៍ឯក Đặng Văn Hoành ស្នងការសមត្ថកិច្ចស្រុក Bố Trạch នេះគឺជាករណីកាប់បំផ្លាញធ្ងន់ធ្ងរមួយ។ ឈើប្រមាណ ៦៦ដើម ដែលមានទំហំសរុបជិត ១០០ម៉ែត្រគូប ត្រូវបានកាប់បំផ្លាញនៅឯឧទ្យានជាតិ Phong Nha-Kẻ Bàng ក្នុងស្រុក Bố Trạch ។
បើតាម Vietnam News ដោយឡែកក្នុងពាក់កណ្តាលខែមីនា អ្នកឃ្លាំមើលមកពីស្ថានីយ៍ការពារព្រៃឈើរបស់វៀតណាម ក៏បានរកឃើញថា ឈើជាង១០ដើម ដែលមានអង្កត់ផ្ចត់ប្រវែងពី ៤០ ទៅ ១២០សង់ទីម៉ែត្រ ត្រូវបានកាប់បំផ្លាញដោយខុសច្បាប់ ក្នុងឧទ្យានជាតិដដែលនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com