អន្តរជាតិ
លោក ស៊ី ជិនភីង សរសើរកេនយ៉ាដែលចេញមុខការពារការវិនិយោគរបស់ចិន
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី២៥ ខែមេសា បានជួបជាមួយសមភាគីកេយ៉ា អ៊ូហ៊ូរូ កេនយ៉ាតា ដែលធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងវិថីលើកទីពីរ។ លោក ស៊ី បានអរគុណលោក កេនយ៉ាតា ដែលកន្លងមកបានជួយនិយាយការពារការវិនិយោគរបស់ចិន បានប្រកាសបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកេនយ៉ាទៀត។ មេដឹកនាំកេនយ៉ា ក៏ឆ្លៀតពេលសរសើរចិនដែលរីកចម្រើនខ្លាំងក្នុងពេល៧០ឆ្នាំមកនេះ។
រដ្ឋអាហ្វ្រិកកេនយ៉ា ទទួលផលមិនតិចឡើយពីការចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីរបស់ចិន និងការវិនិយោគរបស់ចិននៅអាហ្វ្រិក។ ខ្សែរថភ្លើងមុំបាសា-ណៃរ៉ូប៊ី ជាសមិទ្ធផលដ៏ធំមួយដែលកើតចេញពីការបណ្ដាក់ទុនរបស់ចិន ខណៈចិនរងការរិះគន់ជុំវិញរបៀបរកស៊ីរបស់ខ្លួននៅទ្វីបមួយនេះ។ ជាញឹកញយ កេនយ៉ា បានចេញមុខនិយាយការពារគំនិតផ្ដួចផ្ដើមរបស់ចិន និងលើកឡើងពីគុណសម្បត្តិរបស់គំនិតផ្ដួចផ្ដើមនេះក្នុងការអភិវឌ្ឍប្រទេសដែលចូលរួម។
ទង្វើរបស់កេនយ៉ាដែលជួយពាំងពាក្យរិះគន់បែបនេះ ធ្វើឲ្យចិនសប្បាយចិត្តយ៉ាងខ្លាំង។ នាជំនួបជាមួយប្រធានាធិបតីកេនយ៉ា អ៊ូហ៊ូរូ កេនយ៉ាតា នៅថ្ងៃទី២៥ ខែមេសា ប្រធានាធិបតីចិន ស៊ី ជិនភីង បាននិយាយអរគុណដោយផ្ទាល់ចំពោះការជួយនិយាយការពារទំនាក់ទំនងចិន-កេនយ៉ា និងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ដែលរងការរិះគន់គ្មានមូលដ្ឋានច្បាស់លាស់នាពេលកន្លងមក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។
នាជំនួបលើកទីបីក្នុងរយៈពេលមិនដល់មួយឆ្នាំផងនោះ លោក ស៊ី បានប្រាប់សមភាគីកេនយ៉ាពីការតាំងចិត្តរបស់ចិនក្នុងការបន្តរក្សាកិច្ចសហប្រតិបត្តិការល្អប្រសើរលើវិស័យជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌចិន-អាហ្វ្រិកតាមរយៈការសាងសង់ខ្សែក្រវាត់ និងវិថី និងការអនុវត្តតាមលទ្ធផលនៃជំនួបកំពូលចិន-អាហ្វ្រិកនាពេលកន្លងមក។ លោក ស៊ី បន្តថា ប្រទេសទាំងពីរនឹងបន្តទំនាក់ទំនង និងការសម្របសម្រួលលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងទៀត។
តបនឹងពាក្យល្អៗចេញមាត់ប្រធានាធិបតីចិន លោក កេនយ៉ាតា វិញ បាននិយាយលើកសរសើរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល៧០ឆ្នាំមកនេះ ដោយបានអះអាងថា ប្រជាជនចិន៧០០លាននាក់ បានរួចផុតពីភាពក្រីក្រ។ មេដឹកនាំកេនយ៉ារូបនេះ បន្តលើកឡើងពីផលប្រយោជន៍នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីរបស់ចិនសម្រាប់ឲ្យប្រទេសនានាមានលទ្ធភាពបង្កើតទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែជិតស្និទ្ធ។
កេនយ៉ា អរគុណតួនាទីដ៏សំខាន់របស់ចិនក្នុងការជំរុញសន្តិភាពអាហ្វ្រិក និងការកសាងអាហ្វ្រិកឡើងវិញ ហើយកេនយ៉ាមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនឲ្យកាន់តែរឹងមាំលើវិស័យជាច្រើនដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីឲ្យដល់តំបន់ផ្សេងទៀតក្នុងទ្វីបអាហ្វ្រិក។ នេះជាការបញ្ជាក់របស់លោក កេនយ៉ាតា ដែលស្ថិតក្នុងចំណោមមេដឹកនាំបរទេសចូលរួមវេទិកាខ្សែក្រវាត់ និងវិថីស្ដីពីកិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីពីរ ពីថ្ងៃទី២៥ ដល់ទី២៧ ខែមេសា៕
Tag:
ចិន
កេនយ៉ា
ស៊ី ជិនភីង
អ៊ូហ៊ូរូ កេនយ៉ាតា
© រក្សាសិទ្ធិដោយ thmeythmey.com