អន្តរជាតិ
លោក ស៊ី ជិន​ភីង សរសើរ​កេ​ន​យ៉ា​ដែល​ចេញមុខ​ការពារ​ការវិនិយោគ​របស់​ចិន
26, Apr 2019 , 7:59 am        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៥ ខែមេសា បាន​ជួប​ជាមួយ​សម​ភាគី​កេ​យ៉ា អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ​។ លោក ស៊ី បាន​អរគុណ​លោក កេ​ន​យ៉ា​តា ដែល​កន្លងមក​បាន​ជួយ​និយាយ​ការពារ​ការវិនិយោគរ​បស់​ចិន បានប្រកាស​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កេ​ន​យ៉ា​ទៀត​។ មេដឹកនាំ​កេ​ន​យ៉ា ក៏​ឆ្លៀតពេល​សរសើរ​ចិន​ដែល​រីកចម្រើន​ខ្លាំង​ក្នុងពេល​៧០​ឆ្នាំ​មកនេះ​។​

 
​រដ្ឋ​អាហ្វ្រិក​កេ​ន​យ៉ា ទទួលផល​មិនតិច​ឡើយ​ពី​ការចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន និង​ការវិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក​។ ខ្សែ​រថភ្លើង​មុំ​បា​សា​-​ណៃ​រ៉ូ​ប៊ី ជា​សមិទ្ធផល​ដ៏​ធំ​មួយ​ដែល​កើតចេញពី​ការបណ្ដាក់ទុន​របស់​ចិន ខណៈ​ចិន​រង​ការរិះគន់​ជុំវិញ​របៀប​រកស៊ី​រប​ស់​ខ្លួន​នៅ​ទ្វីប​មួយ​នេះ​។ ជា​ញឹកញយ កេ​ន​យ៉ា បាន​ចេញមុខ​និយាយ​ការពារ​គំនិត​ផ្ដួចផ្ដើម​របស់​ចិន និង​លើកឡើង​ពី​គុណសម្បត្តិ​របស់​គំនិត​ផ្ដួចផ្ដើម​នេះ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ដែល​ចូលរួម​។​
 
​ទង្វើ​របស់​កេ​ន​យ៉ា​ដែល​ជួយ​ពាំង​ពាក្យរិះគន់​បែបនេះ ធ្វើ​ឲ្យ​ចិន​សប្បាយចិត្ត​យ៉ាងខ្លាំង​។ នា​ជំនួប​ជាមួយ​ប្រធានាធិបតី​កេ​ន​យ៉ា អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា នៅ​ថ្ងៃទី​២៥ ខែមេសា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​និយាយ​អរគុណ​ដោយផ្ទាល់​ចំពោះ​ការជួយ​និយាយ​ការពារ​ទំនាក់ទំនង​ចិន​-​កេ​ន​យ៉ា និង​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ដែល​រង​ការរិះគន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នាពេល​កន្លងមក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។​
 
​នា​ជំនួប​លើក​ទី​បី​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង​នោះ លោក ស៊ី បាន​ប្រាប់​សម​ភាគី​កេ​ន​យ៉ា​ពី​ការតាំង​ចិត្ត​របស់​ចិន​ក្នុង​ការបន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​លើ​វិស័យ​ជាច្រើន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ក្នុង​ក្របខណ្ឌ​ចិន​-​អាហ្វ្រិក​តាមរយៈ​ការសាងសង់​ខ្សែក្រវាត់ និង​វិថី និង​ការអនុវត្ត​តាម​លទ្ធផល​នៃ​ជំនួប​កំពូល​ចិន​-​អាហ្វ្រិក​នាពេល​កន្លងមក​។ លោក ស៊ី បន្តថា ប្រទេស​ទាំងពីរ​នឹង​បន្ត​ទំនាក់ទំនង និង​ការសម្របសម្រួល​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ផ្សេងទៀត​។​
 
​តប​នឹង​ពាក្យ​ល្អៗ​ចេញ​មាត់​ប្រធានាធិបតី​ចិន លោក កេ​ន​យ៉ា​តា វិញ បាន​និយាយ​លើកសរសើរ​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ ដោយបាន​អះអាងថា ប្រជាជន​ចិន​៧០០​លាន​នាក់ បាន​រួច​ផុតពី​ភាពក្រីក្រ​។ មេដឹកនាំ​កេ​ន​យ៉ា​រូបនេះ បន្ត​លើកឡើង​ពី​ផលប្រយោជន៍​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន​សម្រាប់​ឲ្យ​ប្រទេស​នានា​មានលទ្ធភាព​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។​
 
​កេ​ន​យ៉ា អរគុណ​តួនាទី​ដ៏​សំខាន់​របស់​ចិន​ក្នុង​ការជំរុញ​សន្តិភាព​អាហ្វ្រិក និង​ការកសាង​អាហ្វ្រិក​ឡើងវិញ ហើយ​កេ​ន​យ៉ា​មាន​ឆន្ទៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​ឲ្យ​កាន់តែ​រឹងមាំ​លើ​វិស័យ​ជាច្រើន​ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ជំរុញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​ឲ្យ​ដល់​តំបន់​ផ្សេងទៀត​ក្នុង​ទ្វីបអាហ្វ្រិក​។ នេះ​ជាការ​បញ្ជាក់​របស់លោក កេ​ន​យ៉ា​តា ដែល​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​បរទេស​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​វិថី​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី​ពីរ ពីថ្ងៃ​ទី​២៥ ដល់ទី​២៧ ខែមេសា​៕ 

Tag:
 ចិន​
  កេ​ន​យ៉ា​
  ស៊ី ជិន​ភីង​
  អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា​
© រក្សាសិទ្ធិដោយ thmeythmey.com