អន្តរជាតិ
លោក គីម ប្រា​ប់លោក ពូ​ទីន​៖ ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ទៅ​ថ្ងៃមុខ គឺ​អាស្រ័យ​លើ​អាមេរិក​
26, Apr 2019 , 10:16 am        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌី​មៀ ពូ​ទីន បាន​ជួបគ្នា​ជា​លើកដំបូង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​២៥ ខែមេសា​នៅ​ទីក្រុង​វ៉្លា​ឌី​វ៉ូ​ស្តុក​នៃ​តំបន់​ចុង​បូព៌ា​។ ជារួម ជំនួប​ទល់មុខ​លើកទីមួយ​នេះ គ្មាន​លទ្ធផល​អ្វី​ធំដុំ​ឡើយ ប៉ុន្តែ​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ​ដែលជា​សំណុំរឿង​ក្ដៅ​ប្រចាំ​ឧបទ្វីប​កូរ៉េ​។ លោក គីម បាន​ប្រា​ប់លោក ពូ​ទីន ថា ស្ថានការណ៍​ទៅ​ពេលអនាគត គឺ​អាស្រ័យ​លើ​អាមេរិក​ផ្ទាល់​។ ចំណែក​លោក ពូ​ទីន នឹង​យក​បញ្ហា​ទៅប្រាប់​សម​ភាគី​អាមេរិក​ឲ្យ​ដឹងឮ​។​

 
​ជំនួប​លើកដំបូង​រវាង​ប្រធានាធិបតី​រុស្ស៊ី វ៉្លា​ឌី​មៀ ពូ​ទីន និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបញ្ចប់​ទៅហើយ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ឡើយ​។ អាច​និយាយបានថា ជំនួប​នៅ​ទីក្រុង​វ៉្លា​ឌី​វ៉ូ​ស្តុក​នេះ ជាការ​សំណេះសំណាល​គ្នា និង​រៀបរាប់​ពី​សុខទុក្ខ​គ្នា​ទៅមក ដ្បិត​លោក ពូ​ទីន មិនដែល​បាន​ជួប​លោក គីម សោះឡើយ​តាំងពី​លោក គីម ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​មក​នោះ​។ បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ជា​ប្រធានបទ​សំខាន់​ដែល​ត្រូវបាន​លើក​យកមក​ជជែក​គ្នា​។​
 
​ប៉ុន្តែ​ក្នុងជំនួប​លើកទីមួយ​នេះ លោក គីម បាន​វាយប្រហារ​អាមេរិក​ខ្លាំងៗ​ចំពោះមុខ​លោក ពូ​ទីន ដែល​កំពុង​មិនត្រូវ​គ្នា​ជាមួយ​អាមេរិក​ដែរនោះ​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​២៦ ខែមេសា ដោយនិយាយ​ដល់​ជំនួប​បរាជ័យ​នៅ​វៀតណាម មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​បាន​បន្ទោស​អាកប្បកិរិយា​របស់​ក្រុង​វ៉ា​ស៊ិន​តោន​ដែល​ធ្វើ​ឲ្យ​ជំនួប​នោះ​គ្មាន​បានការ​អ្វី​បន្តិច ខណៈដំណើរ​ការចរចា​ដើម្បី​ឈានទៅ​ការរំសាយ​នុយក្លេអ៊ែរ​ក៏​ជាប់គាំង​ទៅទៀត​។ 
 
​ចំពោះមុខ​លោក ពូ​ទីន មេដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង​រូបនេះ​បញ្ជាក់ថា ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ កំពុង​នៅ​ទ្រឹង ហើយ​បាន​មកដល់​ដំណាក់កាល​សំខាន់​។ លោក​បន្ត​ព្រមាន​ថា ស្ថានភាព​សព្វថ្ងៃ​អាច​វិល​ទៅរក​ចំណុចដើម​វិញ នៅពេល​អាមេរិក​មាន​ទង្វើ​ដូច​ជំនួប​នៅ​វៀតណាម​។ សម្រាប់​លោក គីម សន្តិភាព និង​សន្តិសុខ​របស់​ឧបទ្វីប​កូរ៉េ គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អាកប្បកិរិយា​របស់​អាមេរិក ហើយ​កូរ៉េខាងជើង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ស្ថានការណ៍​ទាំងអស់​។ 
 
​តាមពិតទៅ នា​ជំនួប​នៅ​វៀតណាម ក្នុងចំណោម​ភាគី​ទាំងពីរ ម្ខាង​ទាមទារ​ច្រើន ម្ខាង​ទៀត​ហ៊ាន​ឲ្យ​តិច ទើប​គ្មាន​កិច្ចព្រមព្រៀង​។ កូរ៉េខាងជើង​ដែល​រង​ទណ្ឌកម្ម​រាប់សិប​ជាន់​នោះ ស្នើ​ឲ្យ​អាមេរិក​ជួយ​បន្ធូរបន្ថយ​សម្ពាធ​ឲ្យ​បាន​ច្រើន​ដើម្បី​ជាការ​ឆ្លើយតប​នឹង​អ្វីដែល​ខ្លួន​បានធ្វើ​កន្លងមក​ក្នុង​ដំណើការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​។ ប៉ុន្តែ​អាមេរិក​វិញ មិន​ពេញ​ចិត្តនឹង​ការប្ដេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ដែល​ចង់​បិទ​ត្រឹម​រោងចក្រ​នុយក្លេអ៊ែរ​មួយកន្លែង​ឡើយ​។ មិនត្រូវ​គ្នា​ពី​លក្ខខណ្ឌ​នៃ​ការធ្វើសម្បទាន​របស់​កូរ៉េខាងជើង ការចរចា​ក៏​បរាជ័យ​តែម្ដង​។​
 
​លោក ពូ​ទីន​៖ អន្តរជាតិ​ត្រូវ​ធានា​សន្តិសុខ​ឲ្យ​កូរ៉េខាងជើង​
 
​ក្រោយ​ជំនួប​លើកដំបូង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​ប្រធានាធិបតី ពូ​ទីន ប្រកាស​ជំហរ​របស់​រុស្ស៊ី​ដែល​ដូចគ្នា​នឹង​អាមេរិក គឺ​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ចៀស​ជម្លោះ​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​លោក ពូ​ទីន ក៏​អះអាង​ដែរ​ថា កូរ៉េខាងជើង​ត្រូវការ​ការធានា​សន្តិសុខ និង​អធិបតេយ្យ​របស់ខ្លួន​សិន ទើប​អាច​គិតគូរ​រឿង​រំសាយ​នុយ​ក្ល​អ៊ែរ​។​
 
​ជំនួប​ជាមួយ​លោក ពូ​ទីន ជា​ជំនួប​ជាមួយ​មេដឹកនាំ​បរទេស​លើកដំបូង​សម្រាប់​លោក គីម តាំងពី​វិលត្រឡប់​ពី​ជំនួប​គ្មាន​បានការ​ជាមួយ​លោក ត្រាំ នៅ​ទីក្រុង​ហាណូយ​។ ជំនួប​នេះ ធ្វើឡើង​បន្ទាប់ពី​រុស្ស៊ី​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង​ជាច្រើនលើក​រួចមក​។ កាលពី​ឆ្នាំ​២០១៨ លោក គីម ធ្វើដំណើរ​បាន​រាប់ពាន់​គីឡូម៉ែត្រ​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​ជាច្រើន​ក្នុង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បី​ដង ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បី​ដង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ពីរដង និង​ប្រធានាធិបតី​វៀតណាម​ម្ដង​ដែរ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​នៅ​សាកលវិទ្យាល័យ​មួយ លោក ពូ​ទីន ប្រកាសថា នឹង​យក​ព័ត៌មាន​លម្អិត​នៃ​ជំនួប​នេះ ទៅប្រាប់​លោក ត្រាំ ។ មេដឹកនាំ​រុស្ស៊ី​លើកឡើងថា គ្មាន​ព័ត៌មាន​សម្ងាត់​អ្វី​ឡើយ​សម្រាប់​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ខណៈ​លោក គីម ថែមទាំង​ផ្ដាំ​ដោយផ្ទាល់​ឲ្យ​លោក​ពាំនាំ​លទ្ធផល​នៃ​ជំនួប​នេះ​ទៅប្រាប់​អាមេរិក​ទៀតផង​៕ 
 

Tag:
 កូរ៉េខាងជើង​
  រុស្ស៊ី​
  វ៉្លាឌី​មៀ ពូ​ទីន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com