ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី ស្មី​ត សុំ​ជួប​លោក កឹម សុខា លើក​ទី​៣ តែ​ត្រូវបដិសេធ​ដដែល
26, Apr 2019 , 11:11 am        
រូបភាព
លោក កឹម សុខា ជួបលោកស្រី រ៉ូណា ស្មីត កាលពីអំឡុងខែតុលា ឆ្នាំ២0១៦ ដោយកាលនោះ លោក កឹម សុខា មិនទាន់ត្រូវបានចាប់ខ្លួនទេ
លោក កឹម សុខា ជួបលោកស្រី រ៉ូណា ស្មីត កាលពីអំឡុងខែតុលា ឆ្នាំ២0១៦ ដោយកាលនោះ លោក កឹម សុខា មិនទាន់ត្រូវបានចាប់ខ្លួនទេ
ដោយ: ថ្មីៗ
​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​លើក​នេះ អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ នៅតែមាន​បំណង​ចង់​ឆ្លៀត​ទៅ​ជួប​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងស្ថិត​ក្នុងផ្ទះ ក្រោម​ការឃ្លាំមើល​របស់​តុលាការ​។


 
​អាស៊ីសេរី ផ្សាយ​ថា អ្នកស្រី រ៉ូ​ណា ស្មី​ត បានធ្វើ​សំណើ​ទៅ​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលជា​អ្នក​កាន់​សំណុំរឿង​លោក កឹម សុខា ដើម្បី​សុំ​ជួប​លោក កឹម សុខា ប៉ុន្តែសំណើរបស់​អ្នកស្រី ត្រូវបាន​ច្រាន់ចោល។  
 
​អ្នករាយការណ៍​របស់​អង្គការសហប្រជាជាតិ​រូបនេះ នឹង​មក​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​។ នេះ ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៧​របស់​អ្នកស្រី។ 
 
​សារព័ត៌មាន​ថ្មីៗ បាន​ហៅ​ទូរ​សព្ទ​ទៅ​លោក គី ឫទ្ធី ដើម្បី​សុំ​ឲ្យ​លោក បកស្រាយ​មូលហេតុ ដែល​បដិសេធ​នឹង​សំណើ​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត ប៉ុន្តែ ពេល​លើក​ទូរ​សព្ទ លោក និយាយថា ស្តាប់​មិនឮ ហើយក៏​ចុច​ផ្តាច់​ទៅវិញ​។ 
 
​អ្នកស្រី ម៉េង សុភា​រី មេធាវី​ម្នាក់​របស់លោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នេះ ជា​លើក​ទី​៣​ហើយ ដែល​អ្នកស្រី រ៉ូ​ណា ស្មី សុំ​ជួប​លោក កឹម សុខា តែ​អ្នកស្រី​ត្រូវបាន​បដិសេធ​ទាំង​៣​លើក​។ អ្នកស្រីមេធាវី យល់ថា ចៅក្រម​ស៊ើបសួរ មិនគួរ​រារាំង​អ្នកស្រី រ៉ូណា ស្មីត មិន​ឲ្យ​ជួប​លោក កឹម សុខា​នោះទេ ព្រោះ​អ្នកស្រី ជា​អ្នកតំណាង​របស់​អង្គការសហប្រជាជាតិ មិនមែនជា​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់លោក កឹម សុខា ឡើយ​។ 
 
​លោកស្រី​មេធាវី ពន្យល់​ពី​ផ្លូវច្បាប់​យ៉ាង​ដូច្នេះ​ថា «​ទោះ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ក៏ដោយ ក៏​អ្នក​ជាប់ឃុំ មាន​សិទ្ធិ​ជួប​សាច់ញាតិ បងប្អូន និង​សង្គម​ស៊ីវិល​ដែរ​។ ដូច្នេះ ខ្ញុំ​យល់ថា មិនគួរ​ហាមឃាត់​គាត់​ទេ​»​។ 
 
​កាលពី​លោក កឹម សុខា នៅជាប់​ឃុំ​ក្នុង​ពន្ធនាគារ អ្នកស្រី រ៉ូ​ណា ស្មី​ត ធ្លាប់​សុំ​ជួប​ម្តង ពេល​អ្នកស្រី មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ ហើយ​ក្រោយមក ពេល​លោក កឹម សុខា ត្រូវបាន​បញ្ជូន​ចេញពី​ពន្ធនាគារ យកទៅ​គេហដ្ឋាន​របស់លោក អ្នកស្រី ក៏​សុំ​ជួប​ម្តងទៀត ដោយ​កាលនោះ អ្នកស្រី មក​កម្ពុជា អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​សំណើ​ទាំង​២​លើក​នេះ សុទ្ធតែ​បរាជ័យ ដោយ​ចៅក្រម​ស៊ើបសួរ លើក​ហេតុផល​ថា សំណុំរឿង​របស់លោក កឹម សុខា កំពុង​ស្ថិតក្នុង​នីតិវិធី​ស៊ើបសួរ ដែល​ត្រូវ​រក្សា​ការសម្ងាត់ ដោយ​មិនអាច​អនុញ្ញាត​ឲ្យ​ជួប​ជនបរទេស​ផ្តេសផ្តាស់​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​នីតិវិធី​និង​សំណុំរឿង​។ 
 
​លោក កឹម សុខា ត្រូវ​ឃាត់ខ្លួន តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៦​មក ក្រោម​ការសង្ស័យថា លួច​ទាក់ទង​រដ្ឋាភិបាល​បរ​ទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ គិត​ទាំង​ជាប់ឃុំ​ក្នុ​ពន្ធនាគារ​និង​ស្ថិតក្នុង​គេហដ្ឋាន គឺមាន​រយៈពេល​ជិត​២០​ខែ​ហើយ​៕ 

Tag:
 រ៉ូ​ណា ស្មី​ត​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com