ជាតិ
អ្នកជំនាញ​បរិស្ថាន​ស្នើឱ្យ​ប្រទេស​នានា​ពិចារណា​ឡើងវិញ​ពី​ទំនប់​វា​រី​អគ្គិសនី​
27, Apr 2019 , 8:19 am        
រូបភាព
រូបឯកសារ៖ បុរសម្នាក់​ដើរ​កាត់​ទឹកដែល​ជន់លិច​ផ្លូវ​នៅ​ក្នុង​ភូមិ​របស់​លោក នៅ​ក្នុង​ខេត្ត​អាតាពើ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពី​ការបាក់ទំនប់​សេពៀន សេណាំណយ។
រូបឯកសារ៖ បុរសម្នាក់​ដើរ​កាត់​ទឹកដែល​ជន់លិច​ផ្លូវ​នៅ​ក្នុង​ភូមិ​របស់​លោក នៅ​ក្នុង​ខេត្ត​អាតាពើ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពី​ការបាក់ទំនប់​សេពៀន សេណាំណយ។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ អ្នកជំនាញ​បរិស្ថាន​បាន​ក្រើនរំលឹក​ដល់​ប្រទេស​នានា​ដែល​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ឬ​មាន​គម្រោង​សាងសង់​បន្ថែម​ឱ្យ​គិតគូរ​ពី​ផលប៉ះពាល់ ដែល​កើតមាន​លើ​ពលរដ្ឋ ដោយ​កុំ​រង់ចាំ​មាន​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ ដូច​ការបាក់​ទំនប់ សេ​ពៀន សេ​ណាំ​ណ​យ នៅ​ប្រទេស​ឡាវ កាលពី​ខែកក្កដា​ឆ្នាំមុន​។​

 
​លោក​សាស្ត្រាចារ្យ អៀន បឺដ (Ian Baird) នៃ​សាកលវិទ្យាល័យ Wisconsin-Madison បាន​ថ្លែងប្រាប់​ក្រុម​អ្នកចូលរួម​ស្តាប់​នៅឯ​មជ្ឈមណ្ឌល ស្ទី​ម​សុន (Stimson Center) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីដើម​ខែមេសា ថា​ផលប៉ះពាល់​ដំណាក់កាល​ដំបូង​ដែលមាន​ការជម្លៀស​ពល​រដ្ឋ​ចេញពី​លំនៅដ្ឋាន និង​ការប៉ះពាល់​លើ​ជីវភាព​រស់នៅ​របស់​ពួកគេ គឺ​ប្រៀបដូចជា «​អំពើហិង្សា​យឺ​ត‍​​ៗ​​» ដែលជា​ទូទៅ​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​ទេ ហើយ​ចាំ​ទាល់តែ​មានការ​បាក់​ទំនប់​ដែលជា​គ្រោះមហន្តរាយ​ធំ​ទើប​គេ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ដោះស្រាយ​។​
 
​លោក​បន្ថែមថា​៖
 
«​នេះ​គឺជា​ហេតុផល​ដែល​ខ្ញុំ​ប្រៀបធៀប​កម្រិត​នៃ​ការចាប់អារម្មណ៍​លើ​ព្រឹត្តិការណ៍​មហន្តរាយ​ទៅនឹង​កម្រិត​នៃ​ការចាប់អារម្មណ៍​លើ​ហិង្សា​យឺតៗ ដែល​ទំនប់​នេះ​បាន​បង្ក​ឡើងជា​យូរ​ឆ្នាំ​មកហើយ​។ ខ្ញុំ​បាន​សរសេរ​ពី​បញ្ហា​នេះ​តាំងពី​ទសវត្សរ៍ ១៩៩០ ប៉ុន្តែ​គ្មាន​ការចាប់អារម្មណ៍​ច្រើន​ទេ​។ ជា​រឿង​គួរឱ្យ​ហួសចិត្ត នៅពេលដែល​ទំនប់​នេះ​បាក់ ស្រាប់តែ​មនុស្ស​គ្រប់គ្នា​យកចិត្តទុកដាក់​នឹង​គម្រោង​នេះ ប៉ុន្តែ​មុន​នោះ​គឺ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ទេ​»​។​


លោក​សាស្រ្តាចារ្យ អៀន បឺដ (Ian Baird) ​នៃ​សាកលវិទ្យាល័យ​ Wisconsin-Madison (ស្តាំ) ​បាន​ថ្លែងប្រាប់​កាន់អ្នក​ចូលរួម​ស្តាប់​នៅ​ឯ​មជ្ឈមណ្ឌល​ ស្ទីមសុន (Stimson Center) នៅរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ (រូបថតដល់ស្រង់ពីវីដេអូ)
 
​លោក​សាស្ត្រាចារ្យ អៀន បឺដ ជឿថា ករណី​បាក់​ទំនប់​សេ​ពៀន សេ​ណាំ​ណ​យ នៅ​ខេត្ត អា​តា​ពើ ប្រទេស​ឡាវ នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន​ពិចារណា​ឡើងវិញ​ពី​ការ​ទប់ទឹក​ទន្លេ ដើម្បី​ធ្វើជា​ទំនប់​វា​រី​អគ្គិសនី​ដែល​ក្នុងពេល​កន្លងមក​មាន​ប្រទេស​មួយចំនួន​ហាក់ដូច​ជាមាន​មោទនភាព​នឹង​ការសាងសង់​សំណង់​មហាសាល​នេះ​។​
 
​ការបាក់​ទំនប់​សេ​ពៀន សេ​ណាំ​ណ​យ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤៩ នាក់​និង​បាន​បណ្តាលឱ្យ​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​នៅ​ប្រទេស​ឡាវ និង​កម្ពុជា​ត្រូវ​ជម្លៀស​ចេញពី​លំនៅដ្ឋាន​។ នៅពេលនេះ​ពលរដ្ឋ​ឡាវ​ជាច្រើន​បាន​ធ្លាក់​ក្នុង​ភាពក្រីក្រ មាន​បញ្ហា​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត និង​កូនៗ​ពួកគេ​ត្រូវ​ឈប់រៀន​ដោយសារ​កត្តា​ជីវភាព​ជាដើម​។ នេះ​បើតាម​សេចក្តីរាយការណ៍​នានា​។​
 
​នេះ​គឺជា​ការបាក់​ទំនប់​ទី​ពីរ​ហើយ​ក្នុងប្រទេស​ឡាវ ក្នុង​រយៈពេល​តែមួយ​ឆ្នាំ​។ កាលពី​ខែកញ្ញា ឆ្នាំ ២០១៧ អាង​ទំនប់​វា​រី​អគ្គិសនី ណា​ម​អៅ ក្នុង​ខេត្ត សៀង ខួង បាន​បាក់​ម្តង ប៉ុន្តែ​មិនសូវមាន​ការចាប់អារម្មណ៍​ជា​អន្តរជាតិ ដោយសារតែ​កម្រិត​ទឹក​មានតែ​ប្រមាណ ៥០០.០០០ ម៉ែត្រគូប ដែល​ធ្វើឡើង​សម្រាប់​បង្កើត​ថាមពល​អគ្គិសនី​តែ ១៥ មេ​ហ្កា​វ៉ា​ត់​ប៉ុណ្ណោះ​។​
 
​លោក​សាស្ត្រាចារ្យ អៀន បឺដ ក៏បាន​ស្តីបន្ទោស​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​មួយចំនួន ដែលមាន​ឡាវ​និង​កម្ពុជា​ជា​សមាជិក​ដែរនោះ ថា​ព្រងើយកន្តើយ​នឹង​ផលប៉ះពាល់​ទាំងនេះ​មកលើ​ពលរដ្ឋ​ខ្លួនឯង ដោយសារតែ​ផលប្រយោជន៍​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​។​
 
​លោក​បាន​បន្ថែមថា​៖
 
«​ដោយសារតែ​កម្ពុជា​រង​ផលប៉ះពាល់​ពី​គម្រោង​នេះ អ្នក​គិតថា ពួកគេ​នឹង​ស្នើសុំ​ឱ្យមាន​សំណង ប៉ុន្តែ​ពួកគេ​មិន​ទាមទារ​ទេ​។ អ្វីដែល​កម្ពុជា​ស្នើសុំ គឺ​គ្រាន់តែ​ឱ្យមាន​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្លង​ព្រំដែន​។ ខ្ញុំ​គិតថា ការណ៍​នេះ​គឺ​ដោយសារតែ​កម្ពុ​ជាមាន​ផែនការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ផ្ទាល់ខ្លួន​ដែរ​។ ដូច្នេះ​បើសិនជា​ពួកគេ​ចាប់ផ្តើម​តវ៉ា​ពី​ទំនប់​នៅ​ឡាវ គឺ​ឡាវ​ក៏​នឹង​តវ៉ា​ពី​ទំនប់​នៅ​កម្ពុជា​ដែរ​។ ដូច្នេះ​វា​បានក្លាយ​ទៅជា​ភាគបែង​រួម​តូច​បំផុត ដែល​គ្មាន​អ្នកណាម្នាក់​ចង់​តវ៉ា ដោយ​ខ្លាច​ថា​អ្នកដទៃ​ក៏​នឹង​តវ៉ា​ដាក់ខ្លួន​វិញ​ដែ​រ‍​»​។​
 
​ពលរដ្ឋ​កម្ពុ​ជាជាង ២០០០ គ្រួសារ​ក្នុង​ឃុំ​មួយចំនួន​នៃ​ខេត្តស្ទឹងត្រែង​បាន​រង​ផលប៉ះពាល់ ហើយ​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ហើយ​ដំណាំ​របស់​ពួកគេ​ក៏​រង​ការខូចខាត​ផងដែរ​។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចាត់ទុកថា នោះ​គ្រាន់តែ​ជា​គ្រោះទឹកជំនន់​ប្រចាំឆ្នាំ​ធម្មតា​ប៉ុណ្ណោះ ដោយសារតែ​ហេតុផល​នេះហើយ​ទើប​កម្ពុជា​មិនបាន​សុំឱ្យ​ភាគី​ឡាវ​ផ្តល់​សំណង​នោះទេ​។​
 
​លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​ប្រាប់ VOA ថា​៖
 
«​ដោយសារ​ត្រង់​ថា​ឥទ្ធិពល​មក វា​មិន​ធ្ងន់ធ្ងរ​ពេក​ដល់​ថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ហ្នុ​ង​ទេ ហើយក៏​វា​មិន​អូសបន្លាយ​រយៈពេល​វែង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែរ​។ អីចឹង​ហើយ​ការដោះស្រាយ​បញ្ហា​នេះ​គឺ​មានតែ​ការដោះស្រាយ​អន្តរាគមន៍​ពី​មូលដ្ឋាន ហើយ​និង​កម្លាំង​សប្បុរសធម៌​ក្នុង​ប្រ​ទេ​ស‍​»​។​
 
​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ អៀន បឺដ បាន​បញ្ជាក់ថា ពលរដ្ឋ​កម្ពុជា​សម​នឹង​ទទួលបាន​សំណង​។ លោក​បាន​បញ្ជាក់បន្ថែម​ប្រាប់ VOA នាពេល​បញ្ចប់​បទ​បង្ហាញថា​៖
 
«​ខ្ញុំ​ពិតជា​គិតថា នេះ​គឺជា​បញ្ហា​បង្កឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​នៅ​ប្រទេស​ឡាវ ដែលមាន​ផលប៉ះពាល់​ដោយផ្ទាល់​លើ​ពលរដ្ឋ​កម្ពុជា ហើយ​ក្រុមហ៊ុន​នោះ​គួរតែ​ផ្តល់​សំណង​។ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​តំណាងឱ្យ​ពលរដ្ឋ​ទៅ​ទារ​សំណង​ពី​ក្រុមហ៊ុន​នោះ​ចំពោះ​ផលប៉ះពាល់​ទាំងឡាយ​។ វា​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​ធ្វើ​អីចឹង​ទ‍េ​»​។​
 
​ក្រុមការងារ​បរិស្ថាន Save the Mekong ក៏​ធ្លាប់​បានទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ដល់​ប្រទេស​កម្ពុជា​ចំពោះ​ការ​ធ្វេស​ប្រហែល​នេះ​ផងដែរ ដោយ​ពួកគេ​ចាត់ទុកថា វា​មិនមែនជា​គ្រោះធម្មជាតិ​ទេ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​បរិស្ថាន​អន្តរជាតិ​នេះ​កាលពី​ចុងខែ​កក្កដា​ឆ្នាំមុន​។​
 
​ផ្ទុយទៅវិញ ក្នុង​កាយវិការ​មនុស្ស​ធម៌​ប្រទេស​កម្ពុជា​បានផ្តល់​ទឹកប្រាក់​ចំនួន ១០​ម៉ឺន ដុល្លារ ទៅ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយ​មហន្តរាយ​ទឹកជំនន់​បង្កឡើង​ដោយ​ការបាក់​ទំនប់ សេ​ពៀន សេ​ណាំ​ណ​យ នេះ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​។​
 
​ទំនប់​វា​រី​អគ្គិសនី សេ​ពៀន សេ​ណាំ​ណ​យ ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​កូរ៉េ SK Engineering and Construction (SK E&C) និង​ក្រុមហ៊ុន​Korea Western Power សហការ​ជាមួយនឹង​ក្រុមហ៊ុន​ថៃ Ratchaburi Electricity Generating Holding (RATCH) និង​ក្រុមហ៊ុន Lao Holding State Enterprise (LHSE) របស់​ឡាវ​។ វា​ផ្តល់​ថាមពល​អគ្គិសនី​ចំនួន ៤១០ មេ​ហ្កា​វ៉ា​ត់​។​


រូបឯកសារ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុង​ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
 
​ប្រទេស​កម្ពុជា​កំពុងមាន​តម្រូវការ​ភ្លើងអគ្គិសនី​កើនឡើង​យ៉ាងខ្លាំង​។ វា​រី​អគ្គិសនី​ផ្តល់ ៤៥ ភាគរយ​នៃ​ថាមពល ហើយ​រដ្ឋាភិបាល​ជំរុញឱ្យមាន​ការសាងសង់​ទំនប់​បន្ថែមទៀត​ដើម្បី​បំពេញតម្រូវការ​។​
 
​កម្ពុជា​បាន​សម្ពោធ​បើក​ស្ថានីយ៍​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែលមាន​កម្លាំង ៤០០ មេ​ហ្កា​វ៉ា​ត់​កាលពី​ចុងឆ្នាំ ២០១៨ ហើយក៏​គ្រោង​នឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សំបូរ​ដ៏​ធំ​មហាសាល​មួយទៀត​ពីលើ​អាង​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ ដែលមាន​ថាមពល​ចំនួន ២៦០០ មេ​ហ្កា​វ៉ា​ត់ ក្រោម​ជំនួយ​របស់​ចិន​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​។​
 
​ស្ថានទូត​ចិន​នៅ​ប្រទេស​កម្ពុជា​បានបញ្ជាក់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដោយ​លើកសរសើរ​ពី​ជំនួយ​របស់​ចិន​ក្នុង​ការជួយ​កសាង​ស្ថានីយ​វា​រី​អគ្គិសនី​ទាំងអស់​នៅ​កម្ពុជា​ដែល​ស្មើនឹង ៨០% នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែលមាន​ដំណើរការ​នៅ​កម្ពុជា​។​
 
​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ Ian Baird យល់ថា​៖
 
«​នេះ​គឺជា​បញ្ហា​ដែល​ពិតជា​ធ្ងន់ធ្ងរ ពីព្រោះ​ចិន​បាន​វិនិយោគទុន​លើ​គម្រោង​ទាំងនេះ​ច្រើនណាស់ ហើយ​ពួកគេ​មិនមាន​តម្លាភាព​ទេ​។ ពួកគេ​ធ្វើ​ការមិនចុះសម្រុង​នឹង​ពលរដ្ឋ​មូលដ្ឋាន​។ ពួកគេ​ក៏​ធ្វើ​ការមិនចុះសម្រុង​នឹង​អាជ្ញាធរ​មូលដ្ឋាន​។ ហើយ​ខ្ញុំ​គិតថា​មានការ​ព្រួយបារម្ភ​ច្រើន​ពី​ការវិនិយោគ​បែប​ន‍េះ​»​។​
 
​លោក លាង ប៊ុន​លាប អ្នកសម្របសម្រួល​អង្គ​ការ​បណ្តាញ​ការពារ​ទន្លេ​បី​នៅតែ​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​ស្រដៀង​គ្នា​នឹង​ទន្លេ សេ​ពៀន សេ​ណាំ​ណ​យ​។​
 
«​ប្រសិនបើ​ទំនប់​បាក់ ឬក៏​មាន​យថាហេតុ​ណាមួយ​ដែល​ធ្វើឱ្យ​ទំនប់​បាក់ ដូចដែល​បទពិសោធន៍​ដែល​កើត​មាននៅ យ៉ា​លី ឬ​សេ​ពៀន សេ​ណាំ​ណ​យ សួរថា​តើ​ទីក្រុង​ដែល​នៅតាម​បណ្តោយ​ទន្លេមេគង្គ ដូចជា​ក្រចេះ កំពង់ចាម ខេត្តកណ្តាល និង​រដ្ឋធានី​ភ្នំពេញ ដែលជា​បេះដូង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​លិចលង់​ទៅ សួរថា​តើ​មហន្តរាយ​នេះ​វា​ធ្ងន់ធ្ងរ​យ៉ាងណា​សម្រាប់​ប្រទេស​កម្ពុជា​។ នេះ​ជា​សំណូមពរ​មួយ​ដែល​ខ្ញុំ​ចង់​ថា ការដែល​យើង​អភិវឌ្ឍ​ប្រទេស​ក្នុងថ្ងៃនេះ ចំណូល​ក្នុងថ្ងៃនេះ​សូមឱ្យ​លោក​គិតគូ​ដល់​អ្វី ដែលជា​អនាគត​វែងឆ្ងាយ​របស់​ប្រ​ទេ​ស‍​»​។​
 
​ប៉ុន្តែ​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​កាន់អំណាច​យល់ថា គណៈកម្មការ​ទន្លេមេគង្គ​មានការ​សិក្សា​និង​ឯកភាពគ្នា ដើម្បី​ពិនិត្យមើល​ផលប្រយោជន៍​និង​ផលប៉ះពាល់ ដែល​អាច​នឹង​កើតមាន​ឡើងលើ​ប្រទេស​សមាជិក​។​
 
​លោក​បាន​បន្ថែម​ប្រាប់ VOA ថា​៖
 
«​យើង​សិក្សា​ទៅ​តាមបែប​វិទ្យាសាស្ត្រ​អីចឹង ដូច្នេះហើយ​គឺ​អ្វីៗ​ទាំងអស់​នឹងដាក់​ទៅលើ​ដើម្បី​ប្រយោជន៍​រួម​»​។​
 
​រីឯ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ចន្ទ​ចំអក​ដល់​ទំនប់​វា​រី​អគ្គិសនី​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ប្រទេស​អេក្វាទ័រ ថា​ពីរ​ឆ្នាំ​ក្រោយពី​ក្រុមហ៊ុន​សំណង់​រដ្ឋ​ចិន​បាន​សង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ គឺ​ទំនប់​នេះ​ដូចជា​គ្មាន​ដំណើរការ​សោះ​។​
 
​ស្ថានទូត​សហរដ្ឋអាមេរិក​បា​នប​ន្ថែ​ម​ថា​៖
 
«​សំណង់​គ្មាន​គុណភាព និង​ការមិន​គិតពី​ស្តង់ដា​សុវត្ថិភាព មានន័យថា កសិករ​នៅ​ផ្នែក​ខាងក្រោម​ត្រូវ​ទទួលរង​ការ​ជន់​លិច​ជា​ញឹក​ញា​ប‍់​»​។​
 
​គម្រោង​សាងសង់​នេះ​ធ្វើឡើង​ក្រោម​គោលនយោបាយ​ខ្សែក្រវាត់​ពាណិជ្ជកម្ម​រប​ស់​ចិន ដែលមាន​បញ្ហា​ទាក់ទង​នឹង​កង្វះ​តម្លាភាព និង​គណនេយ្យភាព​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ស្ថានទូត​។​
 
​ការបាក់​ទំនប់ សេ​ពៀន សេ​ណាំ​ណ​យ​ក៏បាន​ធ្វើឱ្យ​ប្រទេស​ឡាវ​សម្រេច​ធ្វើការ​ពិនិត្យឡើងវិញ​លើ​រាល់​ទំនប់​វា​រី​អគ្គិសនី ដែលមាន​ស្រាប់​និង​កំពុង​សាងសង់​ផងដែរ និង​ផ្អាក​ការពិចារណា​លើ​គម្រោង​វិនិយោគ​លើ​វា​រី​អគ្គិសនី​ថ្មីៗ​ទាំងអស់​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​ទន្លេមេគង្គ​៕

© រក្សាសិទ្ធិដោយ thmeythmey.com