កីឡាអន្តរជាតិ
អន្តរជាតិ
Sterling ឈ្នះ​ពាន​កីឡាករ​មាន​ជំហរ​ប្រឆាំង​ការរើសអើង និង​ចង់​ធ្វើជា​គំរូ​ដល់​កីឡាករ​ជំនាន់​ក្រោយ​
26, Apr 2019 , 11:57 am        
រូបភាព
Raheem Sterling និងគ្រូជម្រើសជាតិអង់គ្លេស Gareth Southgate នាពិធីប្រគល់ពាន
Raheem Sterling និងគ្រូជម្រើសជាតិអង់គ្លេស Gareth Southgate នាពិធីប្រគល់ពាន
Raheem Sterling ខ្សែប្រយុទ្ធ​ក្រុម Manchester City សង្ឃឹមថា​រូបគេ​នឹង​ធ្វើជា​គំរូ​សម្រាប់​កីឡាករ​វ័យក្មេង​ដទៃទៀត​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ដែលមាន​ជំហរ​ប្រឆាំង​ការរើសអើង​ពូជសាសន៍​ក្នុង​កីឡាបាល់ទាត់​ល្អ​ជាងគេ​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​រិះគន់​កាសែត​មួយចំនួន​ដែល​តែងតែ​សរសេរ​រៀបរាប់​ពី​ពណ៌​សម្បុរ​របស់​កីឡាករ និង​ចង់​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​បន្ថែម​សម្រាប់​អ្នកគាំទ្រ​ណា​ដែលមាន​ឥរិយាបទ​រំលោភបំពាន​បែប​ប្រកាន់ពូជសាសន៍​ទៅកាន់​កីឡាករ​។​
 
Sterling វ័យ​២៤​ឆ្នាំ ដែល​បានផ្តល់​កិត្តិយស​ទទួល​ពានរង្វាន់​ជំហរ​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​នៅឯ BT Sport Industry Awards នា​ថ្ងៃទី​២៥ ខែមេសា​នេះ​ថា​ខ្លួន​នឹង​ធ្វើជា​គំរូ​ដល់​ក្មេងជំនាន់ក្រោយ​សម្រាប់​ការរើសអើង​ពូជសាសន៍​ក្នុង​កីឡា​។​
 
«​កាល​ខ្ញុំ​លេង​នៅ Liverpool មាន​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​ដូចជា Steven Gerrard ខ្ញុំ​មើលទៅ​គាត់​គឺជា​កីឡាករ​ដែលមាន​ជំហរ​ប្រឆាំង​ការរើសអើង​ជាងគេ​បំផុត ហើយ​ខ្ញុំ​គិតថា​ខ្ញុំ​អាចធ្វើ​បាន​ត្រឹម​ពាក់កណ្តាល​គាត់​ក៏​អស្ចារ្យ​ដែរ​ក្នុងនាម​ជា​កីឡាករ​ម្នាក់​។ ខ្ញុំ​គ្រាន់តែ​និយាយ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​មិន​រំពឹងថា​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​មនុស្ស​នៅ​ជុំវិញ​ខ្ញុំ​នោះទេ​»​។​
 
​លោក Gareth Southgate គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​ដែលជា​អ្នកផ្តល់​ពានរង្វាន់​នេះ​និយាយថា​ទង្វើ​របស់ Sterling បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សង្គម​អង់គ្លេស​ដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដ៏​ធំធេង​មួយ​។​
 
«​ខ្ញុំ​បានធ្វើការ​ជាមួយ Sterling រយៈពេល​ប្រហែល​៥​ឆ្នាំ​មកហើយ​។ ខ្ញុំ​បានឃើញ​ភាពចាស់ទុំ​របស់គាត់ ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​គួរឱ្យ​ស្រឡាញ់​ណាស់​»​។ គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​វ័យ​៤៨​ឆ្នាំ​សរសើរ​ពី Sterling ដូច្នេះ​៕
 

Tag:
 ​បាល់ទាត់​
  Raheem Sterling
  រើសអើង​ពូជសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com