ជាតិ
នយោបាយជាតិ
ពេលមកខ្មែរ អ្នកស្រី អ៊ុងសាន ស៊ូជី នឹងទៅមើលអង្គរវត្ត អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា (រូបភាព Xinhua)
× ពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋនិងជាមេដឹកនាំមីយ៉ាន់ម៉ា នឹងឆ្លៀតទៅទស្សនាប្រាសាទនានា នៅខេត្តសៀមរាប។ ប៉ុន្តែ ការដើរមើលប្រាសាទទាំងនោះ គឺក្រោយអ្នកស្រី ចូលគាល់ព្រះមហាក្សត្ររួច និងបញ្ចប់ជំនួបជាមួយមេដឹកនាំកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ អ្នកស្រី អ៊ុងសាន ស៊ូជី នឹងចូលជួបសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
ចុងក្រោយ អ្នកស្រី នឹងជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបន្ទាប់មកអ្នកស្រី នឹងទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យនិងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ។
ក្រសួងការបរទេស បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា «ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ អ៊ុងសាន ស៊ូជី នៅកម្ពុជា នឹងពង្រឹងនិងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខណ្ឌអាស៊ាននិងពហុភាគី»។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com