កីឡាជាតិ
ជាតិ
ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់​ក្រុម​ជម្រើសជាតិ​៖ តេ​ក្វាន់​ដូ​មក​មិន​គ្រប់​ចំនួន ខណៈ​វាយ​កូនឃ្លី​លើ​តុ​ខ្វះ​ម្នាក់​
26, Apr 2019 , 8:19 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិ, រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
សកម្មភាពហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិ, រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
ដោយ:
​មន្ត្រី​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ត្រួតពិនិត្យ​ការហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់​ក្រុម​កីឡាករ​ជម្រើស​ឈុត​ធំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ លទ្ធផល​ចុះ​ត្រួតពិនិត្យ​លើ​៩​ប្រភេទ​កីឡា​គេ​សង្កេតឃើញ​មាន​កីឡា​ពីរ​ប្រភេទ​មាន​កីឡាករ​មក​ហ្វឹកហាត់​មិន​គ្រប់គ្រាន់ និង​អវត្តមាន​គ្រូបង្វឹក​។

 
​ក្រុម​កីឡាករ​ជម្រើសជាតិ​តាម​ប្រភេទ​កីឡា ដែល​ទទួលបាន​គោលការណ៍​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា បានចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់ខ្លួន​ហើយ​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ​។ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទទួលបន្ទុក​លើ​បញ្ហា​នេះ បាន​ចាត់​មន្ត្រី​ខ្លួន​ឲ្យ​ចុះទៅ​ត្រួតពិនិត្យ​ការហ្វឹកហាត់ និង​ស្រង់​វត្តមាន​កីឡាករ​និង​គ្រូបង្វឹក​សម្រាប់​ការប្រមូលផ្តុំ​ថ្ងៃ​ដំបូង​នេះ​ផងដែរ​។ 


 
​លទ្ធផល​ដែល​ទទួលបាន​ក្រោយ​ចុះ​ត្រួតពិនិត្យ​លើ​៩​ប្រភេទ​កីឡា​រួមមាន​ចំបាប់ យូ​ដូ កាយសម្ព័ន្ធ កីឡា​រាំ អត្តពលកម្ម​ជនពិការ ល្បុក្កតោ តេ​ក្វាន់​ដូ គុន​ដាវ និង​វាយ​កូនឃ្លី​លើ​តុ ដែល​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ គឺមាន​កីឡា​ពីរ​ប្រភេទ​មិន​គោរព​ពេលវេលា​ហ្វឹកហាត់​។ ក្នុងនោះ​កីឡា​តេ​ក្វាន់​ដូ​មាន​កីឡាករ​មក​ហ្វឹកហាត់​មិន​គ្រប់គ្រាន់ និង​អ​វត្ត​គ្រូបង្វឹក ខណៈ​កីឡាវាយកូនឃ្លីលើតុ​ខ្វះ​កីឡាករ​ម្នាក់​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ 
 
​តែ​យ៉ាងណា អគ្គនាយកដ្ឋាន​កីឡា​មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ នៃ​ការ​អវត្តមាន​របស់​កីឡាករ និង​គ្រូបង្វឹក​ខាងលើ​នោះទេ​។ ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ​មាន​រយៈពេល​៧​ខែ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៦ ខែមេសា ដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខណៈ​ក្រុម​កីឡាករ​ថ្នាល​ប្រមូលផ្តុំ​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ ការប្រមូល​ទាំងពីរ​ចែកចេញជា​៣​ដំណាក់កាល​ដូចគ្នា​៕ 
 

Tag:
 មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​
  អគ្គនាយកដ្ឋាន​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com