អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ ហាក់​ប្រយ័ត្នប្រយែង​នឹង​កម្ចី​ចិន​ព្រោះ​ខ្លាច​ធ្លាក់​ចូលក្នុង​«​អន្ទាក់​បំណុល​»?
26, Apr 2019 , 8:39 pm        
រូបភាព
រូបភាព៖ Bangkok Post
រូបភាព៖ Bangkok Post
ដោយ:
​ទាក់ទិន​នឹង​គម្រោង​ពង្រីក​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​ដ៏​វែង​មួយ រដ្ឋាភិបាល​ថៃ កន្លងទៅ ធ្លាប់បាន​ប្តេជ្ញា​ធ្វើការ​សាងសង់ ដោយ​ពឹង​ផ្អែកលើ​ជំនួយ​ក្នុងស្រុក ជាជាង​លុយ​កម្ចី​ពី​បរទេស​។ យ៉ាងណាមិញ ឆាប់ៗ​ខាងមុខនេះ ក្រុង​បាងកក អាច​ទទួលយក​ការផ្តល់​ឲ្យ​នូវ​កម្ចី​ការប្រាក់​ទាប​ពី​ធនាគារ​រដ្ឋ​ចិន​មួយ​ឈ្មោះថា Export-Import Bank of China (CEXIM) ។ នេះ​គឺជា​ធនាគារ​តែមួយ ដែល​ផ្តល់​កម្ចី​ឲ្យ​ស្រីលង្កា និង​ចុងក្រោយ​រឹបអូស​យក​កំពង់ផែ​យុទ្ធសាស្ត្រ​មកកាន់​កាប់​៩៩​ឆ្នាំ កាលពី​ឆ្នាំ​២០១៧ ក្រោយ​រដ្ឋាភិបាល​ក្រុង​កូឡុំបូ​គ្មាន​សមត្ថភាព​ដោះបំណុល​នោះ​។ ការណ៍​នេះ បង្ក​ឲ្យ​មានការ​លើកឡើង​ពី​ក្តីកង្វល់​ថា តើ​ប្រទេស​ថៃ​អាច​ធ្លាក់ចូល​អន្ទាក់​បំណុល​ឬ​យ៉ាងណា​?

 
​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ (MoC) រវាង​ចិន ឡាវ និង​ថៃ ត្រូវបាន​ចុះហត្ថលេខា​អំឡុងពេល​វេទិកា «​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ​» ដែល​នឹង​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី ២៥ ដល់ ២៧ ខែមេសា នា​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ។ កិច្ចព្រមព្រៀង​នេះ មាន​គោលដៅ​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​គម្រោង​ផ្លូវដែក​ដែល​ហ៊ុមព័ទ្ធ​តំបន់​អាស៊ី និង​ស្ថិតក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យក្ស «​គំនិត​ផ្តួ​ត​ផ្តើម​ខ្សែក្រវាត់ និង​វិថី​»  ដែល​ដឹកនាំ​ដោយ​ចិន​។  សម្រាប់​គម្រោង​ផ្លូវដែក​នេះ វា​នឹង​ត​ភ្ជាប់​ប្រទេស​ចិន​ទៅកាន់​ទីផ្សារ​របស់​ប្រទេស​ថៃ និង​ឡាវ តាម​ទីក្រុង គន់​មិញ (Kunming) ក្នុង​ខេត្ត​យូ​ណាន ភាគ​និរតី​នៃ​ប្រទេស​ចិន​។ 
 
 
​កាលពី​ថ្មីៗ​កន្លងទៅនេះ ថៃ បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ដំណាក់កាល​ទីមួយ​នៃ​ផ្លូវដែក​ល្បឿន​លឿន​របស់ខ្លួន​ដែល​ត​ភ្ជាប់​តំបន់​ភាគ​ឦសាន​របស់ខ្លួន​ទៅកាន់​ទីក្រុង​គន់​មិញ ប្រទេស​ចិន ដោយ​កាត់​តាម​ប្រទេស​ឡាវ​។ គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​ក្នុងប្រទេស​ថៃ និង​ឡាវ​នេះ ត្រូវ​មើលឃើញថា ជា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​ឲ្យ​ចិន​នាំចេញ​ទំនិញ​ខ្លួន​ទៅកាន់​តំបន់​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ និង​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) ។ 
 
​យ៉ាងណាមិញ ខណៈ​ការចរចា និង​ការសាងសង់​កំពុងដំណើរការ កង្វល់​ជាច្រើន ត្រូវ​បានលើកឡើង​ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងពីរ​នេះ ក្នុងការ​ទាញយក​ផលប្រយោជន៍​យ​ពេញលេញ​ពី​សក្តានុពល​សេដ្ឋកិច្ច ដែល​បាន​សន្យា​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។ មួយវិញទៀត គឺ​ទាក់ទិន​នឹង​សមត្ថភាព​ក្នុងការ​គេចផុត​ពី​គោលនយោបាយ​ដែល​អ្នកជំនាញ​ខ្លះ​ចាត់ទុកថា​ជា «​អន្ទាក់​បំណុល​» ក្នុង​គម្រោង​គំនិត​ផ្តួ​ត​ផ្តើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន ។  
 
​កាលពី​ខែ មករា ឆ្នាំ​២០១៩​កន្លងទៅ រដ្ឋាភិបាល​ថៃ ធ្លាប់បាន​បង្ហើប​ព័ត៌មាន​ថា ធនាគារ​រដ្ឋ​ចិន CEXIM បាន​សន្យា​ផ្តល់​អត្រា​ការប្រាក់ ២,៣​ភាគរយ​សម្រាប់​កម្ចី ដែល​ប្រសើរ​ជាង​កម្ចី​ជា​មធ្យម​ចំនួន ២,៨​ភាគរយ​ដែល​ផ្តល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ស្រុកថៃ​ទៅទៀត​។ មកទល់នឹង​ពេលនេះ ពុំទាន់​មាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ធនាគារ​ចិន ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នោះឡើយ​។ ទោះបីជា​បែបនេះ​ក្តី ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកថៃ ធ្លាប់បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ថៃ កំពុងធ្វើការ​លើ​កម្ចីរ​បស់​ចិន​នេះ ប៉ុន្តែ​ពុំទាន់​បញ្ចេញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទៅកាន់​ប្រជាជន​ថៃ​ឡើយ​។​
 
​តើ​ដំណើរការ​នៃ​សាងសង់​ផ្លូវដែក​នេះ​វិ​វត្ត​ដល់​ណា​ហើយ​? 
 
​បច្ចុប្បន្ននេះ ប្រទេស​ថៃ កំពុង​សាងសង់​ផ្លូវ​ប្រវែង ៦០៧​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​រាជធានី បាងកក ទៅកាន់​ខេត្ត​ណង​ខៃ (Nong Khai)  ភាគ​ឦសាន​នៃ​ប្រទេស​ថៃ និង​ស្ថិត​តាម​បណ្តោយ​ទន្លេមេគង្គ​។ ដំណាក់កាល​ទីមួយ​នៃ​ការសាងសង់​ផ្លូវ​នេះ ដែល​ចាប់ពី​ទីក្រុង​បាងកក​ទៅ​ខេត្ត​នគររាជ​សីមា​។ លាតសន្ធឹង​ចម្ងាយ​ប្រមាណ​២៥២​គីឡូម៉ែត្រ ការសាងសង់​ផ្លូវ​ដ៏​វែង​នេះ ត្រូវការ​ទុនវិនិយោគ​ដល់​ទៅ​ជាង ១៧៩ ពាន់​លាន​បាត ឬ​ស្មើនឹង ៥,៥៩​ពាន់​លាន​ដុល្លារ​។​
 
​យោងតាម​របាយការណ៍​ពី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ ៨០ ភាគរយ​នៃ​កម្ចី​ទាំងនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ទម្រង់​ជា​លុយ​បាត ខណៈ​ចិន​គ្រាន់តែ​ផ្តល់​ការហ្វឹកហាត់​ផ្នែក​បច្ចេកទេស​សម្រាប់​បុគ្គលិក ដែល​នឹង​បើក​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្លូវដែក​ល្បឿន​លឿន​នេះ​ប៉ុណ្ណោះ​។ ការសាងសង់​សម្រាប់​ដំណាក់កាល​នេះ សម្រេច​រួចរាល់​ប្រមាណ​៥០​ភាគរយ​ហើយ​។ ផ្លូវដែក​នេះ បានចាប់ផ្តើម​កាលពី​ចុងឆ្នាំ​២០១៧ ពោលគឺ​ក្រោយពេល​រដ្ឋាភិបាល​ថៃ តស៊ូ​ប្រឆាំងនឹង​ការដាក់​សម្ពាធ​យ៉ាងខ្លាំង​ពី​ចិន ពាក់ព័ន្ធ​នឹង​ការផ្តល់​ហិរញ្ញវត្ថុ​បន្ថែម និង​ចូល​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ និង​ពាណិជ្ជកម្ម​ក្នុង​គម្រោង​នេះ​។ 
 
​ដំណាក់កាល​ទី​ពីរ​នៃ​ផ្លូវដែក​នេះ ដែល​ប៉ាន់​ស្មានថា​នឹង​ចំណាយ​អស់ ២១១ ពាន់​លាន​បាត ឬ​ស្មើនឹង ៦,៥៩ ពាន់​លាន​ដុល្លារ មាន​ប្រវែង ៣៥៥​គីឡូម៉ែត្រ​។ លាតសន្ធឹង​ពី​ខេត្ត​នគររាជ​សីមា ទៅកាន់ ខេត្ត​ណង​ខៃ ផ្លូវ​នេះ រំពឹង​នឹងត្រូវ​ផ្គត់ផ្គង់​លុយ​ប្រមាណ ៨៥​ភាគរយ​ពី​កម្ចី​អន្តរជាតិ និង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់ នា​ឆ្នាំ​២០២៣​។ វា​នឹង​បូកសរុប​ខ្ទង់ចំណាយ​លើផ្លូវ​ដែក​ល្បឿន​លឿន​របស់​ថៃ ដល់​ចំនួន ៣៩០​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង ១២,១៨​ពាន់​លាន​ដុល្លារ​។ 
 
​ចំណែក ក្នុងប្រទេស​ឡាវ ផ្លូវដែក​ប្រវែង​៤០៩​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​រដ្ឋធានី​វៀងចន្ទន៍​ទៅកាន់​ទីក្រុង គន់​មិញ ផ្តល់​លុយ​ដោយ​ចិន​នោះ បាន​បើក​ការដ្ឋាន​សាងសង់​មុន​ប្រទេស​ថៃ​មួយឆ្នាំ ហើយ​រំពឹង​នឹងដាក់​ដំណើរការ​នា​ឆ្នាំ​២០២២​។  មក​ត្រឹម​ពេលនេះ ផ្លូវដែក​នេះ ត្រូវបាន​រាយការណ៍​ថា បានធ្វើ​រួចរាល់​ប្រមាណ​៥០​ភាគរយ​ហើយ​។ 
 
​តើ​មានការ​ប្រតិកម្ម​បែបណាខ្លះ​ទៅលើ​គម្រោង​ផ្លូវដែក​នេះ​?
 
​ការតស៊ូ​មតិ​ជុំវិញ​ការសាងសង់​ផ្លូវដែក​ល្បឿន​លឿន​ក្នុងប្រទេស​ថៃ ត្រូវ​បែង​ចែកជា​ពីរ​។ ទីមួយ​គឺ​ទាក់​ទិ​នឹង​សមត្ថភាព​របស់​ថៃ​ក្នុងការ​ចាត់ចែង​បរិមាណ​ដ៏​ច្រើន​សម្បើម​នៃ​បំណុល​សាធារណៈ ដែល​កើតឡើង​ដោយ​កម្ចី​ពី​ប្រភព​អន្តរជាតិ​នានា​។ ទី​ពីរ​គឺពាក់ព័ន្ធ​នឹង​ផលចំណេញ​ដែល​អាច​ទាញ​បាន​ពី​ផ្លូវដែក​នេះ កាលណា​វា​ដាក់​ឲ្យ​ដំណើរការ​នោះ​។ 
 
​មែនទែនទៅ ក្រុង​បាងកក មានបំណង​ប្រើប្រាស់​ផ្លូវដែក​នេះ​ដើម្បី​ប្រែក្លាយ​ប្រទេស​ថៃ ដែល​ស្ថិត​ចំ​កណ្តាល​មហា​អនុតំបន់​ទន្លេមេគង្គ ទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​មួយ និង​ច្រកទ្វារ​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ប្រទេស​ចិន​។ លើសពីនេះ ថៃ ក៏​សង្ឃឹម​នឹង​សម្រេច​ទស្សនវិស័យ «​ផ្លូវ​សូត្រ​សមុទ្រ​» របស់​ក្រុង​ប៉េកាំង ដោយ​បង្កើន​ការតភ្ជាប់​ជាមួយ​កំពង់ផែ​ទឹក​ជ្រៅ Laem Chabang ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) របស់ខ្លួន​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​ហុងកុង South China Morning Post អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn ថៃ លោក Siwat Luangsomboon បញ្ជាក់​ឲ្យ​ដឹងថា ការធានា​អះអាង​ផលចំណេញ​ពី​ផ្លូវដែក​នេះ អាច​នឹង​ជួបប្រទះ​បញ្ហា​ប្រឈម ដ្បិត​ប្រទេស​នេះ មាន​ទឹកដី​តូច ហើយ​ផ្លូវ​នេះ ប្រហែលជា​មិន​រត់​ឆ្លងកាត់​តំបន់ ដែលមាន​មូលដ្ឋាន​ផលិតកម្ម ឬ​ទីកន្លែង​ដែលមាន​ប្រជាជន​ច្រើន​ជាដើម​។ 
 
​យ៉ាងណាមិញ លោក Siwat លើកឡើង​ទៀតថា វា​ក៏មាន​កាលានុវត្តភាព​ដោយ​ប្រយោល​ផ្សេងទៀត​ផងដែរ​ឲ្យ​ប្រទេស​ថៃ រួ​មានការ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន អាជីវកម្ម សំណង់ អចលនទ្រព្យ នគររូបនីយកម្ម និង​ការងារ​ជាដើម​។ លោក សង្កត់ធ្ងន់ថា ថៃ​ពុំ​អាច​បោះបង់​ឱកាស​ចូលរួម​ក្នុង​គម្រោង​គំនិត​ផ្តួ​ត​ផ្តើម​ខ្សែក្រវាត់ និង​វិថី​នេះឡើយ​។​
 
​សូមបញ្ជាក់ថា ប្រធាន​ធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​បង្កើត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​ក្នុង​ឆ្នាំ​២០១៣ ក្នុង​គោលដៅ​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​ស្ថិតក្នុង​តំបន់ អឺរ៉ុប អាស៊ី និង​អាហ្វ្រិក តាមរយៈ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។ មកទល់នឹង​ពេលនេះ ប្រទេស​ចំនួន ១២៤ និង​អង្គការ​អន្តរជាតិ ២៩ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​គំនិត​ផ្តួចផ្តើម​នេះ​ជាមួយ​ចិន​៕
 

Tag:
 ថៃ​
  ចិន​
  កម្ចី​
  អន្ទាក់​បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com