កីឡាជាតិ
ជាតិ
ក្រោយ​ជា​ពីរ​បួស សារី ម៉ាត់​ណូ​រ៉ូ​ទីន ប្តេជ្ញា​ប្រឹងប្រែង​ទ្វេដង ដើម្បី​ជួយ​វិសាខា​
26, Apr 2019 , 4:40 pm        
រូបភាព
កីឡាករ សារី ម៉ាត់ណូរ៉ូទីន បាល់ទាត់ក្នុងជំនួបរវាងក្រុមវិសាខាជាមួយអគ្គិសនីកម្ពុជា
កីឡាករ សារី ម៉ាត់ណូរ៉ូទីន បាល់ទាត់ក្នុងជំនួបរវាងក្រុមវិសាខាជាមួយអគ្គិសនីកម្ពុជា
ដោយ:
​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន ត្រូវបាន​គ្រូបង្វឹក​ផ្តល់ឱកាស​ឲ្យ​បង្ហាញខ្លួន​លើ​ទីលាន​សាជាថ្មី បន្ទាប់ពី​សម្រាក​ព្យាបាល​របួស​ពី​ការវះកាត់​អស់​រយៈពេល​ជាច្រើន​ខែ​។ ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ជាមួយ​ឱកាស ម៉ាត់​ណូ​រ៉ូ​ទីន ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ឲ្យ​កាន់តែខ្លាំង​ទ្វេដង​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ដើម្បី​រួមចំណែក​ជួយ​ក្រុម​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​។​

 
​ខ្សែប្រយុទ្ធ សារី ម៉ាត់​ណូ​រ៉ូ​ទីន ដែល​អវត្តមាន​លើ​ទីលាន​ប្រកួត​អស់​រយៈពេល​ជាច្រើន​ខែ​ដោយសារ​របួស បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​។ ក្រោយ​រូបគេ​បានបង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​សាជាថ្មី និង​បានរួម​ចំណែក​ក្នុង​ជ័យជម្នះ ៤-០ របស់​ក្រុម​វិសាខា​លើ​អគ្គិសនី​កម្ពុជា​កាលពីពេល​ថ្មីៗ​។ អតីត​កីឡាករ​របស់​ណាហ្គា​វើ​ល​រូបនេះ បានចាត់ទុក​ការផ្តល់​ឱកាស​របស់​គ្រូបង្វឹក ជាការ​បន្ស៊ាំ​ខ្លួន​មួយ​ដ៏​ល្អ មុន​ឈានទៅ​បង្ហាញខ្លួន​នៅ​ជំនួប​បន្ទាប់​។​
 
​ម៉ាត់​ណូ​រ៉ូ​ទីន បាន​រំលឹក​ពី​ភាពឈឺចាប់ និង​អារម្មណ៍​សោកស្តាយ​ពេល​ខ្លួន​រងរបួស​ដាច់​សរសៃ​ពួរ​ជើង​រហូត​ឈានដល់​ការវះកាត់​។ គេ​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ដែល​មិនបាន​ជួយ​ក្រុម​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​របួស​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ​។ ជាការ​តបស្នង ណូ​រ៉ូ​ទីន ប្តេជ្ញា​ថា គេ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែខ្លាំង​ទ្វេដង ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការជួយ​ក្រុម​សម្រេច​លទ្ធផល​ល្អៗ សម្រាប់​ជំនួប​នៅសល់​របស់​ក្រុម​។    
 
​ទោះបី​ខកខាន​ក្នុងការ​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជាច្រើន​ខែ​ក៏ដោយ តែ​កីឡាករ​រូបនេះ​ជឿជាក់ថា រូបគេ​នឹង​អាច​លេង​ស៊ីសង្វាក់​គ្នា​បានល្អ​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ជំនួប​ក្រោយៗ​របស់​វិសាខា​។ «​ក្នុងអំឡុងពេល​របួស ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​មែនទែន ព្រោះ​របួស​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដែរ​សម្រាប់​ខ្ញុំ​។ ប៉ុន្តែ​សម្រាប់​ការ​ត្រឡប់​មកកាន់​ទីលាន​សាជាថ្មី​នេះ ខ្ញុំ​ប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែខ្លាំង​ទ្វេដង ដើម្បី​ជួយ​ក្រុម និង​សម្រេច​ទី​យក​លទ្ធផល​ល្អៗ​ជូន​ក្រុម​»​។ ការឡើង​ឡើង​បែបនេះ​របស់ សារី ម៉ាត់​ណូ​រ៉ូ​ទីន ធ្វើឡើង​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​វិសាខា​យកឈ្នះ​អគ្គិសនី​កម្ពុជា ៤-០​។​
 
​លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​វិសាខា​បានចាត់ទុក​ការ​ត្រឡប់​មកកាន់​ទីលាន​ប្រកួត​របស់ សារី ម៉ាត់​ណូ​រ៉ូ​ទីន វា​ផល​ល្អ​សម្រាប់​វិសាខា ដោយសារ​រូបគេ​ជា​ខ្សែប្រយុទ្ធ ដែល​ពោរពេញ​ដោយ​បទពិសោធ និង​គុណភាព​។ លោក​រំពឹងថា ទាំង ម៉ាត់​ណូ​រ៉ូ​ទីន និង​ខ្សែប្រយុទ្ធ កែវ សុខ​ផេង នឹង​អាចជួយ​ក្រុម​វិសាខា​ពេល​ប៉ះ​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​។ ក្រុម​វិសាខា​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប ដើម្បី​ប្រជែង​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ សម្រាប់​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃអាទិត្យ​ទី​២៨ ខែមេសា​។  
 
​អតីត​សមាជិក​របស់​ណាហ្គា​វើ​ល​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន រួមជាមួយ​ខ្សែការពារ ឆេង ម៉េង បាន​ផ្ទេរ​ពី​ណាហ្គា​វើ​ល​ទៅកាន់​ក្លិប​វិសាខា​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ម៉ាត់​ណូ​រ៉ូ​ទីន បាន​រងរបួស​ដាច់​ស​រ​សៃ​ពួរ​ជើង​ក្នុងអំឡុងពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​កាលពី​ចុងឆ្នាំ​២០១៨ ក្រោយ​ការត្រួតពិនិត្យ​របស់​គ្រូពេទ្យ រូបគេ​បានសម្រេច​ទៅ​វះកាត់​របួស​នៅ​ប្រទេស​វៀតណាម​៕   

Tag:
 បាល់ទាត់​
  សារី ម៉ាត់​ណូ​រ៉ូ​ទីន​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com