ខណៈថ្លែងការពារគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់មួយវិថីមួយ (BRI) ប្រឆាំងនឹងពាក្យទិតៀន ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ក៏ទទួលស្គាល់ដែរថា គម្រោងនេះត្រូវមានតម្លាភាព និងមាននិរន្តភាពហិរញវត្ថុផងដែរ។ វិធានការមួយចំនួនត្រូវបានមេដឹកនាំចិនរូបនេះប្រកាសឡើងដើម្បីសម្អាត និងលើកមុខមាត់គម្រោងរបស់ខ្លួននៅវេទិកាប្រមូលផ្តុំមេដឹកនាំសមាជិកជំនួបកំពូលខ្សែក្រវាត់មួយវិថីមួយលើកទី ២នៅក្រុងប៉េកាំងនេះដែរ។
ថ្លែងបើកវេទិកាលើកទីពីរនៅចំពោះមុខអ្នកចូលរួមប្រហែល ៥០០០នាក់ក្នុងនោះមានមេដឹកនាំប្រមុខរដ្ឋ និងរដ្ឋាភិបាលយ៉ាងតិច ៣៧ រួមជាមួយតំណាងអង្គការអន្តរជាតិ និងតំណាងជាន់ខ្ពស់ប្រទេសនានាជាង ១០០ទូទាំងពិភពលោក លោក ស៊ី ជិនភីងបន្តការពារគម្រោងខ្សែក្រវាត់ និងវិថីរបស់ចិនជាថ្មី។
មេដឹកនាំដែលមានឥទ្ធិពលផុតលេខរបស់ចិននេះក៏បានសន្យាថា នឹងព្យាយាមធ្វើយ៉ាងណាជំរុញការកែប្រែរូបភាពនៃគម្រោងរបស់ខ្លួន ដើម្បីឆ្លើយតបនឹងរាល់កង្វល់ និងក្តីបារម្ភទាំងឡាយជុំវិញគំនិតផ្តួចផ្តើមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏មហិមារនេះផងដែរ។
អ្វីដែលសំខាន់ លោក ស៊ី បានសង្កត់ធ្ងន់ថា គម្រោងខ្សែក្រវាត់និងវិថីនេះមិនមែនជាគម្រោងផ្តាច់មុខរបស់ចិនទេ ហើយលោកទទួលស្គាល់ដែរថា វាក៏ចាំបាច់ត្រូវមានតម្លាភាព ហើយក៏ត្រូវមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុដែរ។ បើតាមទូរទស្សន៍រដ្ឋចិន CGTN លោក ស៊ី និយាយថា វានឹងគ្មានការយោគយល់ឡើយចំពោះអំពើពុករលួយ និងអំពាវនាវឲ្យមានការអនុវត្តស្តង់ដារអន្តរជាតិសម្រាប់ការដេញថ្លៃសាធារណៈ និងដំណើរការវាយតម្លៃគម្រោងនានាពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងវិថីដែរ។
ការសន្យារបស់លោក ស៊ី នៅចំពោះមុខមេដឹកនាំដែលចូលរួមក្នុងគម្រោងខ្សែក្រវាត់ និងវិថី កើតឡើងស្របពេលដែលគម្រោងរបស់ចិននេះបានក្លាយជាប្រធានបទក្តៅសម្រាប់ការពិភាគ្សា ដោយមានការចោទប្រកាន់ដែរថា គម្រោងនេះជាអន្ទាក់បំណុលសម្រាប់ប្រទេសដែលពាក់ព័ន្ធ។ អ្នកជំនាញបានបង្ហាញក្តីបារម្ភដែរថា គម្រោងនេះខ្វះខាតតម្លាភាពទាក់ទិននឹងគម្រោងអភិវឌ្ឍ, លទ្ធកម្មដីធ្លី និង ការអនុវត្តបំណុលជាដើម។
ក្នុងវេទិកាដដែល ក្រៅពីនិយាយរឿងតម្លាភាព លោក ស៊ី បានបញ្ជាក់ជាថ្មីថា ចិននឹងកែទម្រង់ និងបន្តដោះស្រាយបញ្ហាដែលកើតមានក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសខាងក្រៅ ដើម្បីធានាការប្រកួតប្រជែងស្មើភាព និងផលប្រយោជន៍រួមនៃពាណិជ្ជកម្មទ្វេភាគីផងដែរ។ ក្នុងនោះ លោកស៊ី ប្តេជ្ញាអនុវត្តច្បាប់វិនិយោគឲ្យបានតឹងរ៉ឹង លុបចោលគម្រោងឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនចិន និងធានាចរចា និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្តងដារខ្ពស់ជាមួយប្រទេសដទៃផងដែរ។
«យើងត្រូវមានកិច្ចសហប្រតិបត្តិការដែលមានស្តង់ដាខ្ពស់។ យើងនឹងជ្រើសរើសយកបទបញ្ញត្តិនិងស្តងដាដែលត្រូវបានទទួលស្គាល់ជារួមដើម្បីអនុវត្ត និងជំរុញឲ្យក្រុមហ៊ុនដែលចូលរួមអនុវត្តតាមច្បាប់និងបទបញ្ញត្តិអន្តរជាតិក្នុងការអភិវឌ្ឍផលិតផល ប្រតិបត្តិការលទ្ធកម្ម ដេញថ្លៃ និងវាយតម្លៃគម្រោងជាដើម» លោក ស៊ី អះអាងដូច្នេះ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ (BRI) ឬអាចហៅបានថា វិថីសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និង គំនិតផ្តួចផ្តើមផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ (The Silk Road Economic Belt and the 21st Century Maritime Road Initiative) ត្រូវបានដាក់ចេញនៅក្នុងឆ្នាំ ២០១៣ ដោយប្រមុខរដ្ឋចិនលោក ស៊ី ជិនភីង ។ គំនិតផ្តួចផ្តើមនេះមានគោលដៅធ្វើយ៉ាងណាកសាងចំណងសេដ្ឋកិច្ច និងសហប្រតិបត្តិការតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់ពីអាស៊ីទៅអឺរ៉ុប ឆ្លងទៅដល់អាហ្វ្រិកដោយវាផ្អែកលើផ្លូវពាណិជ្ជកម្មសម័យបុរាណ៕