ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
រដ្ឋ​រក​ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​នៅ​ភ្នំពេញ​ចំនួន ៩៧​លាន​នៅ​ឆ្នាំ​២០១៨
26, Apr 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រមូល​ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៨​កន្លងមក សម្រេចបាន​ចំនួន ៩៧ លាន​ដុល្លារ​។ ដោយឡែក​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩​នេះ ការប្រមូល​ពន្ធ​នេះ​ទទួលបាន ២៤ លាន​ដុល្លារ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៃ​លទ្ធ​កិច្ចប្រជុំ​ស្ដីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា ពន្ធ​លើ​អ​លន​ទ្រព្យ នៅ​ថ្ងៃទី​២៤​ខែមេសា​។​

 
​លោក កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ដឹកនាំ​កិច្ចប្រជុំ​ខាងលើនេះ បាន​ឲ្យ​ដឹងថា នៅ​រាជធានី​ភ្នំពេញ​សម្រាប់​២០១៨ ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​មាន​ចំនួន​ប្រមាន ៣៨៨​ពាន់​លាន​រៀល ឬ​ប្រមាណ ៩៧​លាន​ដុល្លារ លើ​ចំនួន​អចលនទ្រព្យ ៥៥៦០០ មូលដ្ឋាន ដែល​ស្មើនឹង ១៣៤​នៃ​ផែនការ​ប្រចាំឆ្នាំ​។ ដោយឡែក​សម្រាប់​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ ចំណូល​មាន​ទំហំ ២៤​លាន​ដុល្លារ​លើ​ចំនួន​អចលនទ្រព្យ ២០៥០០ មូលដ្ឋាន​។ នេះ​ជា​ចំណូល​ថ្នាក់ក្រោម​ជាតិ សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​។​
 
​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បានធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​នូវ​ឧបសម្ព័ន្ធ​អំពី​ការបែងចែក​ភូមិសាស្ត្រ និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​ធ្វើជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដែល​បាន​អនុវត្ត​ជិត​១០​ឆ្នាំ​កន្លងមកហើយ ដើម្បី​ឲ្យ​ស្រប​នឹង​ការរីកចម្រើន​វិស័យ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ​បញ្ជាក់ថា អត្រាពន្ធ​ប្រថាប់​នៅតែ​រក្សា​ដដែល ៤​ភាគរយ​៕

Tag:
 ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​អចលន​
© រក្សាសិទ្ធិដោយ thmeythmey.com