ជាតិ
សង្គមជាតិ
ថៃ បាញ់បុរសខ្មែរម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ពេលចូលទៅកាប់ឈើនៅថៃ
× មានការផ្ទុះអាវុធដោយកងកម្លាំងថៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដែលបណ្ដាលឲ្យបុរសខ្មែរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅពេលអ្នកទាំងពីរ លួចឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើក្រញូង។ នេះជាការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
បុរសដែលបាត់បង់ជីវិត ឈ្មោះ ម៉ៅ មុំ អាយុ២៦ឆ្នាំ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបុរសដែលរងរបួស ឈ្មោះ អាត វិត អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។
អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា បុរសដែលរងបួរស ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនទៅសង្គ្រោះ ចំណែកសាកសពបុរសនោះ កំពុងស្ថិតក្នុងប្រទេសថៃនៅឡើយទេ តែសមត្ថកិច្ចកម្ពុជានិងថៃ កំពុងសហការគ្នាលើបញ្ហានេះ។
បើតាមអគ្គស្នងការនគរបាលជាតិ ប្រជាពលរដ្ឋ អះអាងថា ករណីកងកម្លាំងប្រដាប់ដោយអាវុធថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរនេះ ពុំមែនទើបតែកើតមាននោះទេ សម្រាប់ក្នុងឃុំថ្មដា គឺតែងតែកើតមានជាហូរហែនាពេលកន្លងមក ដោយសារតែចលនាមេឈ្មួញរកឈើក្រញូងបំផុសបំផុលដល់ពលរដ្ឋ ឲ្យរួមចំណែកឃុបឃិតស៊ីសង្វាក់គ្នាពីសំណាក់សមត្តកិច្ចព្រំដែន។
អគ្គស្នងការនគរបាលជាតិ សរសេរបែបនេះថា «ប្រជាពលរដ្ឋ ស្នើទៅក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ បើកការស៊ើបអង្កេតស៊ីជម្រៅទៅលើមន្ត្រីកងកម្លាំងការពារព្រំដែនឲ្យបានល្អិតល្អន់ ទើបប្រជាពលរដ្ឋ អាចកាត់បន្ថយការរងគ្រោះដោយសារក្រុមឈ្មួញខិលខូចនេះបាន»៕
Tag:
កម្ពុជា-ថៃ
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com