ជាតិ
សង្គមជាតិ
ថៃ បាញ់​បុរស​ខ្មែរ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់ ពេល​ចូលទៅ​កាប់​ឈើ​នៅ​ថៃ​
26, Apr 2019 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
​មានការ​ផ្ទុះអាវុធ​ដោយ​កងកម្លាំង​ថៃ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ ដែល​បណ្ដាល​ឲ្យ​បុរស​ខ្មែរ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅពេល​អ្នក​ទាំងពីរ លួច​ឆ្លងដែន​ចូល​ទឹកដី​ថៃ ដើម្បី​កាប់​ឈើ​ក្រញូង​។ នេះ​ជាការ​ចុះផ្សាយ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។​


 
​បុរស​ដែល​បាត់បង់​ជីវិត ឈ្មោះ ម៉ៅ មុំ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយ​បុរស​ដែល​រងរបួស ឈ្មោះ អាត វិត អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ 
​អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់ថា បុរស​ដែល​រង​បួ​រស ត្រូវបាន​សមត្ថកិច្ច​ថៃ បញ្ជូនទៅ​សង្គ្រោះ ចំណែក​សាកសព​បុរស​នោះ កំពុងស្ថិត​ក្នុងប្រទេស​ថៃ​នៅឡើយ​ទេ តែ​សមត្ថកិច្ច​កម្ពុជា​និង​ថៃ កំពុង​សហការគ្នា​លើ​បញ្ហា​នេះ​។​
 
​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ប្រជាពលរដ្ឋ អះអាងថា ករណី​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ថៃ បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ ពុំមែន​ទើបតែ​កើតមាន​នោះទេ សម្រាប់​ក្នុង​ឃុំ​ថ្មដា គឺ​តែងតែ​កើតមាន​ជា​ហូរហែ​នាពេល​កន្លងមក ដោយសារតែ​ចលនា​មេ​ឈ្មួញ​រក​ឈើ​ក្រញូង​បំផុសបំផុល​ដល់​ពលរ​ដ្ឋ ឲ្យ​រួមចំណែក​ឃុបឃិត​ស៊ីសង្វាក់​គ្នា​ពី​សំណាក់​សម​ត្ត​កិច្ច​ព្រំដែន​។ 
 
​អគ្គស្នងការ​នគរបាល​ជាតិ សរសេរ​បែបនេះ​ថា «​ប្រជាពលរដ្ឋ ស្នើ​ទៅ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ បើក​ការស៊ើបអង្កេត​ស៊ីជម្រៅ​ទៅលើ​មន្ត្រី​កងកម្លាំង​ការពារ​ព្រំដែន​ឲ្យ​បាន​ល្អិតល្អន់ ទើប​ប្រជាពលរដ្ឋ អាច​កាត់បន្ថយ​ការរង​គ្រោះ​ដោយសារ​ក្រុម​ឈ្មួញ​ខិលខូច​នេះ​បាន​»៕

Tag:
 កម្ពុជា​-​ថៃ​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com