ONE Championship
កីឡាជាតិ
ជាតិ
អនុប្រធានសហព័ន្ធ MMA បង្ហាញការគាំទ្រ ចាន់ រតនា និង នៅ ស្រីពៅ មុនប្រកួតនៅសង្វៀន ONE
×
អត្ថបទ៖ ស៊ីធី
លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាដែលត្រូវបានតែងតាំងនាចុងឆ្នាំ ២០១៨ បានបង្ហាញអំពីមោទកភាពចំពោះ ចាន់ រតនា និង នៅ ស្រីពៅ មុនចេញទៅប្រកួតនៅសង្វៀនកម្រិតពិភពលោក ONE Championship ដោយរំពឹងថាអ្នកទាំងពីរនឹងធ្វើបានល្អសម្រាប់កម្ពុជា។
ចាន់ រតនា ត្រូវតទល់ជាមួយកីឡាករម្ចាស់ផ្ទះ Rudy Agustian ដែលនឹងធ្វើឲ្យអ្នកគាំទ្រកម្ពុជា អន្ទះសាចង់ទស្សនា ខណៈដែល កីឡាការិនី នៅ ស្រីពៅ ប៉ះ កីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ដូចគ្នា នៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ឧសភា នៅឥណ្ឌូណេស៊ី។
លោកបង្ហាញចំណាប់អារម្មណ៍អមដោយមោទកភាពក្នុងនាមជាកីឡាករនៅក្រោមដំបូងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបែបនេះ៖« ទាំង ចាន់ រតនា និង នៅ ស្រីពៅ ជាកីឡាករជួរមុខនៅកម្ពុជា ហើយវាជាការប្រកួតប្រជែងមួយដ៏អស្ចារ្យដើម្បីស្វែងរកជ័យជម្នះសម្រាប់មាតុភូមិ និង អ្នកគាំទ្រ បន្ទាប់ពីពួកគេខិតខំហ្វឹកហាត់ខ្លាំងក្លា។ និយាយដោយស្មោះត្រង់ទៅ រតនា និង ស្រីពៅ ជាកីឡាករជើងឯករបស់យើង ហើយខ្ញុំសង្ឃឹមថាជនរួមជាតិ នឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកគេ។ ខ្ញុំជឿថា ពួកគេបង្ហាញមោទនភាពជាតិតាមរយៈលទ្ធផល និង ឡើងកម្រិតនៃការប្រកួតក្នុងពេលឆាប់ៗខាងមុខ»។
បន្ទាប់ពីបញ្ចេញទស្សនៈលើការប្រកួត បុរសដែលកើតនៅក្រុង Lyon ប្រទេសបារាំងរូបនេះបន្តទៀតថា ទោះ ចាន់ រតនា វ័យរាងជ្រេបន្តិច ប៉ុន្តែលោកជឿជាក់ថាម្ចាស់ក្លិបប្រដាល់ «សិល្បៈ» នឹងបន្តអាជីពវាយ MMA ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសាររូបគេនៅចង់ប្រកួតប្រជែងជានិច្ច និង ហ្វឹកហាត់បានត្រឹមត្រូវ។
លោកអនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាដដែលបញ្ជាក់ថា រតនា ជាកីឡាករមានទេពកោសល្យ ដ្បិតអាយុកាន់តែច្រើន ប៉ុន្តែ សហព័ន្ធកំពុងខំប្រឹងប្រែងអភិវឌ្ឍក្នុងគោលដៅបណ្ដុះបណ្ដាលឲ្យបានអ្នកលេងគុនចម្រុះជំនាន់ថ្មី ហើយ រតនា ជាគំរូល្អមួយរូប។ បច្ចុប្បន្ននេះ មានកីឡាករវ័យក្មេងជាច្រើនកំពុងដើរតាមគន្លង របស់ រតនា ដើម្បីឆ្ពោះទៅរកចំណុចកំពូលនៃក្បាច់គុនចម្រុះនៅកម្ពុជា និង លើឆាកអន្តរជាតិ។
ជាមួយគ្នានោះដែរ នៅ ស្រីពៅ ជាជើងឯកគុនខ្មែរ និង ជាប់ឈ្មោះជា កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ាជាគំរូល្អដល់នារីៗ ដែលភាគច្រើនមិនចូលចិត្តហាត់ក្បាច់គុន។ ការចេញទៅប្រកួតលើសង្វៀនកម្រិតពិភពលោកបែបនេះ ជាការបំផុស និង លើកទឹកចិត្តឲ្យនារីៗចួលរួមក្នុងវិស័យក្បាច់គុនឲ្យបានច្រើន។
ស្រីពៅ ទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់មួយរយៈចុងក្រោយនេះ ហើយបានលើកមុខមាត់ក្នុងនាមជាអ្នកលេងក្បាច់គុននារីនៅកម្ពុជា តាមរយៈជ័យជម្នះលើកីឡាការិនីថៃ Rika Ishige កាលពាក់កណ្ដាលខែ កុម្ភៈ៕
Tag:
MMA
ចាន់ រតនា
នៅ ស្រីពៅ
© រក្សាសិទ្ធិដោយ thmeythmey.com