កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស​គ្រោង​ឈប់​ឲ្យ​ប្រើ​សំប៉ាញ​អបអរ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​ផ្នែក​សាសនា​ដល់​កីឡាករ​មួយចំនួន​
27, Apr 2019 , 9:02 am        
រូបភាព
ការអបអរពាន FA Cup របស់ Chelsea កាលពីរដូវកាលមុន
ការអបអរពាន FA Cup របស់ Chelsea កាលពីរដូវកាលមុន
 សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) កំពុង​ពិចារណា​ឈប់​ឲ្យ​មានការ​ប្រើ​ស្រា​សំប៉ាញ (Champagne) អបអរ​ការ​ឈ្នះ​ពានរង្វាន់​ទាំងអស់​នៅ​អង់គ្លេស ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការគោរព​សាសនា​របស់​កីឡាករ​មួយចំនួន​។​


​ជាធម្មតា​នៅក្នុង​វិស័យ​កីឡា មិន​ថា​កីឡាបាល់ទាត់​ឬ​កីឡា​ផ្សេង​ឡើយ​នៅពេល​ពួកគេ​ទទួល​ជ័យជម្នះ​នោះ កីឡាករ​និង​អ្នកគ្រប់គ្រង​តែងតែ​យក​ស្រា​មក​អបអរ​នៅលើ​ទីលាន​ផ្ទាល់ ក៏ដូចជា​ក្នុង​បន្ទប់​ប្តូរ​សម្លៀកបំពាក់​ជាដើម​។​
 
​ប៉ុន្តែ​ថ្មីៗ​នេះ FA កំពុង​សម្រេចចិត្ត​អំពី​ការបញ្ឈប់​ការប្រើប្រាស់​ស្រា​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កីឡាករ​ណា​ម្នាក់​ដែលមាន​ជំនឿ​សាសនា​ហាម​ប្រើ​គ្រឿង​ស្រវឹង​។​ ​ក្នុងករណីនេះ​អ្នកនាំពាក្យ FA ម្នាក់​បាន​លើកឡើងថា ក្រុម​ឈ្នះ​ជើងឯក​នឹង​ផ្តល់ជូន​ស្រា​សំប៉ាញ​ដែល​មិនមាន​ជាតិ​អាល់កុល​សម្រាប់​ការ​ប្រារព្ធ​ពិធី​អបអរ​ការ​ឈ្នះ​ពាន​កីឡាបាល់ទាត់​ទាំងអស់​នៅ​អង់គ្លេស​។ FA គ្រោង​អនុវត្តន៍​ច្បាប់​នេះ​ចាប់ពី​ការប្រកួត​ផ្តាច់ព្រ័ត្រ FA Cup រដូវ​កាល​នេះ​តែម្តង​។​
 
«​នេះ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ធានាថា​កីឡាករ​ទាំងអស់​អាច​ចូលរួម​អបអរ​រួមគ្នា​បាន​ដោយ​មិនបាច់​ខ្វល់ខ្វាយ​ថា​មាន​ជាតិ​អាល់កុល និង​ជៀសវាង​កីឡាករ​ដែលមាន​អាយុ​ក្រោម ១៨ ឆ្នាំ​»​។​
​វិធី​មួយទៀត​ដើម្បី​ជំនួស​ឲ្យ​ការប្រើប្រាស់​ស្រា កីឡាករ​ទាំងអស់​គួរ​ទទួលបាន​ស្ព្រា​យ​បាញ់​ចំ​នួ​ស​វិញ ដែល​វា​ងាយស្រួល​បាញ់​ដាក់គ្នា​ទៅវិញទៅមក​សម្រាប់​អបអរ​ការ​ឈ្នះ​ពាន​។​
 
Manchester City និង Watford ត្រូវ​តទល់​គ្នា​ដើម្បី​ដណ្តើមពាន FA Cup នៅ​កីឡដ្ឋាន Wembley សម្រាប់​រដូវ​កាល​នេះ នៅ​ថ្ងៃទី​១៨ ខែឧសភា​។​ ខ្សែ​ប​ន្រើ Abdoulaye Doucoure របស់ Watford រួមជាមួយ​កីឡាករ​របស់ Man City ៣​រូប​រួមមាន Riyad Mahrez, Benjamin Mendy និង Ilkay Gundogan សុទ្ធតែជា​ជនជាតិ​ម៉ូ​ស្លី​ម​ដែល​ហាម​មិន​ឲ្យ​សេពសុរា​៕

Tag:
 បាល់ទាត់​
  FA
© រក្សាសិទ្ធិដោយ thmeythmey.com