ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឈាង វណ្ណា​រិ​ទ្ធ​៖ ដំណើរ​ទស្សនកិច្ច​លោកស្រី ស៊ូ​ជី នៅ​កម្ពុជា នឹង​ផ្ដល់​ប្រយោជន៍​ស្នូល​ទាំង​ទ្វេរ​ភាគី និង​ថ្នាក់​តំបន់
27, Apr 2019 , 9:51 am        
រូបភាព
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
ភ្នំពេញ​៖ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃទី​២៩ មេសា​។ ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី នេះ វា​នឹង​ផ្ដល់​ប្រយោជន៍​ស្នូល​ចំនួន​៤​ចំណុច សម្រាប់​ទំនាក់ទំនង​ទ្វេរ​ភាគី រវាង​កម្ពុជា និង​មី​យ៉ាន​ម៉ា រួមទាំង​ថ្នាក់​តំបន់ ក្នុងការ​បង្ហាញ​ជំហរ​រឹងមាំ​ទៅកាន់​អន្តរជាតិ​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​

 
​ប្រយោជន៍​ស្នូល​ទាំង​៤ ដែល​លោក ឈាង វណ្ណា​រិ​ទ្ធ មើលឃើញ​នោះ គឺ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ស្រី ស៊ូ​ជី នេះ នឹង​ក្លាយជា​សារ​មួយ បង្ហាញថា កម្ពុជា​-​មី​យ៉ាន​ម៉ា ជា​សំឡេង​តែមួយ ដែល​ប្រឆាំង​រាល់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​បរទេស​។ សារ​នយោបាយ​ទី​២ នៃ​ទស្សនកិច្ច​នេះ នឹង​ជំរុញ​ឲ្យ​តំបន់​អាស៊ាន និង​តំបន់​អនុ​ទន្លេមេគង្គ សហការគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ទំនាក់ទំនង​កម្ពុជា​-​មី​យ៉ាន​ម៉ា​។ ចំណែក​ចំណុច​ទី​៣ លោក ឈាង វណ្ណា​រិ​ទ្ធ មើលឃើញថា វា​ជា​ឱកាស​សម្រាប់​កម្ពុជា ក្នុងការ​បោះទុន​វិនិយោគ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ចុងក្រោយ វា​នឹង​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​តំបន់ ក្លាយជា​សំឡេង​រួមមួយ ក្នុង​ការផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​
 
​សូម​លោក អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដូចតទៅ​៖



​ទំនាក់ទំនង​ទ្វេភាគី​ទាំងពីរ​នៅពេលនេះ គឺ​ចាប់ផ្ដើម​កើនឡើង​វិញ ក្រោយពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​របស់លោក​ស្រី ស៊ូ​ជី ជាប់ឆ្នោត និង​ស្រប​ពេលដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា តែងតែ​ចេញមុខ​ការពារ​ប្រទេស​មី​យ៉ាន​ម៉ា ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​ករណី​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ខណៈដែល​កម្ពុជា​ក៏ត្រូវ​បាន​គេ​រិះគន់​ដូចគ្នា នៅក្នុង​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ​ជាដើម​។ 
 
​ត្រង់ចំណុច​នេះ លោក ឈាង វណ្ណា​រិ​ទ្ធ បាន​លើកឡើងថា ការពង្រឹង​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ ដែល​កំពុង​ខិតជិត​គ្នា​នេះ កើតឡើង​ដោយសារតែ​ការរិះគន់​ពី​អន្តរជាតិ ហើយ​វា​នឹង​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ ក្លាយជា​សំឡេង​តែមួយ ក្នុងការ​ប្រឆាំងនឹង​សម្ពាធ​អន្តរជាតិ​ផងដែរ​។

ងាក​មក​និយាយ​ពី​រឿង​ពាណិជ្ជកម្ម​វិញ ប្រទេស​ទាំងពីរ​នៅមាន​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​គ្នា ក្នុង​ទំហំ​តូច​នៅឡើយ នោះ​ក៏​ព្រោះតែ​ទំនិញ ដែល​ភាគី​ទាំងពីរ​ផលិត​នោះ មាន​ភាព​ប្រហាក់ប្រហែលគ្នា ពោលគឺ​មិនអាច​ផ្ដល់​ទីផ្សារ​ផ្គត់ផ្គង់​ឲ្យ​គ្នា​ទៅវិញទៅមក​បាន​។ ប៉ុន្តែ​បើសិនជា​ការវិនិយោគ​វិញ គឺ​កម្ពុជា អាចមាន​ឱកាស​បោះទុន​ចូល​ប្រទេស​មី​យ៉ាន់​ម៉ា លើ​ផ្នែក​ហិរញ្ញវត្ថុ ទេសចរណ៍ និង​វិស័យ​អប់រំ ខណៈដែល​កម្ពុជា មាន​រីកចម្រើន​លើ​វិស័យ​ទាំងនេះ ខ្លាំង​ជាង​ប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​ជាការ​មើលឃើញ​របស់​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​៕​
 
 
 

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  អង់​សាន ស៊ូ​ជី​
  ហ៊ុន សែន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com