ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចិនមួយចង់វិនិយោគដាំដើមឈើនៅកម្ពុជា ដើម្បីនាំចេញ
× ភ្នំពេញ៖ ក្នុងឱកាសពិភាក្សាការងារជាមួយលោក វេង សាខុន នៅទីក្រុងប៉េកាំង នៅថ្ងៃទី២៧ខែមេសា ប្រធានក្រុមហ៊ុន Beijing Fushide Investment Management Ltd បានប្រាប់ពីបំណងរបស់លោកក្នុងការវិនិយោគដាំឈើសម្រាប់នាំចេញ នៅកម្ពុជា។
នៅលើហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានសរសេរដូច្នេះថា៖«លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថាក្រុមហ៊ុនមានមុខជំនួញច្រើន ហើយចំពោះមុខនេះលោកមានបំណងវិនិយោគលើវិស័យដាំឈើដើម្បីនាំទៅប្រទេសចិន»។
ឆ្លើយតបនឹងការសម្លឹងឃើញឱកាសវិនិយោគនេះ លោក វេង សាខុន បានណែនាំឲ្យក្រុមហ៊ុននេះ ត្រូវសហការជាមួយក្រុមហ៊ុនចិនដែលមានដីស្រាប់ដើម្បីដាំដុះប្រភេទឈើថ្មីសម្រាប់នាំចេញ ដោយសារបច្ចុប្បន្ននេះរដ្ឋាភិបាលមិនមានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៀតទេ។ លោកបន្ថែមថា ក្រុមហ៊ុនក៏អាចសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីដាំ និងប្រមូលទិញដើមអាកាស្យាសម្រាប់កែច្នៃផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីកសិកម្មរូបនេះ បានបង្ហាញពីសក្ដានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគលើវិស័យកសិកម្ម ជាពិសេសការបោះទុនលើការដាំឈើឡើងវិញ កែច្នៃកសិផល ការដាំដុះមុខដំណាំផ្សេងៗ ចិញ្ចឹមសត្វ ចិញ្ចឹមត្រីជាដើម។ លោក វេង សាខុន បញ្ជាក់ថា បោះទុនលើវិស័យកសិកម្មនៅកម្ពុជា អ្នកវិនិយោគអាចសម្លឹងឱកាសនាំចេញទៅទីផ្សារចិន អាស៊ាន អឺរ៉ុប ឬអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com