ជាតិ
សង្គមជាតិ
នគរបាល​ចាប់​ស្រី្ត​បើក​កន្លែង​ចាក់​ឆ្នោត​វៀតណាម​ពីរ​នាក់ នៅ​ខណ្ឌមានជ័យ​
27, Apr 2019 , 1:02 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ នគរបាល​ខណ្ឌមានជ័យ នៅ​ថ្ងៃទី​២៦​ខែមេសា បាន​ឃាត់ខ្លួន​ស្រី្ត​ពីររូប​ដែល​ធ្វើ​សកម្មភាព​កត់​ឆ្នោត​វៀតណាម​។ នេះ​ជា​ករណី​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​។ នេះ​បើតាម​ព័ត៌មាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​


​នៅ​ថ្ងៃទី​២៦​ខែមេសា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បាន​ចុះបង្ក្រាប​ទីតាំង​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ឆ្នោត​វៀតណាម​) ១​កន្លែង​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​ចំនួន​២​នាក់​ឈ្មោះ មូល សុខ​សីហា និង​ឈ្មោះ ឃី ភា​លី និង​បាន​ឃាត់ខ្លួន​អ្នក​មកចាក់​ឆ្នោត​ពីរ​នាក់​ផ្សេងទៀត​។ ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ក្រដាស​កត់​លេខឆ្នោត​ចំនួន​៦​ដុំ ម៉ាស៊ីន​គិត​លេខ​ពីរ​គ្រឿង ត្រា​ចុះ​ថ្ងៃខែ​ឆ្នោត​ចំនួន​៣ តុ​១ កៅអី​២ សៀវភៅ​ចេញ​លេខឆ្នោត​១​ក្បាល និង​លុយ​ខ្មែរ​១,៨​លាន​រៀល​។​
 
​អ្នកលេង​ឆ្នោត​ពីរ​នាក់​ខាងលើ​ត្រូវបាន​នគរបាល​ដោះលែង​វិញ​ក្រោយពី​អប់រំ​រួច តែ​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

Tag:
 ចាក់​ឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com