ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ការពារ​គម្រោង​« ខ្សែក្រវាត់ និង​វិថី​»​របស់​ចិន ថា មិនមែនជា​អន្ទាក់​បំណុល​ឡើយ​
27, Apr 2019 , 2:01 pm        
រូបភាព
 ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ផលប្រយោជន៍​ច្រើន សម្រាប់​វិស័យសេដ្ឋកិច្ច តាមរយៈ​គម្រោង​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់ និង​វិថី​»​របស់​ចិន​។ ហើយ​គម្រោង​នេះ ក៏​មិនមែនជា​អន្ទាក់​បំណុល​សម្រាប់​កម្ពុ​ជា​ដែរ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​បែបនេះ នៅក្នុង​វេទិកា​«​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៦ មេសា​។​







 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា មើលមិនឃើញ​ពី​ភាពអវិជ្ជមាន​នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់ និង​វិថី​»​របស់​ចិន ដែល​អាចធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ជាប់អន្ទាក់​បំណុល ដូច​ការលើកឡើង​រប​ស់​អ្នកវិភាគ ឬ​អ្នកសេដ្ឋកិច្ចវិទូ​ឡើយ​។ ផ្ទុយ​ពី​ក្តី​ព្រួយបារម្ភ​របស់​អ្នក​ទាំងនោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ថា គម្រោង​«​ខ្សែក្រវាត់ និង​វិថី​»​នេះ វា​នឹង​ជួយ​ចូលរួម​អភិវឌ្ឍន៍​ដល់​ប្រទេស​ក្រីក្រ និង​ប្រទេស​ងើប​ចេញពី​បន្ទាត់​ក្រីក្រ ឆ្ពោះទៅកាន់​ការអភិវឌ្ឍ រួមទាំង​ប្រយោជន៍​សេដ្ឋកិច្ច​ផ្សេងទៀត ដល់​ប្រទេស​នៅលើ​សាកលលោក​។​
 
​ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​លើកយក​ភាព​វិជ្ជមាន​របស់​កម្ពុជា ដែល​ទទួលបាន​ពី​គម្រោង​ផ្ដួចផ្ដើម​របស់​ចិន​នេះ ថ្លែង​ក្នុង​វេទិកា​«​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​វិថី​» លើក​ទី​២ ក្នុង​ទីក្រុង​ប៉េកាំង​ថា ប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​នោះ គឺ​ការអភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ តាមរយៈ​ការវិនិយោគ និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ចិន​។ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ការកសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ជាដើម​។ សម្រាប់​សម្ដេច ហ៊ុន សែន គម្រោង​« ខ្សែក្រវាត់ និង​វិថី​»​របស់​ចិន វា​មិនមែនជា​អន្ទាក់​បំណុល​ឡើយ​។​
 
​តាមរយៈ​សន្ទរកថា​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ «​ការជំរុញ​ការតភ្ជាប់​ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​» ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ដូច្នេះ​ថា​៖«​ខុសប្លែក​ទស្សន​មួយចំនួន​យល់ថា គំនិត​ផ្ដួចផ្ដើម​នេះ នឹង​បណ្ដា​ឲ្យ​ប្រទេស​មួយចំនួន ជាប់អន្ទាក់​បំណុល​។ ប្រទេស​កម្ពុជា មិន​ត្រឹមតែ​អាច​ចរចា នឹង​រៀបចំ​គម្រោង​នេះ ដោយ​ឈរលើ​ស្មារតី​នៃ​ការពារ​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​របស់ខ្លួន ដោយ​ស្មើភាព​និង​ស្មើ​សិទ្ធិ​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែមទាំង​សម្រេចបាន នូវ​ការធ្វើ​វិស្វកម្ម​ហិរញ្ញវត្ថុ​មួយ ដែល​មិនបង្កើត​បន្ទុក​ហិរញ្ញវត្ថុ និង​បំណុល​សាធារណៈ ដល់​រដ្ឋ​ថែម​ទៀតផង ដោយ​ឈរលើ​ស្មារតី​ខិតខំ​រួមគ្នា ចែករំលែក​ផលប្រយោជន៍​ជាមួយគ្នា និង​ទទួលបាន​ឱកាស​ដូចគ្នា​»​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា រំពឹងថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​វិថី​» កំពុង​បង្កើត​កម្លាំងចលករ​ថ្មី​សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​សាកលលោក ដើម្បី​បុព្វហេតុ​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ 
 
​ជុំវិញ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​វិថី​»​របស់​ចិន ត្រូវបាន​គេ​រិះគន់ថា ចិន​ប្រើប្រាស់​គម្រោង​នេះ ដើម្បី​បំពេញ​ម​ហិ​ច្ជ​តា​អំណាច​របស់ខ្លួន​ប៉ុណ្ណោះ ។​ហើយ​រាល់​ការវិនិយោគ​របស់​ចិន នៅក្នុង​តំបន់ ឬ​ប្រទេស​ណា គឺ​ប្រទេស​នោះ នឹង​ជាប់អន្ទាក់​បំណុល​ចិន តាមរយៈ​គម្រោង​«​ខ្សែក្រវាត់ និង​វិថី​»​នេះ​។ 
 
 
 

Tag:
 ហ៊ុន សែន​
  ខ្សែក្រវាត់ និង​វិថី​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com