ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ការពារគម្រោង« ខ្សែក្រវាត់ និងវិថី»របស់ចិន ថា មិនមែនជាអន្ទាក់បំណុលឡើយ
× ភ្នំពេញ៖ កម្ពុជាទទួលបានផលប្រយោជន៍ច្រើន សម្រាប់វិស័យសេដ្ឋកិច្ច តាមរយៈគម្រោងគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់ និងវិថី»របស់ចិន។ ហើយគម្រោងនេះ ក៏មិនមែនជាអន្ទាក់បំណុលសម្រាប់កម្ពុជាដែរ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសុន្ទរកថាបែបនេះ នៅក្នុងវេទិកា«កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅប្រទេសចិន កាលពីថ្ងៃទី២៦ មេសា។
ប្រមុខរដ្ឋាភិបាលកម្ពុជា មើលមិនឃើញពីភាពអវិជ្ជមាននៃគម្រោងគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់ និងវិថី»របស់ចិន ដែលអាចធ្វើឲ្យប្រទេសក្រីក្រជាប់អន្ទាក់បំណុល ដូចការលើកឡើងរបស់អ្នកវិភាគ ឬអ្នកសេដ្ឋកិច្ចវិទូឡើយ។ ផ្ទុយពីក្តីព្រួយបារម្ភរបស់អ្នកទាំងនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ថា គម្រោង«ខ្សែក្រវាត់ និងវិថី»នេះ វានឹងជួយចូលរួមអភិវឌ្ឍន៍ដល់ប្រទេសក្រីក្រ និងប្រទេសងើបចេញពីបន្ទាត់ក្រីក្រ ឆ្ពោះទៅកាន់ការអភិវឌ្ឍ រួមទាំងប្រយោជន៍សេដ្ឋកិច្ចផ្សេងទៀត ដល់ប្រទេសនៅលើសាកលលោក។
ក្នុងន័យនេះសម្ដេច ហ៊ុន សែន បានលើកយកភាពវិជ្ជមានរបស់កម្ពុជា ដែលទទួលបានពីគម្រោងផ្ដួចផ្ដើមរបស់ចិននេះ ថ្លែងក្នុងវេទិកា«កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងវិថី» លើកទី២ ក្នុងទីក្រុងប៉េកាំងថា ប្រយោជន៍ដែលកម្ពុជាទទួលបាននោះ គឺការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ តាមរយៈការវិនិយោគ និងគោលនយោបាយរបស់រដ្ឋាភិបាលចិន។ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដូចជាការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម។ សម្រាប់សម្ដេច ហ៊ុន សែន គម្រោង« ខ្សែក្រវាត់ និងវិថី»របស់ចិន វាមិនមែនជាអន្ទាក់បំណុលឡើយ។
តាមរយៈសន្ទរកថាចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន» ប្រមុខរដ្ឋាភិបាលកម្ពុជា បាននិយាយដូច្នេះថា៖«ខុសប្លែកទស្សនមួយចំនួនយល់ថា គំនិតផ្ដួចផ្ដើមនេះ នឹងបណ្ដាឲ្យប្រទេសមួយចំនួន ជាប់អន្ទាក់បំណុល។ ប្រទេសកម្ពុជា មិនត្រឹមតែអាចចរចា នឹងរៀបចំគម្រោងនេះ ដោយឈរលើស្មារតីនៃការពារប្រយោជន៍ជូនជាតិ និងប្រជាជនរបស់ខ្លួន ដោយស្មើភាពនិងស្មើសិទ្ធិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងសម្រេចបាន នូវការធ្វើវិស្វកម្មហិរញ្ញវត្ថុមួយ ដែលមិនបង្កើតបន្ទុកហិរញ្ញវត្ថុ និងបំណុលសាធារណៈ ដល់រដ្ឋថែមទៀតផង ដោយឈរលើស្មារតីខិតខំរួមគ្នា ចែករំលែកផលប្រយោជន៍ជាមួយគ្នា និងទទួលបានឱកាសដូចគ្នា»។
នាយករដ្ឋមន្ត្រីកម្ពុជា រំពឹងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងវិថី» កំពុងបង្កើតកម្លាំងចលករថ្មីសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជុំវិញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងវិថី»របស់ចិន ត្រូវបានគេរិះគន់ថា ចិនប្រើប្រាស់គម្រោងនេះ ដើម្បីបំពេញមហិច្ជតាអំណាចរបស់ខ្លួនប៉ុណ្ណោះ ។ហើយរាល់ការវិនិយោគរបស់ចិន នៅក្នុងតំបន់ ឬប្រទេសណា គឺប្រទេសនោះ នឹងជាប់អន្ទាក់បំណុលចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី»នេះ។
Tag:
ហ៊ុន សែន
ខ្សែក្រវាត់ និងវិថី
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com