អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ ប្រកាសដកអាមេរិចេញពីសន្ធិសញ្ញាពាណិជ្ជកម្មអាវុធអន្តរជាតិ
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែមេសា បានប្រកាសដកអាមេរិកចេញពីសន្ធិសញ្ញាពាណិជ្ជកម្មអាវុធអន្តរជាតិក្រោមហេតុផលថា ប៉ះពាល់សិទ្ធិលក់អាវុធរបស់អាមេរិក។ លោក ត្រាំ បានប្រាប់ឲ្យព្រឹទ្ធសភាអាមេរិកបញ្ឈប់នីតិវិធីផ្ដល់សច្ចាប័នលើសន្ធិសញ្ញានេះ ហើយប្រគល់ឲ្យសេតវិមានវិញ។ ការសម្រេចចិត្តរបស់លោក ត្រាំ រងការរិះគន់ខ្លាំងពីអង្គការការពារសិទ្ធិមនុស្ស ខណៈនេះជាការដើរចេញពីសន្ធិសញ្ញាអន្តរជាតិថ្មីទៀតពីសំណាក់រដ្ឋបាលលោក ត្រាំ ។
អាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិមួយទៀតហើយ។ នៅថ្ងៃទី២៦ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសមិនអនុវត្តតាមសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិដែលគ្រប់គ្រងពាណិជ្ជកម្មអាវុធ។ លោក ត្រាំ ក៏បានចុះហត្ថលេខាបញ្ចប់នីតិវិធីផ្ដល់សច្ចាប័នលើសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ (ATT) និងប្រាប់ឲ្យព្រឹទ្ធសភាអាមេរិកបញ្ជូនត្រឡប់ឲ្យលោកវិញ ហើយលោកនឹងបោះសន្ធិសញ្ញានេះចោលតែម្ដង។
អាមេរិក បានចុះហត្ថលេខាលើសន្ធិសញ្ញា ATT នេះក្នុងឆ្នាំ២០១៣ ក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ។ ប៉ុន្តែព្រឹទ្ធសភាអាមេរិក មិនបានផ្ដល់សច្ចាប័នដើម្បីក្លាយជាភាគីមួយជាផ្លូវការនៅឡើយទេ។ ថ្លែងទៅកាន់សមាគមអ្នកផលិតអាវុធអាមេរិក NRA នៅឯទីក្រុង Indianapolis លោក ត្រាំ ចាត់ទុកសន្ធិសញ្ញានេះ ជាការកិច្ចព្រមព្រៀងខុសឆ្គងមួយ និងរឹតត្បិតសេរីភាពរបស់អាមេរិក។ ដូចនេះ ទើបរដ្ឋបាលលោក នឹងមិនបន្តនីតិវិធីផ្ដល់សច្ចាប័នឡើយ។
សន្ធិសញ្ញា ATT នេះ បានចូលធរមានទៅហើយកាលពីឆ្នាំ២០១៤ សំដៅគ្រប់គ្រងលំហូរពាណិជ្ជកម្មអាវុធអន្តរជាតិដែលរាប់បញ្ចូលអាវុធធុនស្រាលដល់យន្តហោះយោធា។ គៅលដៅសំខាន់របស់សន្ធិសញ្ញានេះ គឺការទប់ស្កាត់ទុក្ខវេទនារបស់មនុស្សដែលបង្កដោយការលក់ដូរអាវុធដោយខុសច្បាប់ និងគ្មានការទទួលខុសត្រូវ។ មកទល់ពេលនេះ ប្រទេសចំនួន១៣០ បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ ហើយច្រើនជាងមួយរយប្រទេសទៀត បានអនុវត្តសន្ធិសញ្ញានេះរួចហើយ។
ក្រៅពីអាមេរិកដែលមិនផ្ដល់សច្ចាប័ន រុស្ស៊ី និងចិនដែលជាប្រទេសនាំចេញអាវុធធំៗ ក៏មិនមែនជាភាគីនៃសន្ធិសញ្ញានេះដែរ។ ជុំវិញការប្រកាសដើរចេញរបស់លោក ត្រាំ អង្គការសហប្រជាជាតិមិននិយាយអ្វីច្រើនឡើយ ដោយមន្ត្រីអ្នកនាំពាក្យម្នាក់បញ្ជាក់ថា ATT ជាសន្ធិសញ្ញាអន្តរជាតិតែមួយគត់ដែលជំរុញតម្លាភាព និងគណនេយ្យភាពក្នុងពាណិជ្ជកម្មអាវុធអន្តរជាតិ ហើយវារឹតតែសំខាន់ក្នុងស្ថានភាពពិភពលោកបច្ចុប្បន្ននេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានក្រោយការថ្លែងសុន្ទរកថារបស់លោក ត្រាំ សេតវិមានលើកឡើងថា សន្ធិសញ្ញានេះ មិនបានដោះស្រាយបញ្ហានៃការទិញលក់អាវុធដែលគ្មានការទទួលខុសត្រូវឡើយ ប៉ុន្តែក្លាយជាវេទិកាសម្រាប់អ្នកដែលចង់ហាមឃាត់សមត្ថភាពលក់អាវុធរបស់អាមេរិក និងសម្ព័ន្ធមិត្តខ្លួនទៅវិញ។ សេតវិមាន ក៏អះអាងថា ក្រុមខ្លះបានប្រើសន្ធិសញ្ញានេះដើម្បីបំបិទការសម្រេចចិត្តរបស់ប្រទេសខ្លះក្នុងការលក់អាវុធទៅទៀត៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
ATT
© រក្សាសិទ្ធិដោយ thmeythmey.com