ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​
27, Apr 2019 , 6:59 pm        
រូបភាព
រូបពីលោក ឈុំ សុជាត
រូបពីលោក ឈុំ សុជាត
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍ លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានផ្តល់​ព័ត៌មាន​ថា  កម្ពុជា នឹង​រៀបចំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គិរី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងវែង ស្រុក​ជុំ​គិរី ខេត្តកំពត​។ សមយុទ្ធ​ដែលមាន​ឈ្មោះថា «​ហនុមាន​មាស​២០១៩» មាន​រយៈពេល​៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក ឈុំ សុជាត សរស​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា «​ហនុមាន​មាស​២០១៩» ត្រូវបាន​ធ្វើឡើង ដើម្បី​ពង្រឹងសមត្ថភាព ចំណេះដឹង និង​ជំនាញ ដល់​កងទ័ពជើងគោក ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី នាពេល​បច្ចុប្បន្ន​និង​អនាគត​។ លោក បន្តថា សមយុទ្ធ​នេះ ក៏​ជា​ការវាស់ស្ទង់​សមត្ថភាព ក្រោយពី​ធ្វើការ​ហ្វឹកហ្វឺន​តាម​បណ្តា​សាលា​និង​កងឯកភាព​រួច​ផងដែរ ហើយ​មួយវិញទៀត សមយុទ្ធ​នេះ នឹង​ជួយ​លើកកម្ពស់​សមត្ថភាព គុណភាព និង​ផ្តល់​ចំណេះដឹង​ការងារ​សេនាធិការ ក្នុងការ​សហការ​រវាង​ប្រភេទ​ទ័ព​និង​ទ័ព​ជំនាញ ទាំង​ពេល​ហ្វឹកហ្វឺន និង​ពេល​ប្រយុទ្ធ​។ 
 
​បើតាម​អ្នកនាំពាក្យ ពិធី​បើក​សមយុទ្ធ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ហើយ​ពិធី​បិទ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​។ 
 
​អ្នកនាំពាក្យ បញ្ជាក់ថា សមយុទ្ធ​នេះ មាន​កម្លាំងយោធា​ចូលរួម​ជិត​១៦០០​នាក់​។ ដោយឡែក  អាវុធយុទ្ធភណ្ឌ ដែល​នឹង​ប្រើប្រាស់​ក្នុង​សមយុទ្ធ​នេះ មានដូចជា កាំភ្លើង​ធំ​១៥២​ម​ម និង​១២២​ម​ម កាំភ្លើង​២៣​ម​ម កាំភ្លើង​៣៧​ម​ម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​ដឹកជញ្ជូន និង ឧទ្ធម្ភាគចក្រ ជាដើម​។ 
 
«​ហនុមាន​មាស ២០១៩» ត្រូវបាន​ធ្វើឡើង​៣​លើក​រួចទៅហើយ ដោយ​លើក​ទី​១​នៅ​ឆ្នាំ​២០១០ លើក​ទី​២ នៅ​ឆ្នាំ​២០១៣ លើក​ទី​៣ នៅ​ឆ្នាំ​២០១៨​។ អ្នកនាំពាក្យ លើកឡើង​យ៉ាង​ដូច្នេះ​ថា «​ការហ្វឹកហ្វឺន​នេះ មិនបាន​គំរាមកំហែង​ដល់​នរណា​ឡើយ ផ្ទុយទៅវិញ​ការហ្វឹកហ្វឺន​នេះ មាន​គោលដៅ​ពង្រឹងសមត្ថភាព​កងទ័ព​បន្ថែមទៀត​ប៉ុណ្ណោះ​»​។ 
 
​អ្នកនាំពាក្យ អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​តំបន់​ហ្វឹកហ្វឺន​នោះ មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការបាញ់​សមយុទ្ធ​នេះ​៕ 
 

Tag:
 សមយុទ្ធ​
  ឈុំ សុជាត​
© រក្សាសិទ្ធិដោយ thmeythmey.com