បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកភូមិ​ទឹក​វិល ​ខ្វះ​ទឹក​ប្រើ​ជាង​មួយខែ​មកហើយ​
27, Apr 2019 , 8:59 pm        
រូបភាព
 សៀមរាប​៖ បញ្ហា​ខ្វះ​ទឹកបាន​កើតជា​កង្វល់​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​។ ក្នុងនោះដែរ ក្រុង​សៀមរាប​ដែលជា​ក្រុង​ទេសចរណ៍​របស់​កម្ពុជា ក៏​កំពុង​ជួប​បញ្ហា​នេះដែរ ដោយ​អណ្ដូងទឹក​របស់​អ្នកភូមិ​ចំនួន​៥​ក្នុង​សង្កាត់​ទឹក​វិល រីង​ទឹក​។ អ្នកភូមិ​និយាយថា អស់​រយៈពេល​ជាង​មួយខែ​មកហើយ ដែល​ពួកគេ​ជួប​បញ្ហា​នេះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​អ្នកស្រី អ៊ី​សា រ៉​ហា​នី បាន​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​


 

​រលក​កម្ដៅ​ខ្លាំង​នៅ​ឆ្នាំនេះ បាន​បង្ក​ឱ្យ​តំបន់​មួយផ្នែកធំ​របស់​កម្ពុជា ជួប​គ្រោះរាំងស្ងួត និង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​។ សង្កាត់​ទឹក​វិល ដែល​ស្ថិតនៅ​ខាងលិច​ក្រុង​សៀមរាប និង​នៅ​កៀក​បារាយណ៍​ខាងលិច​ដែលជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​មួយ​របស់​ក្រុង​អង្គរ ក៏​ជួប​បញ្ហា​នេះដែរ​។ គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១៦ ពេល​ប្រឈមមុខ​នឹង​បញ្ហា​ឡើង​កម្ដៅ​ខ្លាំង​បែបនេះ ភូមិសាស្ដ្រ​នេះ​ក៏មាន​បញ្ហា​ខះ​អណ្ដូង​ផងដែរ​។ នៅ​ឆ្នាំនេះ តាម​ការបញ្ជាក់​ពី​អាជ្ញាធរ ភូមិ​ចំនួន​៥​របស់​សង្កាត់​ទឹក​វិល កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​។​
 
​លោក ហ៊​ន ហ៊​ត អ្នកភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល កំពុង​អង្គុយ​កាត់​ឬ​ស្សី​ធ្វើ​ទ្រ​នៅមុខ​ផ្ទះ​។ នៅពេល​សួរ​រឿង​ទឹក បុរស​វ័យ​កណ្ដាល​រូបនេះ បាន​ងាក​មូល​អណ្ដូង​ស្ដុ​ប​ដែល​នៅ​ជិត​ខ្លួន និង​បាន​និយាយថា «​ខះទឹក​អស់ហើយ​»​។ លោក​បន្ថែមថា អណ្ដូងទឹក​លោក​ដែលមាន​ជម្រៅ​២០​ម៉ែត្រ បាន​រីង​ជាង​មួយខែ​មកហើយ និយាយ​ជារួម​គឺ​មុន​ចូលឆ្នាំ​កន្លះ​ខែ​។ ក្រៅពី​លើក​ពី​ការប្រែប្រួល​អាកាសធាតុ​ហើយ ក្នុងនោះ​លោក ហ៊​ន ហ៊​ត បាន​ចង្អុល​ទៅ​អណ្ដូង​ធំ​របស់​រដ្ឋាករ​ទឹកស្អាត​ដែល​នៅមុខ​ផ្ទះ​លោក​នោះឯង ទើប​ធ្វើឱ្យ​អណ្ដូង​រាក់​របស់លោក​គ្មាន​ទឹកបាន​បែបនេះ​។​
 
 
 
​ប្រឈមមុខ​នឹង​បញ្ហា​នេះ លោក ហ៊​ន ហ៊​ត ត្រូវ​ទៅ​ដងទឹក​ពី​អណ្ដូងស្នប់​ធំ​នៅ​សាលាឆទាន​ឯខាង​កើត​ភូមិ​មកប្រើប្រាស់ ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៦០០​ម៉ែត្រ​។ ក្នុង​មួយថ្ងៃ លោក​ត្រូវ​ដងទឹក​ចំនួន​៤​ប៉ី​ដុង​ធំៗ សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ រាប់ទាំង​ងូត និង​ដាំ​ស្ល​ជាដើម​។ លោក​ថា ប្រឈម​នឹង​រឿងនេះ បង្ខំ​ឱ្យ​គ្រួសារ​លោក​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដើម្បី​កាត់បន្ថយ​កម្លាំង និង​ពេលវេលា​ទៅ​ដងទឹក​នៅ​ឆ្ងាយ​ផ្ទះ​។​
 
​ងាក​ទៅ​អ្នកស្រី ព្រំ សុ​កាន ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​លោក ហ៊​ន ហ៊​ត​ដែរនោះ អ្នកស្រី​ថា អណ្ដូងទឹក​ខ្លួន​រីងស្ងួត​មុនគេ​នៅក្នុង​ភូមិ​ព្រៃ​ថ្មី​នេះ ដោយ​ទ្រាំ​នឹងខ្វះ​ទឹក​មិនបាន អ្នកស្រី​បង្ខំ​ខ្ចីលុយ​អង្គការ​ចំនួន ៨០០​ដុល្លារ បុក​អណ្ដូងទឹក​ខ្នាត​ធំ​មួយ​។ ទឹក​សំខាន់​សម្រាប់​មនុស្ស​ទូទៅ ហើយ​វា​ក៏​សំខាន់​ដែរ​សម្រាប់​អ្នកស្រី ព្រំ សុ​កាន ដោយ​អ្នកស្រី​ថា សុទ្ធ​ចឹ​ង​អត់បាយ​ហូប តែ​មិនអាច​រស់​ឡើយ​ប្រសិន​គ្មាន​ទឹក​។​
 
​លោក លួ​ន ល័​ក្ខ កំពុង​ដាំ​ស្ល​នៅក្រោម​រោង​លក់ដូរ​មុខផ្ទះ​។ បញ្ហា​ដូច​អ្នកជិតខាង​ដែរ លោក ល័​ក្ខ​ថា​ដោយសារ​អណ្ដូង​ខះទឹក លោក​បាន​សុំ​អ្នកជិតខាង​តប​ន្ត​ពី​បណ្ដាញ​ទឹកស្អាត ដោយ​គ្រួសារ​លោក​មិនទាន់មាន​លទ្ធភាព​ត​ផ្ទា​ល់ពី​ខាង​រដ្ឋាករ​ទឹកស្អាត​។​
 
 
 
​អណ្ដូង​ជម្រៅ​២៥​ម៉ែត្រ​របស់លោក លួ​ន ល័​ក្ខ បាន​រីង​ទឹក​តាំងពី​ខែមីនា​មក ហើយ​លោក​បាន​លើក​ពី​ការកើនឡើង​នូវ​កំដៅ​បរិយាកាស​ខ្លាំង​នៅ​ឆ្នាំនេះ​។ កសិករ​នៅ​ភូមិ​ព្រៃ​ថ្មី​រូបនេះ​បន្ថែមថា ការប្រើប្រាស់​ទឹក​គឺ​មានការ​សន្សំសំចៃ​ខ្ពស់ ដ្បិត​មិន​ចង់​ចំណាយ​ច្រើន​។​
 
​លោក លួ​ន ល័​ក្ខ បាន​ភ្ជាប់​បណ្ដាញ​ទឹកស្អាត រីឯ​អ្នកស្រី ព្រំ សុ​កាន បាន​ខ្ចីលុយ​អង្គការ​ដើម្បី​បុក​អណ្ដូងស្នប់​ខ្នាត​ធំ តែ​គ្រួសារ​លោក ហ៊​ន ហ៊​ត ឯណោះ​វិញ មិនទាន់មាន​លទ្ធភាព​នៅឡើយ​។ សព្វថ្ងៃ​លោក ហ៊​ត ជា​អ្នក​រកត្រី ហើយ​ការរក​ក៏​មិនបាន​ច្រើន​ដែរ​។​
 
​លោក ហាយ យង់ ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង​នៃ​រដ្ឋបាល​ក្រុង​សៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន​មាន​ត្រឹម​មួយ​សង្កាត់​ប៉ុណ្ណោះ​ក្នុង​ក្រុង​សៀមរាប​ដែល​ប្រឈម​នឹង​ការខ្វះ​ទឹក​នេះ គឺ​សង្កាត់​ទឹក​វិល​តែម្ដង​។ លោក​បន្ដថា ភូមិ​ចំនួន​៥​ក្នុង​សង្កាត់​ទឹក​វិល ដែល​នៅតាម​បណ្ដោយ​ផ្លូវ​ជាប់​អណ្ដូង​ទឹកធំ​របស់​រដ្ឋា​ករ​ទឹកស្អាត ប្រឈមមុខ​ខ្លាំង​លើ​បញ្ហា​នេះ​។ យ៉ាងណា​លោក ហាយ យង់ ថា​គ្រួសារ​ខ្លះ​ដែលមាន​ធនធាន បាននាំគ្នា​បុក​អណ្ដូង​ខ្នាត​ធំ ដែលមាន​ជម្រៅ​ពី​៦០​ទៅ​៧០​ម៉ែត្រ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​
 
​ជាមួយគ្នានេះ ប្រធានការិយាល័យ​អភិវឌ្ឍន៍​ក្រុង​បាន​បញ្ជាក់ថា រដ្ឋបាល​ក្រុងមាន​ផែនការ​ត្រៀម​ចុះ​ចែក​ទឹក​ដល់​ភូមិ​ដែល​ប្រឈម​នឹង​កង្វះ​ទឹក​នេះ​រួចហើយ​ដែរ ដើម្បីឱ្យ​ពលរដ្ឋ​អាច​យក​ទឹកស្អាត​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លែ​។ យ៉ាងណា​លោក ហាយ យង់ មិនបាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការចុះ​ចែក​នៅឡើយ តែ​លោ​កថា អាជ្ញា​ធរមាន​ផែនការ​ចុះ​ចែក​នៅ​ចំណុច​គោលដៅ​២​កន្លែង​ក្នុង​សង្កាត់​ទឹក​វិល​នេះ​។​
 
​ដោយសារ​បរិមាណ​ទឹក​ទាប មិន​ត្រឹមតែ​អណ្ដូង​ខ្នាតតូចៗ​ដែល​ខះទឹក សូម្បី​អណ្ដូង​ធំ​របស់​ខាង​រដ្ឋាករទឹក​វិញ​ក៏មាន​បញ្ហា​ដោយ​កន្លែង​ដែរ​។ នៅ​ថ្ងៃទី​២០ មេសា ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា គេ​ឃើញ​មានការ​បើកទ្វារ​ទឹក​នៅ​បារាយណ៍​ខាងលិច ដើម្បីឱ្យ​ទឹកបាន​ជ្រាប​ក្រោម​ដី បង្កើត​បរិមាណ​ទឹក​ម​ក​វិញ សម្រាប់​ការប្រើប្រាស់​ទឹកស្អាត ដល់​ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​។ ហើយ​នៅ​ថ្ងៃទី​២២ មេសា អាជ្ញាធរ​បានរៀបចំ​ទីតាំង​ចំនួន​២ ដើម្បីឱ្យ​ពលរដ្ឋ​ដែលមាន​អណ្ដូង​ខះទឹក អាចមក​ដងទឹក​ស្អាត​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​៕
 
 
  

© រក្សាសិទ្ធិដោយ thmeythmey.com