សៀមរាប៖ បញ្ហាខ្វះទឹកបានកើតជាកង្វល់សម្រាប់អាជ្ញាធរមូលដ្ឋាន ដែលត្រូវដោះស្រាយបន្ទាន់ដល់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ ក្រុងសៀមរាបដែលជាក្រុងទេសចរណ៍របស់កម្ពុជា ក៏កំពុងជួបបញ្ហានេះដែរ ដោយអណ្ដូងទឹករបស់អ្នកភូមិចំនួន៥ក្នុងសង្កាត់ទឹកវិល រីងទឹក។ អ្នកភូមិនិយាយថា អស់រយៈពេលជាងមួយខែមកហើយ ដែលពួកគេជួបបញ្ហានេះ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលអ្នកស្រី អ៊ីសា រ៉ហានី បានចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ដែលជួបបញ្ហាខ្វះទឹក
រលកកម្ដៅខ្លាំងនៅឆ្នាំនេះ បានបង្កឱ្យតំបន់មួយផ្នែកធំរបស់កម្ពុជា ជួបគ្រោះរាំងស្ងួត និងបញ្ហាខ្វះទឹកប្រើប្រាស់។ សង្កាត់ទឹកវិល ដែលស្ថិតនៅខាងលិចក្រុងសៀមរាប និងនៅកៀកបារាយណ៍ខាងលិចដែលជាអាងស្ដុកទឹកដ៏ធំមួយរបស់ក្រុងអង្គរ ក៏ជួបបញ្ហានេះដែរ។ គេនៅចាំបានថា កាលពីឆ្នាំ២០១៦ ពេលប្រឈមមុខនឹងបញ្ហាឡើងកម្ដៅខ្លាំងបែបនេះ ភូមិសាស្ដ្រនេះក៏មានបញ្ហាខះអណ្ដូងផងដែរ។ នៅឆ្នាំនេះ តាមការបញ្ជាក់ពីអាជ្ញាធរ ភូមិចំនួន៥របស់សង្កាត់ទឹកវិល កំពុងខ្វះទឹកប្រើប្រាស់។
លោក ហ៊ន ហ៊ត អ្នកភូមិព្រៃថ្មី សង្កាត់ទឹកវិល កំពុងអង្គុយកាត់ឬស្សីធ្វើទ្រនៅមុខផ្ទះ។ នៅពេលសួររឿងទឹក បុរសវ័យកណ្ដាលរូបនេះ បានងាកមូលអណ្ដូងស្ដុបដែលនៅជិតខ្លួន និងបាននិយាយថា «ខះទឹកអស់ហើយ»។ លោកបន្ថែមថា អណ្ដូងទឹកលោកដែលមានជម្រៅ២០ម៉ែត្រ បានរីងជាងមួយខែមកហើយ និយាយជារួមគឺមុនចូលឆ្នាំកន្លះខែ។ ក្រៅពីលើកពីការប្រែប្រួលអាកាសធាតុហើយ ក្នុងនោះលោក ហ៊ន ហ៊ត បានចង្អុលទៅអណ្ដូងធំរបស់រដ្ឋាករទឹកស្អាតដែលនៅមុខផ្ទះលោកនោះឯង ទើបធ្វើឱ្យអណ្ដូងរាក់របស់លោកគ្មានទឹកបានបែបនេះ។
ប្រឈមមុខនឹងបញ្ហានេះ លោក ហ៊ន ហ៊ត ត្រូវទៅដងទឹកពីអណ្ដូងស្នប់ធំនៅសាលាឆទានឯខាងកើតភូមិមកប្រើប្រាស់ ដែលមានចម្ងាយពីផ្ទះប្រហែល៦០០ម៉ែត្រ។ ក្នុងមួយថ្ងៃ លោកត្រូវដងទឹកចំនួន៤ប៉ីដុងធំៗ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ រាប់ទាំងងូត និងដាំស្លជាដើម។ លោកថា ប្រឈមនឹងរឿងនេះ បង្ខំឱ្យគ្រួសារលោកប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីកាត់បន្ថយកម្លាំង និងពេលវេលាទៅដងទឹកនៅឆ្ងាយផ្ទះ។
ងាកទៅអ្នកស្រី ព្រំ សុកាន ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះលោក ហ៊ន ហ៊តដែរនោះ អ្នកស្រីថា អណ្ដូងទឹកខ្លួនរីងស្ងួតមុនគេនៅក្នុងភូមិព្រៃថ្មីនេះ ដោយទ្រាំនឹងខ្វះទឹកមិនបាន អ្នកស្រីបង្ខំខ្ចីលុយអង្គការចំនួន ៨០០ដុល្លារ បុកអណ្ដូងទឹកខ្នាតធំមួយ។ ទឹកសំខាន់សម្រាប់មនុស្សទូទៅ ហើយវាក៏សំខាន់ដែរសម្រាប់អ្នកស្រី ព្រំ សុកាន ដោយអ្នកស្រីថា សុទ្ធចឹងអត់បាយហូប តែមិនអាចរស់ឡើយប្រសិនគ្មានទឹក។
លោក លួន ល័ក្ខ កំពុងដាំស្លនៅក្រោមរោងលក់ដូរមុខផ្ទះ។ បញ្ហាដូចអ្នកជិតខាងដែរ លោក ល័ក្ខថាដោយសារអណ្ដូងខះទឹក លោកបានសុំអ្នកជិតខាងតបន្តពីបណ្ដាញទឹកស្អាត ដោយគ្រួសារលោកមិនទាន់មានលទ្ធភាពតផ្ទាល់ពីខាងរដ្ឋាករទឹកស្អាត។
អណ្ដូងជម្រៅ២៥ម៉ែត្ររបស់លោក លួន ល័ក្ខ បានរីងទឹកតាំងពីខែមីនាមក ហើយលោកបានលើកពីការកើនឡើងនូវកំដៅបរិយាកាសខ្លាំងនៅឆ្នាំនេះ។ កសិករនៅភូមិព្រៃថ្មីរូបនេះបន្ថែមថា ការប្រើប្រាស់ទឹកគឺមានការសន្សំសំចៃខ្ពស់ ដ្បិតមិនចង់ចំណាយច្រើន។
លោក លួន ល័ក្ខ បានភ្ជាប់បណ្ដាញទឹកស្អាត រីឯអ្នកស្រី ព្រំ សុកាន បានខ្ចីលុយអង្គការដើម្បីបុកអណ្ដូងស្នប់ខ្នាតធំ តែគ្រួសារលោក ហ៊ន ហ៊ត ឯណោះវិញ មិនទាន់មានលទ្ធភាពនៅឡើយ។ សព្វថ្ងៃលោក ហ៊ត ជាអ្នករកត្រី ហើយការរកក៏មិនបានច្រើនដែរ។
លោក ហាយ យង់ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុងនៃរដ្ឋបាលក្រុងសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្នមានត្រឹមមួយសង្កាត់ប៉ុណ្ណោះក្នុងក្រុងសៀមរាបដែលប្រឈមនឹងការខ្វះទឹកនេះ គឺសង្កាត់ទឹកវិលតែម្ដង។ លោកបន្ដថា ភូមិចំនួន៥ក្នុងសង្កាត់ទឹកវិល ដែលនៅតាមបណ្ដោយផ្លូវជាប់អណ្ដូងទឹកធំរបស់រដ្ឋាករទឹកស្អាត ប្រឈមមុខខ្លាំងលើបញ្ហានេះ។ យ៉ាងណាលោក ហាយ យង់ ថាគ្រួសារខ្លះដែលមានធនធាន បាននាំគ្នាបុកអណ្ដូងខ្នាតធំ ដែលមានជម្រៅពី៦០ទៅ៧០ម៉ែត្រ ដើម្បីដោះស្រាយបញ្ហានេះ។
ជាមួយគ្នានេះ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុងបានបញ្ជាក់ថា រដ្ឋបាលក្រុងមានផែនការត្រៀមចុះចែកទឹកដល់ភូមិដែលប្រឈមនឹងកង្វះទឹកនេះរួចហើយដែរ ដើម្បីឱ្យពលរដ្ឋអាចយកទឹកស្អាតប្រើប្រាស់ដោយឥតគិតថ្លែ។ យ៉ាងណាលោក ហាយ យង់ មិនបានបញ្ជាក់ពីពេលវេលានៃការចុះចែកនៅឡើយ តែលោកថា អាជ្ញាធរមានផែនការចុះចែកនៅចំណុចគោលដៅ២កន្លែងក្នុងសង្កាត់ទឹកវិលនេះ។
ដោយសារបរិមាណទឹកទាប មិនត្រឹមតែអណ្ដូងខ្នាតតូចៗដែលខះទឹក សូម្បីអណ្ដូងធំរបស់ខាងរដ្ឋាករទឹកវិញក៏មានបញ្ហាដោយកន្លែងដែរ។ នៅថ្ងៃទី២០ មេសា ដោយមានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា គេឃើញមានការបើកទ្វារទឹកនៅបារាយណ៍ខាងលិច ដើម្បីឱ្យទឹកបានជ្រាបក្រោមដី បង្កើតបរិមាណទឹកមកវិញ សម្រាប់ការប្រើប្រាស់ទឹកស្អាត ដល់ពលរដ្ឋក្នុងក្រុងសៀមរាប។ ហើយនៅថ្ងៃទី២២ មេសា អាជ្ញាធរបានរៀបចំទីតាំងចំនួន២ ដើម្បីឱ្យពលរដ្ឋដែលមានអណ្ដូងខះទឹក អាចមកដងទឹកស្អាតប្រើប្រាស់ដោយឥតគិតថ្លៃ៕