សង្គមអន្តរជាតិ
អន្តរជាតិ
ស្ត្រីម្នាក់ដឹងខ្លួនវិញ ក្រោយសន្លប់ដោយសារគ្រោះថ្នាក់រថយន្តអស់ជិត៣០ឆ្នាំ
× គ្រោះថ្នាក់រថយន្តកាលពីឆ្នាំ១៩៩១ អ្នកស្រី Munira Abdulla ជនជាតិអេមីរ៉ាតអារ៉ាប់រួម បានដឹងខ្លួនវិញហើយ ក្រោយស្ថានភាពសន្លប់អស់រយៈពេល២៧ឆ្នាំ។ នេះបើយោងតាមការផ្សាយរបស់កាសែត The National ។
រស់នៅក្នុងក្រុងAl Ain អ្នកស្រី Abdulla បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ១៩៩១ នៅពេលដែលគាត់មានអាយុ៣២ឆ្នាំ។ កាលណោះ រថយន្តរបស់គាត់បានក្រឡាប់ ក្រោយបុករថយន្តសាលាមួយ។ អ្នកស្រីបានរបួស និងសន្លប់ បន្ទាប់ពីព្យាយាមសង្គ្រោះកូនប្រុស Omar Weibar អាយុ៤ឆ្នាំរបស់ខ្លួន។
បច្ចុប្បន្ន មានវ័យ៣២ឆ្នាំ Weibar ទទួលបានសារអបអរសាទរជាច្រើនពីសំណាក់មិត្តភក្តិនៅអារ៉ាប់រួមអេមីរ៉ាត និងលើពិភពលោក ទាក់ទងនឹងដំណឹងនៃការដឹងខ្លួនរបស់ម្តាយវិញ ក្រោយសន្លប់អស់ជិត៣០ឆ្នាំ។ «សម្រាប់យើងទាំងអស់គ្នា ករណីនេះពិតជាអស្ចារ្យណាស់ យើងតែងតែរង់ចាំគាត់និយាយ តាមរយៈសំណេរ ប៉ុន្តែពេលគាត់និយាយពេញពាក្យចេញពីមាត់គាត់»។ នេះជាការរៀបរាប់ទាំងរំភើបរបស់ Weibar ដោយខ្លួនជាមនុស្សទីមួយដែលម្តាយហៅដំបូងគេបំផុត ក្រោយគាត់សន្លប់ជិត៣០ឆ្នាំ។
ក្រោយគ្រោះថ្នាក់រថយន្ត អ្នកស្រី Abdulla រងរបួសខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ គាត់ត្រូវបានបញ្ជូនព្យាបាលពីពេទ្យមួយទៅពេទ្យនៅអេមេរ៉ាតអារ៉ាប់រួម ហើយឈានដល់ខែមេសា ឆ្នាំ២០១៧ រដ្ឋាភិបាលបានខ្នះខ្នែងចេញថវិកា និងបញ្ជូនគាត់ទៅព្យាបាលនៅអាល្លឺម៉ង់។
ក្រោយព្យាបាលអស់ជាច្រើនឆ្នាំ ហើយឈានដល់សប្តាហ៍ចុងក្រោយនៅអឺរ៉ុបទៅហើយនោះ Weibar ស្រាប់តែលឺសំឡេងចម្លែកចេញពីម្តាយរបស់ខ្លួន។ គេបានហៅពេទ្យទៅពិនិត្យមើល ប៉ុន្តែភ្លាមៗ ក្រុមវេជ្ជបណ្ឌិតរកមិនឃើញអ្វីប្លែកឡើយ។
Weibar បានប្រាប់ The National ថា៖ «៣ថ្ងៃក្រោយមក ខ្ញុំបានភ្ញាក់ ហើយស្រាប់តែឮសំឡេងមនុស្សហៅឈ្មោះខ្ញុំ។ អ្នកនោះគឺម្តាយខ្ញុំ គាត់ហៅឈ្មោះខ្ញុំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ច្រើនឆ្នាំហើយដែលខ្ញុំរង់ចាំ។ ឈ្មោះរបស់ខ្ញុំគឺពាក្យដំបូងដែលគាត់បាននិយាយ»។
អ្នកស្រី Abdulla បន្តស្ថិតក្រោមការព្យាបាលបន្ថែមនៅក្រុងអាប៊ូដាប៊ី។ គាត់កំពុងតែមានរីកចម្រើនច្រើន ដោយអាចឆ្លើយសំណួរ និងបង្ហាញពីសញ្ញាប្រក្រតី។ ក្រុមវេជ្ជបណ្ឌិតជំនាញ បានបញ្ជាក់ថា នេះជាករណីដ៏កម្របំផុតដែលមនុស្សសន្លប់រហូតដល់ជិត៣០ឆ្នាំ ហើយឈានទៅរកភាពប្រក្រតីឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com