ភ្នំពេញ៖ ទោះបីមុខរបរត្បាញពិដានលក់ ប្រៀបបាននឹងដំណើរអណ្ដើកដើរយ៉ាងណាក្ដី តែអ្នកស្រី ប៉ិច លីគីម នៅតែខំតស៊ូត្បាញរហូតដល់សព្វថ្ងៃ។ ទីផ្សារចង្អៀត ចាយពេលត្បាញរាប់ខែ ភាពស្មុគស្មាញនៃការចងក្បាច់និងរូប ព្រមទាំងភាពលំបាកនៃការជ្រលក់ពណ៌ ល្មមឱ្យមនុស្សធម្មតាបោះបង់ចោលរបរនេះដោយងាយ។ គិតខុសពីគេ អ្នកស្រី ប៉ិច លីគីម បែរជាមានចំណូលចិត្តខ្លាំងលើការងារលំបាកទាំងនេះទៅវិញ។
តទៅនេះដើម្បីជ្រាបច្បាស់ពីភាពតស៊ូត្បាញពិដានរបស់អ្នកស្រី ប៉ិច លីគីម សូមស្ដាប់ជីវព័ត៌មាន ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
មុននឹងចូលដល់ដំណើរការត្បាញពិដានរបស់អ្នកស្រី ប៉ិច លីគីម ខ្ញុំសូមជម្រាប់ជូនលោកអ្នកពីថា អ្វីទៅជាពិដានបន្តិចសិន។ ប្រហែលជាមានអ្នកខ្លះយល់ច្រឡំថាពិដាននៅទីនេះ គឺជាពិដានផ្ទះ តែមិនដូច្នោះទេ។ ពិដាននៅទីនេះគេត្បាញពីសរសៃសូត្រ ដោយមានចងគោម ជាភាសាសម្រាប់អ្នកត្បាញ និងភាសាធម្មតាគេហៅចងម៉ូដ។ គេត្បាញពិដានពីរឿងពុទ្ធប្រវត្តិ។ ពីសម័យដើម ខ្មែរនិយមយកពិដានទៅចងនៅខាងក្រោយរូបពុទ្ធបដិមា នៅក្នុងព្រះវិហារ។ ខ្ញុំសូមជម្រាបពីលក្ខណៈរបស់ពិដានតែត្រឹមប៉ុណ្ណោះ ដោយមកលម្អិតពីការប្រកបរបរត្បាញពិដានរបស់អ្នកស្រី ប៉ិច លីគីម វិញ។
មានស្រុកកំណើតនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ អ្នកស្រី ប៉ិច លីគីម បច្ចុប្បន្ននៅបន្តអាជីពត្បាញពិដាន ដែលប្រៀបដូចសំណាបចាំទឹកភ្លៀងនោះ។ ការត្បាញពិដានជាការងារស្មុគស្មាញ ហើយទាមទារអ្នកមានភាពអំណត់ខ្លាំងទើបអាចធ្វើទៅបាន។
អ្នកស្រី លីគីម ព្យាយាមយកឧបករណ៍ជាច្រើនមកបង្ហាញខ្ញុំ អមដោយចម្លើយពន្យល់របស់គាត់ ដើម្បីឱ្យខ្ញុំងាយយល់ពីដំណើរការត្បាញពិដាន។ យកទាំងរូបថត និងវត្ថុពិតមកបង្ហាញខ្ញុំ អ្នកស្រី ប៉ិច លីគីម រៀបរាប់ដូច្នេះ ៖«គេយកគំរូមកឱ្យ ហើយយើងធ្វើតាមគំរូគេ។ ដំបូងយើងយកអំបោះមកអន្ទង ឱ្យស្មើគ្នាឱ្យអស់ បានយើងចាប់ផ្ដើមចងរូប។ នេះចងរូបព្រះចូលនិព្វាន។ បើអ្នកមិនយល់ថាគំនូរស្អាតជាង តែនេះរាប់សរសៃសូត្រឱ្យស្មើគ្នា ហើយធ្វើយ៉ាងណាឱ្យចេញរូប»។
ជាការពិតដំណើររឿងពុទ្ធប្រវត្តិ មានទាំងរូបមនុស្ស រូបសត្វច្រើនប្រភេទ រូបព្រៃឈើគ្រប់សណ្ឋាន រូបទឹកជ្រោះ និងរូបសំណង់ប្រាសាទផ្សេងៗជាដើម ការត្បាញពិដាន ក៏ត្រូវត្បាញទៅតាមរូបទាំងនោះដែរ។ ព្រោះមិនមែនជាអ្នកត្បាញ ខ្ញុំពិតជាពិបាកយល់ពីដំណើរការត្បាញនេះណាស់ តែស្ត្រីសម្បុរស្រអែមដែលនៅជិតស្និតនឹងពិដានតាំងពីជាង២០ឆ្នាំមុនរូបនេះនៅតែព្យាយាមពន្យល់ខ្ញុំ៖«រូបខុសគ្នាទាំងអស់។ ឧទាហរណ៍មុខមនុស្ស គេរាប់មានប៉ុន្មានខ្នា ថ្ពាល់ចោលប៉ុនណា ជិតភ្នែកហើយនឹងចិញ្ចើម គេចោលប៉ុន្មានខ្នា យើងចងប៉ុណ្ណឹង»។
វាមិនមែនជារឿងសាមញ្ញទេ ដើម្បីបានរូបផ្សេងៗគ្នា គេត្រូវរាប់សរសៃសូត្រម្ដងមួយសរសៃៗ ហើយចងទៅតាមរូបដែលគេត្រូវការ។ ដៃទាញអំបោះយកទៅរំសរសៃសូត្រ ក្នុងកាយវិការរហ័សរហួន ស្របពេលក្មួយស្រីកំពុងត្បាញហូលនៅក្រោមផ្ទះ ផ្នែកខាងមុខ អ្នកស្រី លីគីម ប្រាប់ពីរបៀបរាប់សរសៃសូត្រដើម្បីចងគោម ឬចងម៉ូដដូច្នេះ ៖«ក្នុងនេះមានប៉ុន្មានសរសៃគេរាប់ឱ្យហើយ។ ក្នុងមួយក្បិននេះមានប៉ុន្មានពាន់ ប៉ុន្មានម៉ឺនសរសៃ? ហើយគេរាប់សរសៃប៉ុនគ្នា បើមិនស្មើចាក់ទៅវាបាត់គោម បាត់គ្រាប់។ ចឹងបានថាខ្ញុំចង់បែកភ្នែក»។
អ្នកស្រីបន្ត ៖«យើងដកម៉ូដចេញពីសៀវភៅ ហើយយើងរាប់ម្ដងមួយគ្រាប់ៗចងតាមហ្នឹងទៅ។ ក្នុងសៀវភៅខុសពីនៅខាងក្រៅ ចឹងបានយើងត្រូវរាប់យ៉ាងណាឱ្យយើងចងកើត អាចជ្រលក់ទៅឃើញម៉ូដ»។
គ្រាន់តែការចងម៉ូដត្រូវចំណាយពេលរាប់ខែទម្រាំរួច ហើយបើម៉ូដណាស្អាតត្រូវការពេលកាន់តែយូរថែមទៀត ៖«ពិបាកមែនទែន គ្រាន់តែចងប្រើពេលរាប់ខែ»។
ចងម៉ូងរួចហើយ ត្រូវយកទៅជ្រលក់ពណ៌ផ្សេងៗគ្នាទៅតាមរូបនីមួយៗ បន្ទាប់មកទើបយកទៅត្បាញ។ ក្នុងមួយថ្ងៃពិដានត្បាញបានត្រឹមតែពីរតឹកប៉ុណ្ណោះ ៖«ត្បាញសូត្រខ្មែរមួយថ្ងៃមិនចង់បានពីរតឹកទេ។ អ្នកបញ្ជាទិញមិនសូវឱ្យធ្វើបួនម៉ែត្រទេ ច្រើនតែបញ្ជាទិញមួយប្លង់២ម៉ែត្រ ឬមួយម៉ែត្រជាង»។
ពីសម័យដើមខ្មែរនិយមត្បាញពិដាន ឬជាវពិដានយកទៅដាក់វត្តដើម្បីបានបុណ្យ តែបច្ចុប្បន្នដោយសារបញ្ហាសេដ្ឋកិច្ច ហើយពិដានមានតម្លៃថ្លៃផង ស្ទើរតែគ្មានសោះអ្នកក្នុងស្រុកជាវទៅដាក់វត្តដូចពីមុន។ អ្នកស្រីត្អូញត្អែរ ៖«ស្រុកយើងដូចជាមិនសូវចាប់អារម្មណ៍ ច្រើនតែបានពីអង្គការនៅក្រៅស្រុក។ មួយខែឬមួយឆ្នាំសឹងតែមិនមានម្នាក់ផងនៅក្នុងស្រុក។ ខ្ញុំអរគុណអង្គការគាំពារកុមារ បានយកទៅផ្សព្វផ្សាយស្រុកគេ»។
ត្រូវការពេលយូរ ចាយកម្លាំងច្រើនលើការចងគោម ហើយប្រឈមបញ្ហាប៉ះពាល់កែវភ្នែកផង ព្រោះត្រូវពិនិត្យគ្រប់សរសៃសូត្រ អ្នកត្បាញរូបនេះប្រាប់ពីតម្លៃទៅតាមទំហំ និងម៉ូដដូច្នេះ៖«ពិដាន២ម៉ែត្រតម្លៃប្រាំរយឬជិតមួយពាន់អីដែរ។ ហើយមានមួយនោះលក់បានមួយពាន់ដុល្លារដែរ ព្រោះត្បាញពីរឿងពុទ្ធប្រវត្តិ ហើយធ្វើផ្ទាំងធំមានខ្នាច្រើន។
និយាយបណ្ដើរ រៀបឧបករណ៍នានាដែលជំនួយដល់ការធ្វើពិដានបណ្ដើរ ស្ត្រីវ័យ៥៩ឆ្នាំរូបនេះថាកាលពីឆ្នាំ២០០៣ សម្បូរអ្នកបញ្ជាទិញ តែបច្ចុប្បន្នក្សត់ខ្សោយ ៖«កាលពី២០០៣គេបញ្ជាទិញញឹក គេយកម៉ូដឱ្យមើល»។
ទោះទីផ្សារពិដានមិនសម្បូរ ដោយមានតែអ្នកក្រៅស្រុកបញ្ជាទិញ ហើយចំណូលមិនអាចទប់ទល់និងការចំណាយប្រចាំថ្ងៃទាន់ពេល តែអ្នកស្រី លីគីម ត្បាញសំពត់ហូលបន្ថែម ដើម្បីបានចំណូលទ្រទ្រង់ជីវភាព ៖« ពិដានយើងធ្វើយូរមែនតែយើងបានប្រាក់ដុំតែម្ដង។ ហើយយើងធ្វើហូលយកលក់នៅផ្សារ គ្រាន់ដោះស្រាយជីវភាពសិន»។
ប្រកបរបរនេះប្រមាណ២០ឆ្នាំ តែជីវភាពអ្នកថែរក្សាអាជីពដែលជាសម្បត្តិមរតកវប្បធម៌ជាតិរូបនេះ នៅតែមធ្យម ៖«ជីវភាពអ្នកត្បាញហូលមធ្យម ឬខ្សោយជាងហ្នឹង មិនមានដូចថៅកែលក់ហូលទេ។ បើហូលក្នុងមួយខែបានពីររយដុល្លារ តែបើពិដានបានប្រហែលបីរយដុល្លារក្នុងមួយខែ»។
ក្មួយស្រី លោក លីវ សាអែម ដែលជាអ្នកធ្វើឱ្យពិដានខ្មែររស់ឡើយវិញដំបូងគេនៅទីក្រុងភ្នំពេញ ក្រោយបែកសម័យសង្គ្រាមប៉ុលពតនោះ ពិតជាពេញចិត្តអាជីពរបស់ខ្លួន។ របរដែលមិនអាចជួយឱ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែជាជំនាញដែលហត់នឿយខ្លាំង និងប្រឈមអស់ខ្យល់ដកដង្ហើមជាបណ្ដើរៗទៅហើយនោះ អ្នកស្រី ប៉ិច លីគីម ថាវាមានតម្លៃសម្រាប់កេរ្ដិ៍ឈ្មោះ និងតម្លៃជាសម្បត្តិវប្បធម៌ជាតិ ៖«ចិត្តមួយថាធុញ តែចិត្តមួយគិតថាបើយើងធុញមិនហើយ។ គេសួរថាត្បាញញឹកយ៉ាងហ្នឹងមិនខ្ជិលទេ ខ្ញុំថាដូចជាឈប់ខ្ជិលហើយ។ ចង់បោះបង់ដែរ តែខ្ញុំគិតថាមុខរបរនេះមានឈ្មោះជាងមុខរបរផ្សេង។ ឈ្មោះខ្ញុំទៅដល់ណាគេស្គាល់ដល់ហ្នឹង។ ទៅថ្ងៃមុខខ្ញុំនៅមានឈ្មោះ និងនៅសល់កេរ្ដិ៍របស់ខ្ញុំដែរ»៕