វិទ្យាល័យ​ក្រុង​ទេពនិម្មិត​ប៉ៃលិន ហាម​សិស្ស​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅ​ម៉ោង​រៀន ដើម្បី​ពង្រឹង​ការសិក្សា​
ជាតិ
សង្គមជាតិ
វិទ្យាល័យ​ក្រុង​ទេពនិម្មិត​ប៉ៃលិន ហាម​សិស្ស​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅ​ម៉ោង​រៀន ដើម្បី​ពង្រឹង​ការសិក្សា​
27, Apr 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ គណៈ​គ្រប់គ្រង​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន នៅ​ខេត្ត​ប៉ៃលិន បាន​អនុវត្ត​វិធានការ​រឹតបន្តឹង​ការអប់រំ ដោយ​ហាមឃាត់​សិស្ស​មិន​ឲ្យ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ក្នុង​ម៉ោង​រៀន ឬ​ម៉ោង​ចេញលេង ក្រោយពី​មានការ​បង្គាប់​ពី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​។

 
​លោក មាស សារី នាយករង​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន  បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការ​រឹតបន្តឹង​គុណភាព​អប់រំ​នេះ ដោយសារ​សង្កេតឃើញ​សិស្ស​ប្រើប្រាស់​ទូរ​សព្ទ​ដៃ មិនមាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ក្បួន​របស់​កម្មវិធីសិក្សា​ច្រើន ទើប​គណៈ​គ្រប់គ្រង​សាលា​ចេញ​វិធានការ​បែបនេះ​។​បើតាម​លោក មាស សារី គោលបំណង​នៃ​ការហាម​សិស្ស​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​នេះ គឺ​ចង់​ឲ្យ​ពួកគេ​ផ្តោតអារម្មណ៍​លើ​ការសិក្សា​ជាជាង​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​ដែល​នាំ​ឲ្យ​ភ្លេច​ការសិក្សា​។ 
 
​លោក មាស សារី បានបញ្ជាក់​ដូច្នេះ​ថា​៖«​តាម​ការតាមដាន​កន្ល​ង​មក យើង​ឃើញថា​សិស្សានុសិស្ស​មានការ​ប្រើប្រាស់​ទូរ​សព្ទ​ដើម្បី​តែ​លេង​ហ្គេម​ផ្តេសផ្តាស ឬ​លេង​ហ្វេ​ស​ប៊ុ​ក ឬ​មើល​ឆាត​ឆ្លងឆ្លើយ​គ្នា ដែល​ពួកគេ​មិនមែន​ប្រើប្រាស់​វា​ដើម្បី​ស្រាវជ្រាវ​រក​ឯកសារ​មេរៀន​នោះទេ​។ ហេតុ​ដូច្នេះហើយ ទើប​ខាង​សាលា​យើង​អនុវត្ត​បទបញ្ជា​ថ្មី​ដោយ​ដកហូត​ទូរ​សព្ទ​សិស្ស​មិន​ឲ្យ​ប្រើ​នៅពេល​ម៉ោង​រៀន ឬ​នៅ​បរិវេណ​សាលារៀន ដើម្បី​ឲ្យ​ពួកគេ​ខិតខំ​រៀនសូត្រ​ឡើងវិញ​។ សម្រាប់​សិស្ស​ដែលមាន​ករណី​ចាំបាច់​ជាមួយ​អាណាព្យាបាល ខាង​សាលា​អាច​អនុញ្ញាត​ឲ្យ​អាណាព្យាបាល​សិស្ស​ទាក់ទង​មក​ខាង​សាលា​ផ្ទាល់​តែប៉ុណ្ណោះ​»​។​
 
​នាយករង​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន​រូបនេះ បាន​សង្ឃឹមថា ការអនុវត្ត​បទបញ្ជា​នេះ​នឹងមាន​ប្រសិទ្ធភាព ដែល​អាច​ឲ្យ​សិស្ស​ផ្តោតលើ​ការសិក្សា​កាន់តែ​ល្អប្រសើរ​។ ការហាម​ប្រាម​ថ្មី​នេះ ត្រូវបានចុះហត្ថលេខាដោយ​លោក ខាំ យ៉ារិន ដែលជានាយកសាលា កាលពី​ថ្ងៃទី​២៦ ខែមេសា​ ក្នុងគោល​បំណង​​ជំរុញ​សិស្ស​ឲ្យ​ផ្តោតលើ​ការសិក្សា​ឲ្យ​កាន់តែខ្លាំង​ឡើងៗ​។ ជាមួយគ្នា​ផងដែរ សាលា​នឹង​បំពាក់​កុំព្យូទ័រ​ទំនើបៗ​ជាច្រើន​គ្រឿង សម្រាប់​ឲ្យ​សិស្ស​ស្រាវជ្រាវ​មេរៀន​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស សារី​៕ 
 

Tag:
 វិទ្យាល័យ​
 ​ សិស្ស​
 ​ ទូរ​សព្ទ​
 ​ អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com