ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី ស្មី​ត មក​ខ្មែរ​លើក​ទី​៧ ដោយ​ផ្តោត​សំខាន់​លើ​ការសង្កេតមើល​បញ្ហា​សិទ្ធិមនុស្ស​
28, Apr 2019 , 8:19 am        
រូបភាព
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជួបពិភាក្សាជាមួយលោក​ កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាពេលកន្លងមក។ រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជួបពិភាក្សាជាមួយលោក​ កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាពេលកន្លងមក។ រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ដោយ: ថ្មីៗ
​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ជូនដំណឹង​ថា អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ទី​៧ ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​។


«​ខ្ញុំ នឹង​ផ្តោត​បេសកកម្ម​របស់ខ្ញុំ ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិ​វត្ត​នានា ចាប់តាំងពី​បេសកកម្ម​របស់ខ្ញុំ កាលពី​ខែវិច្ឆិកា [​ឆ្នាំ​២០១៨] កន្លងមក​។ ខ្ញុំ មានបំណង​បន្ត​ពិនិត្យ​ទៅលើ​វិស័យ​សិទ្ធិមនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការមិន​រើសអើង ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​»​។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី ស្មី​ត ដែល​ត្រូវបាន​ស្រង់​យកទៅ​សរសេរ​ក្នុង​សេចក្តីជូនដំណឹង​។ 
 
​បើតាម​សេចក្តីជូនដំណឹង អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​រូបនេះ នឹង​ជួប​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល និង​សមាគម​ការទូត​នានា​។ លើសពីនេះ អ្នកស្រី នឹង​ចុះ​ទៅតាម​តំបន់​ផ្សេងៗ​នៅ​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​។ អ្នកស្រី នឹង​សរសេរ​របាយការណ៍​ពី​កម្ពុជា ហើយ​យកទៅ​បង្ហាញ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ នៅ​ខែកញ្ញា ឆ្នាំ​២០១៩​។ 
 
​ពេល​បញ្ចប់​ទស្សនកិច្ច នៅ​រសៀល​នៅ​ថ្ងៃទី​៩ ខែឧសភា អ្នកស្រី នឹងធ្វើ​សន្និសីទកាសែត​ដូច​រាល់ដង ដើម្បី​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ​របស់​អ្នកស្រី មុននឹង​អ្នកស្រី ចាក​ចេញពី​កម្ពុជា​៕  

Tag:
 ​រ៉ូ​ណា ស្មី​ត​
© រក្សាសិទ្ធិដោយ thmeythmey.com