ជាតិ
សង្គមជាតិ
ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តតាកែវ​
28, Apr 2019 , 8:59 am        
រូបភាព
រូបភាពបង្ហាញ​ពិធី​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំ​២០១៨
រូបភាពបង្ហាញ​ពិធី​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំ​២០១៨
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅលើ​ទឹកដី​ខេត្តតាកែវ នា​ថ្ងៃទី​២២ ខែឧសភា​ខាងមុខនេះ​។



​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​រៀបចំ​នៅ​ទី​ព្រះ​ស្រែ​(​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ​) ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នឹង​ប្រារព្ធ​នៅក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។  
 
​ព្រឹត្តិការណ៍​បុណ្យជាតិ​នេះ ចាត់ទុកថា​ជាការ​បង្ហាញ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ឈ្វេងយល់​កាន់តែច្បាស់​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ ដែលមាន​តាំងពី​បុរាណកាល​មក​។ ម្យ៉ាងទៀត​ព្រឹត្តិការណ៍​នេះ ជា​ពិធី​ប្រព្រឹត្ត​ឡើងជា​មង្គល ឧទ្ទិស​ដល់​ការចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចម្ការ​របស់​ប្រជាកសិករ និង​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ឲ្យ​បង្អុរ​ទឹកភ្លៀង​បរិបូរណ៍​តាម​រដូវ​កាល និង​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ​ទទួលបាន​ភោគផល​ខ្ពស់​។ 
 
​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​បុណ្យជាតិ មាន​ភាព​មហា​ឡា​រិ​ក  ក្រសួងទេសចរណ៍ ក៏​នឹង​ត្រៀម​រៀបចំ​ស្តង់​ពិព័រណ៍​រូបភាព ដើម្បី​បង្ហាញ​ពី​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដែលមាន​កំណើន​ជា​លំដាប់ និង​មាន​ការតាំង​បង្ហាញ​ផលិតផល​ទេសចរណ៍​ពិសេស ផលិតផល​កសិករ​ទេស​ចរណ៍ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​។ 
 
​ភោគផល​ដំណាំ​ដែលជា​អាហារ​ចំនួន​៧​មុខ សម្រាប់​គោ​ឧសភរាជ​២​ក្បាល​បរិភោគ​រួមមាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និង​ស្រា​។ ក្រោយ​គោ​ឧសភរាជ​បរិភោគ​អាហារ​ទាំងនេះ​រួច បា​គូ​ប្រចាំ​ព្រះបរមរាជវាំង នឹង​ទស្សន៍ទាយ​ទៅតាម​ក្បួន​បុរាណ អំពី​លទ្ធផល​នៃ​ភោគផល​ដំណាំ​ប្រចាំ​៕
 
 
 

Tag:
 ​ច្រត់ព្រះនង្គ័ល​
 ​ កសិកម្ម​
 ​ ប្រជាកសិករ​
  ​តាកែវ​
 ​ ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com