ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាអំណាច​ចិន ប្រកាស​ចេញមុខ​ជួយ​កម្ពុជា​លើ​គ្រប់​បញ្ហា
28, Apr 2019 , 11:15 am        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក វ៉ាង ហ៊ូ​នី​ង នៅទីក្រុងប៉េកាំង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក វ៉ាង ហ៊ូ​នី​ង នៅទីក្រុងប៉េកាំង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​មិន​ថា​មាន​បញ្ហា​អ្វី​នោះទេ ​ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក នឹង​ចេញមុខ​ជួយ​ដោះស្រាយ​កម្ពុជា​។ លោក វ៉ាង ហ៊ូ​នី​ង សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន បាន​និយាយ​បែបនេះ នៅ​ចំពោះមុខ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​




​លោក វ៉ាង ហ៊ូ​នី​ង ដែល​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​មានអំណាច​លំដាប់​ទី​៥​របស់​ចិន បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា ដោយ​ក្នុងនោះ រួមទាំង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផងដែរ​។​
 
​លោក វ៉ាង ហ៊ូ​នី​ង បាន​ប្រាប់​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​-​ចិន គឺជា​មិត្ត​ដែកថែប ដូច្នេះ «​បើ​កម្ពុជា​ជួប​បញ្ហា​អ្វី ចិន​នឹង​ជួយ​ដល់​កម្ពុជា​»​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បាន​សរសេរ​ពីស​ម្តី​របស់លោក វ៉ាង ហ៊ូ​នី​ង យ៉ាង​ដូច្នេះ​ថា «​ភាគី​ចិន បាន​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការដក EBA របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា តែ​មិនមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ហើយ​ចិន​នឹង​រិះរក​វិធី​ផ្សេងៗ​ជួយ​ដល់​កម្ពុជា​»​។​
 
​មេដឹកនាំ​ទាំង២ បាន​ជួបគ្នា នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩​។ ជំនួប​ដាច់ដោយឡែក​នេះ គឺ​កើតឡើង ក្នុងឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២​របស់​ចិន» ក្នុង​ទីក្រុង​ប៉េកាំង។  
 
​ក្នុងជំនួប​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ឲ្យ​ចិន​បើក​ទីផ្សារ​ថែមទៀត ដើម្បីឲ្យ​ផលិតផល និង​កសិផល​កម្ពុ​ជា​ អាចនាំចេញ​ទៅកាន់​ចិនកាន់តែច្រើន​។ ប្រម​ខុ​រដ្ឋាភិបាល បញ្ជាក់ថា បច្ចុប្បន្ន រោងចក្រ​ចិន​នៅ​កម្ពុជា មាន​ជាង​៧០០ ក្នុងចំណោម​រោងចក្រ​ជាង​១​ពាន់ ហើយ​ការដែល​ក្រុមហ៊ុន​ចិន​បន្តធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំង២ ហើយ​ការដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ថ្មី​ទៅរក​ស៊ី​នៅ​កម្ពុជា គឺ​ស្របទៅតាម​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន​។​
 
​ក្រៅពី​ជួបលោក វ៉ាង ហ៊ូ​នី​ង មេដឹកនាំ​កម្ពុជា នឹង​បន្ត​ជួប​មេដឹកនាំ​កំពូល​របស់​ចិន​ពីរ​រូបទៀត គឺ​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង និង លោកនាយក​រដ្ឋមន្ត្រី លី ខឹ​ឈាង​។​
 
​សូមបញ្ជាក់ ចិន បានប្រកាស​ទិញ​អង្ករ​៤០​ម៉ឺន​តោន​ពី​កម្ពុជា ក្នុង​ឆ្នាំ​២០១៩៕ 

Tag:
 កម្ពុជា​-​ចិន​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com