ប្រធានក្លិបអង្គរថាយហ្គឺរលោក Akihiro Kato រំពឹងអាចទាក់ទាញអ្នកគាំទ្រ៥ពាន់នាក់ ពេលបើកទ្វារកីឡដ្ឋានខេត្តសៀមរាបស្វាគមន៍ជើងខ្លាំងវិសាខា សម្រាប់ជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅរសៀលថ្ងៃទី២៨ ខែមេសានេះ។ ក្រៅពីជំនួបដ៏ជក់ចិត្តនេះ ក៏មានការប្រកួត៣គូទៀតផងដែរ ក្នុងនោះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះសូលទីឡូអង្គរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈគីរីវង់សុខសែនជ័យស្វាគមន៍ណាហ្គាវើល ក្រោយភ្នំពេញក្រោនជួបអាស៊ីអឺរ៉ុប។
អង្គរថាយហ្គឺរ Vs វិសាខានៅកីឡដ្ឋានខេត្តសៀមរាប វេលាម៉ោង៣:៣០នាទី
ក្រៅពីលត់កំពង់ចាម ១១-០ អង្គរថាយហ្គឺរទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ ដោយស្មើ ១-១ ជាមួយក្រសួងការពារជាតិ និងបឹងកេត មុនបន្តយកឈ្នះក្រុមពោរពេញដោយយុវជនជម្រើសជាតិ U18 បាទី ៦-០។ អង្គរថាយហ្គឺររំពឹងប្រើភាពមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះនៅថ្ងៃនេះ យកឈ្នះជើងខ្លាំងវិសាខា ដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់។
តែយ៉ាងណា វាមិនងាយស្រួលក្នុងការយកឈ្នះសម្រាប់អង្គរថាយហ្គឺរនោះឡើយ ព្រោះ៤ប្រកួតកន្លងមករបស់វិសាខា ក្រុមនេះមិនទាន់ស្គាល់ពាក្យចាញ់ដូចគ្នា។ ក្រោយស្មើ ០-០ ជាមួយសូលទីឡូអង្គរក្នុងជំនួបបើកឆាក វិសាលាទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ តាមរយៈយកឈ្នះគីរីវង់សុខសែនជ័យ ២-០ ឈ្នះភ្នំពេញក្រោន ៣-១ និងឈ្នះអគ្គិសនីកម្ពុជា ៤-០។ បច្ចុប្បន្នវិសាខាស្ថិតនៅលេខ៤មាន១០ពិន្ទុ ខណៈអង្គរថាយហ្គឺរស្ថិតនៅលេខ៦មាន៨ពិន្ទុ។
ប្រធានក្លិបអង្គរថាយហ្គឺរលោក Akihiro Kato ជំនួបនេះអាចទាក់ទាញអ្នកទស្សនា៥ពាន់នាក់ ដើម្បីបំបែកកំណត់ត្រាក្នុងនាមជាក្រុមមានអ្នកទស្សនាការប្រកួតច្រើនជាងគេ។ កាលពីពេលថ្មីៗក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ បានបង្កើតក្រុមអ្នកគាំទ្រផ្ទាល់ខ្លួនមានឈ្មោះថា«Tiger Army» បន្ទាប់ពីក្លិបនេះបានជាប់ជាក្លិបមានអ្នកទស្សនាការប្រកួតច្រើនជាងគេនៅឆ្នាំ២០១៨។
អគ្គស្នងការដ្ឋាននគរបាលជាតិ Vs សូលទីឡូអង្គរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា វេលម៉ោង៣:៣០នាទី
ក្រោយយកឈ្នះអាស៊ីអឺរ៉ុប ៣-២ បន្ទាប់ពីចាញ់ព្រះខ័នរាជស្វាយរៀង ២-០ ក្នុងជំនួបបើកឆាក ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា បានរងបរាជ័យជាបន្តបន្ទាប់ដោយចាញ់ណាហ្គាវើល ៦-០ និងចាញ់ក្រសួងការពារជាតិ ៤-២។ ក្រុមស្ថិតនៅលេខរៀងទី១១មាន៣ពិន្ទុមួយនេះ រំពឹងយកឈ្នះដើម្បីស្តារមុខមាត់ ខណៈសូលទីឡូអង្គរ ក៏រំពឹងស្គាល់ជ័យជម្នះជាលើកដំបូងដូចគ្នា។ បច្ចុប្បន្នសូលទីឡូអង្គរស្ថិតនៅបាតតារាងមាន១ពិន្ទុ ដែលមកពីការស្មើ ០-០ ជាមួយវិសាខា។
គីរីវង់សុខសែនជ័យ Vs ណាហ្គាវើលនៅកីឡដ្ឋានគីរីវង់ វេលាម៉ោង៣:៣០នាទី
ក្រោយយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ៤-១ ក្នុងជំនួបបើកឆាកលីគកំពូល ក្រុមគីរីវង់សុខសែនជ័យបានរងការខកចិត្តជាបន្តបន្ទាប់ដោយចាញ់វិសាខា និងព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ២-០ ដូចគ្នា និងចាញ់អាស៊ីអឺរ៉ុប ២-១ កាលពីសប្តាហ៍មុន។ ទោះបីមិនហ៊ានរំពឹងរហូតឈានដល់យកឈ្នះ តែគីរីវង់ រំពឹងមិនរបូតគ្រាប់បាល់ច្រើនពេលប៉ះណាហ្គាវើលនៅថ្ងៃនេះ។ បច្ចុប្បន្នណាហ្គាវើលស្ថិតនៅលេខរៀងទី៥មាន៩ពិន្ទុ ក្រោយឈ្នះ៣ និងចាញ់១ ក្នុងនោះយកឈ្នះអាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ ១-០ និងឈ្នអគ្គស្នងការដ្ឋាននគរបាលជាតិ ៦-០ និងចាញ់ក្រសួងការពារជាតិ ៤-២។
ភ្នំពេញក្រោន Vs អាស៊ីអឺរ៉ុបនៅកីឡដ្ឋាន Smart RSN វេលាម៉ោង៦ល្ងាច
ភ្នំពេញក្រោនក្រោមការដឹកនាំរបស់លោក Leonardo Vitorino ក្នុងរដូវកាលថ្មីនេះ ហាក់ទទួលលទ្ធផលមិនគាប់ប្រសើរនោះឡើយ ពោលគឺក្រោយយកឈ្នះយុវជន U18 បាទី ២-០ បន្ទាប់ពីចាញ់បឹងកេតក្នុងជំនួបបើកឆាក ៣-២ ក្រុមនេះបានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាបន្តបន្ទាប់។ សម្រាប់ការបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍វិសាខាក្នុងសប្តាហ៍ទី៣ ភ្នំពេញក្រោនបានរងការខកចិត្តជាមួយលទ្ធផល ៣-១ ហើយបានបន្តចាញ់យ៉ាងជូរចត់ក្នុងលទ្ធផល ៥-១ ក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀង។
ចំណែកអាស៊ីអឺរ៉ុបក្រោយចាញ់ជាបន្តបន្ទាប់ក្រោមថ្វីជើងណាហ្គាវើល ១-០ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២ ក្រុមនេះបានស្តារមុខមាត់ឡើងវិញតាមរយៈយកឈ្នះគូប្រកួតពីរប្រកួតចុងក្រោយ ដោយឈ្នះសូលទីឡូអង្គរ និងគីរីវង់សុខសែនជ័យក្នុងលទ្ធផល ២-១ ដូចគ្នា។ បច្ចុប្បន្ននេះស្ថិតនៅលេខរៀងទី៧មាន៦ពិន្ទុ ខណៈភ្នំពេញក្រោនស្ថិតនៅលេខរៀងទី១០មាន៣ពិន្ទុ។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ ក្រុមបឹងកេតបានធ្វើឲ្យក្រសួងការពារជាតិស្គាល់បរាជ័យជាលើកដំបូង បន្ទាប់ពីពួកគេបានយកឈ្នះក្នុងលទ្ធផល ២-០។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះអគ្គិសនីកម្ពុជា ១-០ ដើម្បីបន្តក្តោមក្តាប់កំពូលតារាង និងរក្សាកំណត់ត្រាឈ្នះ។ ដោយឡែក ក្រុមយុវជន U18 បាទីទទួលបានជ័យជម្នះជាលើកដំបូង ក្រោយយកឈ្នះក្រុមកំពង់ចាមក្នុងលទ្ធផល ៣-០៕