ភ្នំពេញ៖ ចិនមិននិយាយសម្តីឥតប្រយោជន៍ ហើយថែមទាំងមានស្មារតីសហការល្អជាមួយបណ្ដាប្រទេសនានាទៀតផង។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការសាធារណការ និងដឹកជញ្ជូនកម្ពុជា ដែលបានលើកពីគុណសម្បត្តិរបស់ចិន នៅក្នុងអនុវេទិកាស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ មេសា។
លោក ស៊ុន ចាន់ថុល ដែលបានអមដំណើរជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមវេទិកា«ខ្សែក្រវ៉ាត់និងវិថី»លើកទី២នោះ បានថ្លែងក្នុងកម្មវិធីមួយដោយឡែកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដែលគាំទ្រដោយប្រទេសចិន គឺជាលើកកម្ពស់ទាំងការតភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ការអភិវឌ្ឍនេះធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់ដល់កម្ពុជា និងបណ្តាប្រទេសដែលចូលរួមគម្រោងផ្ដួចផ្ដើម«ខ្សែក្រវ៉ាត់និងវិថី»ផ្សេងទៀត។
«កម្ពុជាមានមោទនភាពដែលបានក្លាយជាសមាជិកស្ថាបនិកធនាគារ AIIB ជាអ្នកគាំទ្រ និងជាអ្នកទទួលផលពីគំនិតផ្តួចផ្តើមនេះ»។ នេះជាលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដែលបានស្រង់សម្តីដោយហ្វេសប៊ុកក្រសួងសាធារណការ។
សម្រាប់រដ្ឋមន្ត្រីសាធារណការកម្ពុជារូបនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន គឺជាដំណើរវិជ្ជមានថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដោយផ្អែកលើការសន្ទនាគ្នា ហើយបញ្ចៀសការប្រឈមមុខដាក់គ្នា។ លោក ស៊ុន ចាន់ថុល ប្រកាសជំហរថា កម្ពុជាគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់និងពហុភាគី និងទទួលយកសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានតម្លាភាព ហើយមិនរើសអើងនិងមានតុល្យភាព។
ថ្លែងបែបនេះហើយ លោក ស៊ុន ចាន់ថុល ឆ្លៀតសរសើរចិនដូច្នេះថា៖«ប្រទេសចិនមិននិយាយសំដីឥតប្រយោជន៍ ប៉ុន្តែមានស្មារតីសហការល្អជាមួយបណ្តាប្រទេសនានា ដើម្បីគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង ដែលនាំមកនូវភាពរុងរឿងដោយផ្អែកលើគោលការណ៍សកល»។
បច្ចុប្បន្ននេះ កម្ពុជាបានសាងសង់ផ្លូវមានប្រវែងជាង៣០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន៨ និងកំពង់ផែទន្លេមេគង្គមួយ ដែលជាប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណងពីប្រទេសចិន ។ កាលពីពេលថ្មីនេះ កម្ពុជាបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ក្រោមប្រភេទវិនិយោគBOT(កសាង ប្រតិបត្តិ ផ្ទេរ) ក្នុងរង្វង់ទឹកប្រាក់ប្រមាណពីរពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម«ខ្សែក្រវ៉ាត់ និងវិថី» របស់ចិន។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីសាធារណការ ដែលបានបន្ថែមថា កម្ពុជា ក៏ទទួលបានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទម្រង់នៃប្រាក់កម្ចីសម្បទាន ពីជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្រៅពីចិនផងដែរ។
ជុំវិញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងវិថី»របស់ចិន ត្រូវបានគេរិះគន់ថា ចិនប្រើប្រាស់គម្រោងនេះ ដើម្បីបំពេញមហិច្ជតាអំណាចរបស់ខ្លួនប៉ុណ្ណោះ ។ហើយរាល់ការវិនិយោគរបស់ចិន នៅក្នុងតំបន់ ឬប្រទេសណា គឺប្រទេសនោះ នឹងជាប់អន្ទាក់បំណុលចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី»នេះ។
តែយ៉ាងណាប្រមុខរដ្ឋាភិបាលកម្ពុជា មើលមិនឃើញពីភាពអវិជ្ជមាននៃគម្រោងគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់ និងវិថី»របស់ចិន ដែលអាចធ្វើឲ្យប្រទេសក្រីក្រជាប់អន្ទាក់បំណុល ដូចការលើកឡើងរបស់អ្នកវិភាគ ឬអ្នកសេដ្ឋកិច្ចវិទូឡើយ។ ផ្ទុយពីក្តីព្រួយបារម្ភរបស់អ្នកទាំងនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ថា គម្រោង«ខ្សែក្រវាត់ និងវិថី»នេះ វានឹងជួយចូលរួមអភិវឌ្ឍន៍ដល់ប្រទេសក្រីក្រ និងប្រទេសងើបចេញពីបន្ទាត់ក្រីក្រ ឆ្ពោះទៅកាន់ការអភិវឌ្ឍ រួមទាំងប្រយោជន៍សេដ្ឋកិច្ចផ្សេងទៀត ដល់ប្រទេសនៅលើសាកលលោក។ សម្រាប់សម្ដេច ហ៊ុន សែន គម្រោង« ខ្សែក្រវាត់ និងវិថី»របស់ចិន វាមិនមែនជាអន្ទាក់បំណុលឡើយ៕