អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា​ជំរុញ​ឲ្យ​រដ្ឋ​អាហ្វ្រិក​ចូលរួម​ជំរុញ​ការកែទម្រង់ UN និង​ចូល​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​
28, Apr 2019 , 2:33 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ឥណ្ឌា បាន​ជំរុញ​ឲ្យ​ក្រុម​ប្រទេស​អាហ្វ្រិក​ចូលរួម​ពិភាក្សា និង​ចរចា​ឲ្យ​បាន​សកម្ម​ក្នុង​ដំណើរការ នៃ​ការកែទម្រង់​អង្គការសហប្រជាជាតិ ជាពិសេស​នោះ​នៅក្នុង​សមាសភាព​ក្រុមប្រឹក្សាសន្តិសុខ​តែម្តង​។ ឥណ្ឌា មិន​យល់​ទាស់​អ្វី​នោះទេ លើ​សំណើ​បញ្ចូល​រដ្ឋ​នៃ​ប្រទេស​អាហ្វ្រិក​ទៅក្នុង​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​នោះ​។​

 
​មន្ត្រីជាន់ខ្ពស់​ការបរទេស​ឥណ្ឌា​លោកស្រី Sanjay Rana នៅ​ថ្ងៃ​២៤ មេសា​កន្លងទៅ តាមរយៈ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្តីពី​«​ពហុភាគី​និយម និង​ការទូត​ដើម្បី​សន្តិភាព​» បានលើកឡើង​ពី​បញ្ហា នៃ​ការទាមទារ​សិទ្ធិ​របស់​ប្រទេស​អាហ្វ្រិក​នៅក្នុង​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Economic Times​។ 
 
​តាមរយៈ​កិច្ចពិភាក្សា​នេះ លោកស្រី Sanjay Rana បាន​ថ្លែងថា អង្គការសហប្រជាជាតិ ត្រូវតែមាន​ចំណាត់ការ ពោលគឺ​ពិនិត្យមើល​លទ្ធភាព​នេះ ដើម្បី​អាច​ឲ្យ​រដ្ឋ​អាហ្វ្រិក​មាន​តួនាទី​ស្នូល និង​ដឹកនាំ​នៅក្នុង​សណ្តាប់ធ្នាប់​អន្តរជាតិ​ថ្មី និង​ជាពិសេស​នោះ​ដើម្បី​បង្ហាញថា សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ ឆ្លុះបញ្ចាំង​ពី​ពិភពលោក​បច្ចុប្បន្ន មិនមែន​ពិភពលោក​ក្នុង​ឆ្នាំ​១៩៤៥​ឡើយ​។ 
 
​លោកស្រី បាន​អះអាងថា ការកែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ ដែលជា​អង្គភាព​ស្នូល​ទទួលខុសត្រូវ​លើ​កិច្ចការ​សន្តិសុខ និង​សន្តិភាព គឺជា​រឿង​ដ៏​សំខាន់​មួយ ក៏ប៉ុន្តែ​ដំណើរការ​នេះ បាន​ជាប់គាំង​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ចំណុច​នេះហើយ លោកស្រី បាន​ទទូច​ឲ្យ​មាន​ការចាត់​វិធាន​ដើម្បី​ធ្វើ​ឲ្យ​កំណែទម្រង់​អង្គការសហប្រជាជាតិ​ឆាប់​អាច​សម្រេចបាន​។ 
 
​គួរ​ជម្រាប​ថា ជាមួយនឹង​ចំនួន​សរុប​៥៥ ធ្វើ​ឲ្យ​រដ្ឋ​អាហ្វ្រិក ក្លាយជា​ក្រុម​រដ្ឋ​តាម​តំបន់​ភូមិសាស្ត្រ​ដែល​ធំជាងគេ​នៅក្នុង​អង្គការសហប្រជាជាតិ ខណៈ​ប្រទេស​រដ្ឋ​សមាជិក​ទាំងមូល​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​សរុប​មាន ១៩៣​។ ក៏ប៉ុន្តែ​ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ មិនមាន​រដ្ឋ​មកពី​អាហ្វ្រិក​សោះឡើយ​។ សមាជិក​អចិន្ត្រៃយ៍​រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និង​អាមេរិក​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ឥណ្ឌា ក៏​ជា​រដ្ឋ​ដែល​កំពុងតែ​ទាមទារ​ឲ្យ​មានការ​កំណែទម្រង់​ឆាប់រហ័ស​នៅក្នុង​អង្គការសហប្រជាជាតិ ជាពិសេស​នោះ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​តែម្តង​។ នោះ​ក៏​ព្រោះតែ​ឥណ្ឌា និង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​លូតលាស់ និង​មាន​ឥទ្ធិពល​នៅ​ឆាក​អន្តរជាតិ​ដូចជា​ជប៉ុន និង​អាល្លឺម៉ង់​ជាដើម​នោះ ក៏​កំពុងតែ​ទាមទារ​តួនាទី​នេះ​សម្រាប់​ខ្លួនឯង​ផងដែរ​៕ 
 

Tag:
 ឥណ្ឌា​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com