អន្តរជាតិ
នយោបាយអន្តរជាតិ
ឌូទើតេ យក«សាលក្រមសមុទ្រចិនខាងត្បូង»ដាក់លើតុជជែកជាមួយប្រធានាធិបតីចិន
× លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅទីបំផុតបានលើកយកសាលក្រមសមុទ្រចិនខាងត្បូងដាក់លើតុក្នុងជំនួបទ្វេភាគីជាមួយនឹងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ក៏ប៉ុន្តែភាគីទាំងពីរ នៅតែមិនអាចឯកភាពក្នុងការយកសាលក្រមនេះ ជាលិខិតផ្លូវការសម្រាប់ការចរចាលើតំបន់វិវាទសមុទ្រចិនខាងត្បូងឡើយ។
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Hermogenes Esperon នៅថ្ងៃ២៧ មេសា បានបង្ហើបឲ្យដឹងថា លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ពិតជាបានលើកយកសាលក្រមសមុទ្រចិនខាងត្បូងដែលតុលាការមជ្ឈត្តការអចិន្ត្រៃយ៍សម្រេចឲ្យហ្វីលីពីនឈ្នះចិន នៅក្នុងជំនួបទ្វេភាគីក្នុងថ្ងៃ២៤ មេសាជាមួយនឹងលោកប្រធានាធិបតី ស៊ី ជិនពីងមែន។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ហ្វីលីពីន ABS-CBN។
ការលើកឡើងរបស់ទីប្រឹក្សាជាតិជាន់ខ្ពស់របស់ហ្វីលីពីន រូបនេះ ធ្វើឡើងដើម្បីបញ្ចប់មន្ទិល និងការចោទប្រកាន់ដែលថា ប្រមុខរដ្ឋហ្វីលីពីន ព្យាយាមមិនលើកយកសាលក្រមសមុទ្រចិនខាងត្បូងក្នុងជំនួបជាមួយនឹងប្រមុខចិន ខណៈបន្តក្រសោបយកផលប្រយោជន៍បន្ថែមពីកិច្ចសហប្រតិបត្តិការជាមួយនឹងចិននោះ។
តាមប្រភពព័ត៌មានដដែលនោះ លោកទីប្រឹក្សារូបនេះ មិនបានបញ្ជាក់ច្រើននោះទេពីការលើកឡើងរបស់ប្រមុខដឹកនាំហ្វីលីពីនពាក់ព័ន្ធនឹងសាលក្រមសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែលោក បានគូសបញ្ជាក់ថា ចិន នៅតែមិនទាន់ទទួលស្គាល់សាលក្រមនោះ ហើយភាគីទាំងពីរ បានព្រមព្រៀងគ្នាដោះស្រាយតាមរយៈកិច្ចសន្ទនា និងមធ្យោបាយការទូតដដែល។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ទោះបីជាចំណុចរសើបនេះ ត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីនេះក៏ដោយ តាម Esperon ជំនួបនេះ បានប្រព្រឹត្តទៅយ៉ាងល្អ និងផ្លែផ្កាបំផុត និងពិសេសនោះ លោកប្រធានាធិបតី ឌូទើតេ បានរក្សាជំហរយ៉ាងមុតមាំ ក្នុងការការពារផលប្រយោជន៍ជាតិ។
គួររម្លឹកផងដែរថា មុនពេលនៃការចាកចេញទៅចូលរួមវេទិកាផ្លូវ និងខ្សែក្រវាត់ ដែលមានចិនជាម្ចាស់នោះ ប្រមុខហ្វីលីពីន បានមានការព្រមានចិនពាក់ព័ន្ធនឹងសកម្មភាពដែលហ្វីលីពីនចាត់ទុកថាជាការរំលោភបំពាននៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងជាផ្នែកមួយនៃសមុទ្រចិនខាងត្បូងផងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com