អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឌូ​ទើ​តេ យក​«​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​»​ដាក់​លើ​តុ​ជជែក​ជាមួយ​ប្រធានាធិបតី​ចិន
28, Apr 2019 , 7:39 pm        
រូបភាព
ដោយ:
 ​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ទីបំផុត​បាន​លើកយក​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដាក់​លើ​តុ​ក្នុងជំនួប​ទ្វេភាគី​ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។ ក៏ប៉ុន្តែ​ភាគី​ទាំងពីរ នៅតែ​មិនអាច​ឯកភាព​ក្នុង​ការយក​សាលក្រម​នេះ ជា​លិខិតផ្លូវការ​សម្រាប់​ការចរចា​លើ​តំបន់​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន លោក Hermogenes Esperon  នៅ​ថ្ងៃ​២៧ មេសា បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ពិតជា​បាន​លើកយក​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​សម្រេច​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិន នៅក្នុង​ជំនួប​ទ្វេភាគី​ក្នុង​ថ្ងៃ​២៤ មេសា​ជាមួយនឹង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង​មែន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​ហ្វីលីពីន ABS-CBN​។ 
 
​ការលើកឡើង​របស់​ទីប្រឹក្សា​ជាតិ​ជាន់ខ្ពស់​របស់​ហ្វីលីពីន រូបនេះ ធ្វើឡើង​ដើម្បី​បញ្ចប់​មន្ទិល និង​ការចោទប្រកាន់​ដែលថា ប្រមុខរដ្ឋ​ហ្វីលីពីន ព្យាយាម​មិន​លើកយក​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ក្នុងជំនួប​ជាមួយនឹង​ប្រមុខ​ចិន ខណៈ​បន្ត​ក្រសោប​យក​ផលប្រយោជន៍​បន្ថែម​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ចិន​នោះ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ទីប្រឹក្សា​រូបនេះ មិនបាន​បញ្ជាក់​ច្រើន​នោះ​ទេពី​ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​ហ្វីលីពីន​ពាក់ព័ន្ធ​នឹង​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង ក៏ប៉ុន្តែ​លោក បាន​គូសបញ្ជាក់ថា ចិន នៅតែ​មិនទាន់​ទទួលស្គាល់​សាលក្រម​នោះ ហើយ​ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​ដោះស្រាយ​តាមរយៈ​កិច្ចសន្ទនា និង​មធ្យោបាយ​ការទូត​ដដែល​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ទោះបីជា​ចំណុចរសើប​នេះ ត្រូវ​បានលើកឡើង​ក្នុងជំនួប​ទ្វេភាគី​នេះ​ក៏ដោយ តាម Esperon ជំនួប​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ និង​ផ្លែផ្កា​បំផុត និង​ពិសេស​នោះ លោក​ប្រធានាធិបតី ឌូ​ទើ​តេ បាន​រក្សា​ជំហរ​យ៉ាង​មុតមាំ ក្នុងការ​ការពារ​ផលប្រយោជន៍​ជាតិ​។​
 
​គួរ​រម្លឹក​ផងដែរ​ថា មុនពេល​នៃ​ការចាកចេញ​ទៅ​ចូលរួម​វេទិកា​ផ្លូវ និង​ខ្សែក្រវាត់ ដែលមាន​ចិន​ជា​ម្ចាស់​នោះ ប្រមុខ​ហ្វីលីពីន បាន​មានការ​ព្រមាន​ចិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​ហ្វីលីពីន​ចាត់ទុកថា​ជាការ​រំលោភបំពាន​នៅក្នុង​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន និង​ជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ផង​នោះ​៕ 

Tag:
 ហ្វីលីពីន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com