ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia MTB Series ប្រចាំឆ្នាំ២០១៩ នឹងចាប់ផ្តើមប្រកួតនៅដើមខែឧសភា ខាងមុខ។ មិនខុសគ្នាពីឆ្នាំមុនឡើយ ការប្រកួតឆ្នាំនេះធ្វើឡើង៥ដំណាក់កាល និង៥ទីតាំងដូចគ្នា។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងផ្សព្វផ្សាយពីវិស័យកីឡាប្រណាំងកង់ភ្នំ ក៏ដូចជាជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពកីឡាករ សម្រាប់ត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ កម្ពុជារំពឹងថា នឹងទទួលបានលទ្ធផលល្អ សម្រាប់ការចូលរួមលើកនេះ។
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia MTB Series ប្រចាំឆ្នាំ២០១៩ នឹងក្លាយជាចលកររួមចំណែកក្នុងការជួយពង្រឹង ក៏ដូចអភិវឌ្ឍសមត្ថភាពកីឡាករកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ASEAN Games លើកទី៣០នៅហ្វីលីពីននៅចុងឆ្នាំ២០១៩នេះ។ នេះជាការបង្ហាញការជឿជាក់របស់លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន។ ហើយលោកសង្ឃឹមថា កីឡាករកង់ភ្នំកម្ពុជានឹងទទួលបានលទ្ធផលល្អពីព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
«សហព័ន្ធខ្មែរកីឡាទោចក្រយាននឹងបញ្ជូនកីឡាករកង់ភ្នំពីររូប ដើម្បីចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ មុនការប្រកួតមកដល់យើងនឹងឲ្យកីឡាករទាំងពីរទៅបោះជំរុំហ្វឹកហាត់ជាមួយអ្នកជំនាញរបស់យើងនៅភ្នំគីរីរម្យ ហើយយើងក៏មានគម្រោងបញ្ជូនកីឡាករយើងទៅប្រកួតនៅក្រៅប្រទេស ដើម្បីវាស់ស្ទង់សមត្ថភាពមុនការប្រកួតផងដែរ។ យើងរំពឹងថា កីឡាករទាំងពីរនឹងទទួលបានលទ្ធផលល្អនៅស៊ីហ្គេមឆ្នាំនេះ»។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា វង្ស ខាន់ពៅ។
ជាមួយគ្នានេះ លោក Pierre Yves Catry អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាទោចក្រយានបាននិយាយថា លោកសង្ឃឹមខ្ពស់លើវិញ្ញាសាកង់ភ្នំជាងវិញ្ញាសាកង់គួកក្នុងការដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំនេះ។ លោក Pierre ដែលដឹកនាំកីឡាករកម្ពុជាទៅចូលរួមប្រកួតនៅក្រៅប្រទេសកន្លងមកសង្កេតឃើញថា កីឡាករកង់ភ្នំកម្ពុជាបច្ចុប្បន្នមានសមត្ថភាពរីកចម្រើនប្រហាក់ប្រហែលជាមួយកីឡាករក្នុងតំបន់ ដែលអាចឈានទៅដណ្តើមមេដាយស៊ីហ្គេមនៅឆ្នាំនេះ។
អ្នកជំនាញរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«វិស័យកីឡាកង់ភ្នំរបស់យើងបានកើតឡើងប្រមាណ១០ឆ្នាំហើយ ហើយខ្ញុំសង្កេតឃើញថាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងពេលខ្ញុំដឹកនាំកីឡាករទៅប្រកួតនៅក្រៅប្រទេស គឺកីឡាករកម្ពុជាយើងមានសមត្ថភាពប្រហាក់ប្រហែលកីឡាករក្នុងតំបន់ ទោះបីពួកគេមិនទាន់អាចដណ្តើមបានមេដាយក៏ដោយ។ ស៊ីហ្គេមពីរលើកកន្លងមកគ្មានវិញ្ញាសាកង់ភ្នំនោះទេ ដូច្នេះខ្ញុំនឹងខិតខំព្យាយាមធ្វើយ៉ាងណាជួយកីឡាករកម្ពុជាមានឱកាសដណ្តើមមេដាយស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ»។
កីឡាករទាំងពីររូបដែលសហព័ន្ធគ្រោងបញ្ជូនឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនមិនទាន់ត្រូវបានបង្ហាញឈ្មោះនៅឡើយទេ គ្រាន់បញ្ជាក់ថា ពួកគេទាំងពីរជាកីឡាករមានសមត្ថភាពខ្ពស់ ដែលជ្រើសរើសចេញពីការប្រកួតប្រណាំងកង់ភ្នំ និងឆ្លងកាត់ការធ្វើតេស្តសមត្ថភាពពីអ្នកជំនាញកាលពីពេលកន្លងមក។ ហើយពួកគេទាំងពីរ ក៏ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនៅឆ្នាំនេះផងដែរ។
កត្តាដែលធ្វើឲ្យអគ្គលេខាធិការខាងលើមានក្តីរំពឹងខ្ពស់ គឺដោយសារតែព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឆ្នាំនេះ នឹងប្រព្រឹត្តទៅចន្លោះពីខែឧសភាដល់ខែធ្នូ ឆ្នាំ២០១៩ ពោលគឺដំណើរការរហូតដល់ថ្ងៃចេញដំណើរទៅប្រកួតនៅប្រទេសហ្វីលីពីនតែម្តង។ កត្តានេះ ជាហេតុនាំឲ្យកីឡាករមានពេលវេលាគ្រប់គ្រាន់ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមការប្រកួតមួយ។
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia MTB Series ធ្វើឡើងជា៥ដំណាក់កាល ដោយដំណាក់កាលទី១ធ្វើនៅព្រែកលៀបថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ មុនបន្តរៀបចំដំណាក់កាលទី២នៅខេត្តកែបថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។ រីឯដំណាក់កាលទី៣ធ្វើនៅភ្នំជាលខេត្តកំពង់ស្ពឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ខណៈដំណាក់កាលទី៤ធ្វើនៅភ្នំប្រសិទ្ធិ៍ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងដំណាក់កាលទី៥ធ្វើនៅលើភ្នំគីរីរម្យថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
សម្រាប់លោក Pierre Yves Catry ការផ្លាស់ប្តូរទីតាំងប្រកួតពីកន្លែងមួយទៅកន្លែងមួយ គឺដោយសារចង់ឲ្យកីឡាករទទួលបានបទពិសោធថ្មីៗក្នុងការអភិវឌ្ឍសមត្ថភាព។ អ្នកជំនាញរូបនេះ ជឿជាក់ថា បើហ្វឹកហាត់ឬប្រកួតតែមួយកន្លែង គឺសមត្ថភាពកីឡាករគ្មានការរីកចម្រើននោះទេ។ កត្តានេះហើយ ដែលជំរុញឲ្យសហព័ន្ធរៀបព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia MTB Series ជា៥ដំណាក់កាល។ ហើយដំណាក់កាលនីមួយៗមានស្ថានភាពផ្លូវខុសៗគ្នា៕