សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​អាមេរិក​ម្នាក់​មើល​រឿង «Captain Marvel»​នៅ​រោងកុន រហូតដល់​ទៅ​១១៦​លើក​
28, Apr 2019 , 8:19 pm        
រូបភាព
ដោយ: ធីតា
 
​រស់នៅ​ក្រុង Wisconsin លោក Steve Ruppel បាន​ទៅ​មើល​រឿង​វីរនារី​ក្លាហាន «Captain Marvel» ដដែលៗ​រហូតដល់​ទៅ​១១៦​លើក​នៅ​រោងភាពយន្ត​។ បើតាម​ការផ្សាយ​របស់ WSAW បុរស​អាមេរិក​រូបនេះ ចង់​មានឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក (Guinness World Records)​។​

 
​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៧ ខែ​មិនា លោក Steve Ruppel បាន​កំហិត​ខ្លួនឯង ដោយ​ត្រូវ​មើល​រឿង «Captain Marvel» ជាប់ៗ​គ្នា ក្នុង​រយៈពេល​១​ខែ​កន្លះ​។ សម្រាប់​ការមើល​រហូតដល់​១១៦​លើក មានន័យថា គាត់​បាន​ចំណាយពេល ១៤ ២៦៨​នាទី នៅក្នុង​រោងកុន ដើម្បី​ទស្សនា​រឿង​វីរ​នាទី​អាមេរិក​មួយ​នេះ​។​
 
 
​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន លោក Steve ក៏​ដាក់ពាក្យ​សុំច្បាប់​មួយចំនួន​ផងដែរ​នៅ​កន្លែងធ្វើការ​។ ពេលខ្លះ លោក​ក៏បាន​ឆ្លៀតពេល​មើល​រឿង​ផ្សេង​ផងដែរ នៅពេល​រង់ចាំ​ដល់​ម៉ោង​ដែល​គេ​ត្រូវ​ចាប់​បញ្ចាំង​រឿង «Captain Marvel»​។ គោលបំណង​របស់លោក គឺ​ការដណ្តើមយក​កំណត់ត្រា​ពិភពលោក «Guinness World Records» ដោយ​កំណត់ត្រា​បច្ចុប្បន្ន មាន​មនុស្ស​ម្នាក់​ធ្លាប់​មើល​រឿង​ដដែលៗ​ចំនួន​១០៤​លើក​នៅ​រោងកុន​។​
 
​សៀវភៅ​កំណត់ត្រា​ពិភពលោក មាន​លក្ខខណ្ឌ​ដ៏​តឹងតែង សម្រាប់​អ្នក​ដែល​ចង់​បំបែក​កំណត់ត្រា​អ្វីមួយ​។ ករណីនេះ លោក Steve ត្រូវ​ថតរូប​ជាច្រើន​នៅ​រាល់​វត្តមាន​របស់លោក​នៅ​រោងភាពយន្ត ដើម្បី​បញ្ជាក់ថា គាត់​ពិតជា​ទៅ​មើល​រហូតដល់​ចប់​ពិត​ប្រក​ដ​មែន​។​
 
 
​លោក​បាន​បញ្ជាក់ថា ពេលខ្លះ លោក​បាន​ចំណាយពេល​មើល​រហូតដល់​ទៅ​៧​លើក​ក្នុង​១​ថ្ងៃ​។ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ធុញថប់ លោក​ចូលចិត្ត​សង្កេត​លើ​ឈុត​ឆាក​នៅក្នុង​សាច់រឿង ជាជាង​បុគ្គលិកលក្ខណៈ​របស់​តួ​។​
 
​តាមពិតទៅ លោក Steve មិនមែនជា​មនុស្ស​ថ្មី​សម្រាប់​សៀវភៅ Guinness Book នោះឡើយ ដោយ​លោក​ធ្លាប់មាន​កំណត់ត្រា​ផ្ទាល់ខ្លួន​៤​លើក​រួចមកហើយ ដែល​ក្នុងនោះ មានការ​ចូលរួម​រត់​ពាក់កណ្តាល​ម៉ារ៉ាតុន ដោយ​ពាក់​អាវយឺត​ច្រើនជាងគេ​បំផុត​។ 
​លោក Steve បានបញ្ជាក់​ប្រាប់ WSAW ថា​៖ «​វា​ជា​រឿង​ដ៏​ឆ្កួត​មួយ​។ ខ្ញុំ​មិន​គិតថា វា​នឹង​ក្លាយជា​កំណត់ត្រា​នោះឡើយ ប៉ុន្តែ​ខ្ញុំ​តាំងចិត្ត​ខ្លួនឯង​ថា ត្រូវតែ​ធ្វើ​វា​ឲ្យ​បាន​»៕
 
 

Tag:
 Captain Marvel
© រក្សាសិទ្ធិដោយ thmeythmey.com