អន្តរជាតិ
ឆ្មាំ​ព្រៃ​ម្នាក់​ល្បីល្បាញ​ដោយ​រូប​សែ​ល​ហ្វី​ជាមួយ​ស្វា Gorilla កំព្រា​ពីរ​ក្បាល​
28, Apr 2019 , 3:40 pm        
រូបភាព
ដោយ: ធីតា
​រូបថត​មួយ​សន្លឹក​របស់លោក Mathieu Shamavu កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​អ៊ី​ន​ធ័​រ​ណិ​ត​។ កាលពី​ថ្ងៃទី​១៨ ខែមេសា ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​អង់គ្លេស បាន​បង្ហោះ​រូប​ឧទ្យាន​នុ​រក្ស​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​រូបនេះ ដែល​បាន​ថត​សែ​ល​ហ្វែ​ជាមួយ Gorilla (​អំបូរ​ស្វា​នៅ​តំបន់​អាហ្វ្រិក​) ពីរ​ក្បាល សម្រាប់​យុទ្ធនាការ​ប្រឆាំងនឹង​ការ​បរបាញ់​សត្វព្រៃ​។ រូបនេះ ត្រូវបាន​ចែករំលែក​ពេញ​បណ្តាញ​សង្គម និង​ចុះផ្សាយ​នៅ​សារព័ត៌មាន​ធំៗ​លើ​ពិភពលោក​។

​នៅ​បរិវេណ​ឧទ្យាន Virunga នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ លោក Mathieu Shamavu បាន​ថត​សែ​ល​ហ្វី​ជាមួយ​សត្វ​ស្វា Gorilla ជាទី​ស្រឡាញ់​របស់ខ្លួន​ចំនួន​ពីរ​ក្បាល គឺ Ndakazi និង Ndeze​។ 
 
 ​យោងតាម​ការផ្សាយ​រប​ស់ The Guardian សត្វ​ស្វា Gorilla ទាំងពីរ​ក្បាល ជា​សត្វ​ដែល​កំព្រា បន្ទាប់ពី​មេបា​របស់​ពួកវា ត្រូវបាន​ព្រានព្រៃ​បាញ់​សម្លាញ់​។ Ndakazi និង Ndeze ត្រូវបាន​សង្គ្រោះ និង​ថែទាំ​នៅ​មណ្ឌល Senkwekwe នៃ​ឧទ្យាន​ជាតិ Virunga​។​

​លោក Shamavu បាន​បញ្ជាក់ថា លោក​សង្កេតឃើញថា សត្វ​ទាំងពីរ​នៅ​ពី​ក្រោយខ្នង​ខ្លួន ទើប​លោក​ដក​ទូរ​សព្ទ​ពី​ហោប៉ៅ ហើយ​ថត​សែ​ល​ហ្វី​តែម្តង​។ អ្វីដែល​គួរ​ឲ្យ​រីករាយ​នោះ គឺ​សត្វ​ទាំងពីរ​សម្លឹង​ទៅ​មើល​ទូរ​សព្ទ​យ៉ាង​យកចិត្តទុកដាក់​។​

​លោក Innocent Mburamumwe អនុប្រធាន​ឧទ្យាន​ជាតិ Virunga បាន​អះអាង​ប្រាប់ BBC ថា សត្វ​ស្វា​ទាំងពីរ​ក្បាល​នោះ បានចាត់ទុក​មនុស្ស​ដែល​បម្រើការ​នៅ​ឧទ្យាន ដូចជា​ឪពុកម្តាយ​របស់​ពួកវា ហើយ​ពួកវា​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​មនុស្ស​ខ្លាំងណាស់​។​

​ក្រោយមក​លោក Shamavu បាន​បង្ហោះ​រូបថត​នោះ​នៅលើ​បណ្តាញ​សង្គម Twitter ហើយ​គណនី​ផ្សេងទៀត​បាន​យកទៅ​បង្ហោះ​បន្ត ជាមួយនឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​បរបាញ់​សត្វព្រៃ​។​
 
Virunga គឺជា​ឧទ្យាន​ជាតិ​ដ៏​ចំណាស់​ជាងគេ​នៅ​អាហ្វ្រិក ដែល​ចិញ្ចឹម​បីបាច់​ស្វា​ភ្នំ Gorillas ប្រមាណ​១០០​ក្បាល​។ Nkakazi និង Ndeze ស្ថិតក្នុង​ចំណោម Gorillas ជាច្រើន​ក្បាល​ដែល​កំព្រា​មេបា ដោយសារ​ព្រានព្រៃ​សម្លាប់​។​
 
​លោក Shamavu និង​ថ្នាក់ដឹកនាំ​ឧទ្យាន រំពឹងថា មនុស្ស​នឹង​កាន់តែ​យល់​ពី​តម្លៃ​របស់​សត្វ តាមរយៈ​រូប​សែ​ល​ហ្វី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ ពីព្រោះ​សត្វ​ទាំងអស់​តែងតែ​រីករាយ​ជាមួយ​មនុស្ស ប្រសិនបើ​យើង​យកចិត្ត​ទុក​លើ​ពួកវា​៕

Tag:
 Gorilla
© រក្សាសិទ្ធិដោយ thmeythmey.com