សំ ថា​រ័ត្ន និង វី ស្រី​ខួច ប្រាប់​ពី​ចំណុច​ព្រួយបារម្ភ​របស់ នៅ ស្រី​ពៅ ពេល​តតាំង​នឹង Priscilla
ONE Championship
កីឡាជាតិ
ជាតិ
សំ ថា​រ័ត្ន និង វី ស្រី​ខួច ប្រាប់​ពី​ចំណុច​ព្រួយបារម្ភ​របស់ នៅ ស្រី​ពៅ ពេល​តតាំង​នឹង Priscilla
28, Apr 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
 អត្ថបទ​៖ ស៊ី​ធី   
​កីឡាការិនី​គុន​ខ្មែរ​ពីររូប សំ ថា​រ័ត្ន និង វី ស្រី​ខួច បាន​បង្ហើប​អំពី​ចំណុច​ព្រួយបារម្ភ​របស់ កីឡាការិនី​នៅ ស្រី​ពៅ តទល់​នឹង​កីឡាការិនី​ម្ចាស់ផ្ទះ Priscilla  Hertati Lumban Gaol នៅ​សង្វៀន ONE: FOR HONOR នា​ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ​នៅ​ប្រទេស ឥណ្ឌូណេស៊ី​។ 

 
​កីឡាការិនី​ល្បុក្កតោ សំ ថា​រ័ត្ន មើលឃើញថា​៖ « ខ្ញុំ​ខ្លាច​ក្បាច់​ចូលចាប់ និង ឃ្លេ របស់ Priscilla ព្រោះ​ស្រី​ពៅ បាន​រៀន​ក្បាច់​ឃ្លេ​ត្រឹម​រយៈពេល​ខ្លី ត្រឹម​ប្រហែល ១ ខែ មុន​ទៅ​វ៉ៃ​ជាមួយ Rika​។ ខ្ញុំ​គិតថា​អ្នក​ទាំងពីរ​វ៉ៃ​ឈរ​ច្រើនជាង​វ៉ៃ​ឱប ហើយ​បើ​ឈរ​វ៉ៃ​អាច​ចាវគ្នា​»​។ 
​សំ ថា​រ័ត្ន គូសបញ្ជាក់​ទៀតថា ស្រី​ពៅ នឹង​ប្រើ​កម្លាំង​រុញចេញ និង វ៉ៃ​ការពារ​បើសិន​ករណី​កីឡាការិនី​វ័យ ៣០ ឆ្នាំ​របស់ ឥណ្ឌូណេស៊ី ចូលចាប់​ផ្ដួល​។ បែបណា​ក្ដី កីឡាការិនី សំ ថា​រ័ត្ន ជឿជាក់ ស្រី​ពៅ នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ និង ទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​លើក​ទី​២ នៅ​សង្វៀន ONE Championship ព្រោះ​ស្រី​ពៅ តស៊ូ​ខ្លាំង​ហើយ​មាន​កម្លាំង​ដៃ​ខ្លាំង​បើ​ហ្វឹកហាត់​ដល់​។​
 
 
​កីឡាការិនី​ប្រដាល់​ជម្រើសជាតិ វី ស្រី​ខួច ដែលមាន​អាយុ ២៥ ឆ្នាំ បាន​បញ្ចេញ​ទស្សនៈ​ថា​៖« ខ្ញុំ​បារម្ភ ស្រី​ពៅ ខ្លាច​ចាញ់​កម្លាំង ស៊ុ​ហ្វ​គេ​។ Priscilla  Hertati Lumban Gaol មាន​កម្លាំង​ស៊ុ​ហ្វ និង​កម្លាំង​បុក​ខ្លាំង​។ ប៉ុន្តែ​រឿង​ដែល​ខាងយើង​អាចមាន​ប្រៀប គឺ មានតែ​វ៉ៃ​ដោះ គេច​ឲ្យ​រហ័ស ដូច​កាល​ប៉ះ Riga ព្រោះ ស្រី​ពៅ ក៏​មិនសូវ​ខ្លាំង​ស្នៀត​ឃ្លេ និង កាច់​ដែរ​។ 
​មួយរយៈ​រវល់​ទៅ​វ៉ៃ​ជម្រើសជាតិ​ផ្នែក​សកល​នៅ​ថៃ​ទៀត ដែល​ធ្វើ​ឲ្យ​ការហ្វឹកហាត់​ស្នៀត​ឃ្លេ​បាន​តិច មុន​ចេញទៅ​ប្រកួត​»​។ ស្រី​ខួច ដែល​ធ្លាប់​ឡើង​សង្វៀន ONE Championship ទល់នឹង May Ooi រូប​បារម្ភ​មួយទៀត​គឺ​ក្បាច់​ឃ្លេ និង ចាប់​ផ្ដួល​របស់  Priscilla ព្រោះ​គេ​ធ្លាប់​ធ្វើបាន​ជោគជ័យ​នាពេល​កន្លងមក​។​
 
​ក្នុង​កំណត់ត្រា​លើស​ង្វៀន ONE Championship  កីឡាការិនី Priscilla Hertati Lumban Gaol មាន​វ័យ ៣០ ឆ្នាំ និង​តារា​ប្រចាំ​នៅ​សង្វៀន​ធំ​ក្នុង​លោក​មួយ​នេះ​តាំងពី​ឆ្នាំ ២០១៧ មក​។ Priscilla  លើស​ង្វៀន​ល្បី​នេះ​បាន​ចំនួន ៩ ដង ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៤​ដង​។ រីឯ​ការប្រកួត​ចុងក្រោយ Priscilla  ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌា Puja Tomar  ដែល​បញ្ចប់​ដោយ​ទឹកភ្នែក​ក្រោយ​អាជ្ញាកណ្ដាល​ប្រកាស​លទ្ធផល​ចាញ់​។ ដ្បិត​មិនទាន់មាន​បទពិសោធន៍​ជោកជាំ​លើស​ង្វៀន ONE តែ នៅ ស្រី​ពៅ ជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កាល​ចុងឆ្នាំ ២០១៨​។ ទើបតែ​ឡើង​សង្វៀន ONE បាន​ម្ដងគត់ គេ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រីករាយ និង ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​តាមរយៈ​ការ​ឈ្នះ កីឡាការិនី​ថៃ Rika Ishige កាលពី​ពាក់​កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០១៩​នៅ​ប្រទេស​ថៃ​៕ 
 
 

Tag:
 ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com