ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រៅពី​ការអភិរក្ស ការទន្ទ្រាន​ព្រៃ​នៅ​តំបន់​ប្រាសាទ ជា​បញ្ហា​ដ៏​ស្មុគស្មាញ​ដែល​អាជ្ញាធរ​កំពុង​ដោះស្រាយ​
28, Apr 2019 , 10:59 pm        
រូបភាព
​សៀមរាប​៖ រមណីយដ្ឋាន​អង្គរ គ្របដណ្ដប់​លើ​ផ្ទៃដី​ចំនួន​៤០១​គីឡូម៉ែត្រ​ក្រឡា ហើយ​ក្នុងនោះ​តាម​ទិន្នន័យ​នៅ​ឆ្នាំ​២០១៣ ផ្ទៃដី​ព្រៃឈើ​មាន​ប្រមាណ ១៤​ភាគរយ​។ ការងារ​គ្រប់គ្រង​ព្រៃឈើ ជាការ​ងារ​ដ៏​សំខាន់​មួយ​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ក្រៅពី​ការអភិរក្ស និង​អភិវឌ្ឍន៍​តំបន់​បេតិកភណ្ឌ​មួយ​នេះ​។ ដោយ​កំណើនប្រជាជន និង​ការរីកចម្រើន​នូវ​សេដ្ឋកិច្ច​ក្នុង​តំបន់ ធ្វើឱ្យ​ឧទ្យាន​អង្គរ​ប្រឈម​នឹង​ការ​ទន្ទ្រានព្រៃ ដើម្បី​កាន់កាប់​ដោយ​បុគ្គលិក​មួយចំនួន​។ បច្ចុប្បន្ន ការទប់ស្កាត់​ការទន្ទ្រាន​ព្រៃ ជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​របស់​អាជ្ញាធរ ដើម្បី​ធ្វើយ៉ាងណា​ថែរក្សា​គម្រប​ព្រៃ​ដែល​នៅ​សេសសល់ និង​រក្សា​ឱ្យបាន​នូវ​ទេសភាព​វប្បធម៌​ក្នុង​ឧទ្យាន​មួយ​នេះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​យោងតាម​ទិន្នន័យ​នៅ​ឆ្នាំ​២០១៣ របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា គម្រប​ព្រៃឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ជាង ៥​ពាន់​ហិកតា គឺ​ស្មើនឹង ១៤​ភាគរយ នៃ​ផ្ទៃដី​សរុប​ចំនួន ៤០១​គីឡូម៉ែត្រ​ក្រឡា​។ ទិន្នន័យ​នេះ អាច​នឹងមាន​ការប្រែប្រួល​ក្នុង​ចន្លោះ​ឆ្នាំ​២០១៣ មកដល់​បច្ចុប្បន្ន ដ្បិត​មិនទាន់​ស្រង់​ទិន្នន័យ​សាជាថ្មី ហើយ​ចន្លោះ​ពេលនេះ ក៏មាន​ការដាំ​កូនឈើ​ឡើងវិញ​ជាច្រើន លើ​ចំនួន​ផ្ទៃដី​ដែល​រង​ការទន្ទ្រាន​។ ទាក់ទង​នឹង​ព្រៃឈើ​នេះដែរ កន្លងមក​អ្នកជំនាញ​បាន​លើកឡើងថា ព្រៃឈើ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ទៅនឹង​ប្រាសាទ ព្រោះ​បើ​គ្មាន​ព្រៃឈើ ក៏​គ្មាន​ទឹក​ដែរ​។ ទឹក ជា​ផ្នែក​មួយ​ដ៏​សំខាន់ ជួយ​ទ្រទ្រង់​គ្រឹះ​ប្រាសាទ​ដែល​សង់​នៅ​តំបន់​ដីល្បាយខ្សាច់​។​
 
​លោក ស៊ិន ពិសី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​បានឱ្យដឹងថា នៅពេល​បច្ចុប្បន្ន​ចំនួន​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ នៅ​ប្រើ​ទិន្នន័យ​ចាស់​នៅឡើយ ព្រោះថា​មិនទាន់​មានការ​ស្រង់​ជាថ្មី​។ លោក​បន្ថែមថា ផ្ទៃដី​ព្រៃឈើ​ជាង​៥​ពាន់​ហិកតា ដែល​ស្មើនឹង​១៤​ភាគរយ កាលពី​ឆ្នាំ​២០១៣​នោះ ចំនួន​នេះ​អាច​កើន ឬ​ថយចុះ​។ តែ​លោក​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ថា​អាចមាន​ការកើនឡើង ដ្បិត​ជា​រៀងរាល់ឆ្នាំ​អាជ្ញា​ធរមាន​ផែន​ការដាំ​កូនឈើ​ឡើងវិញ​ច្រើន​ម៉ឺន​ដើម​។ យ៉ាងណា​លោក​ថា ការ​ស្រង់​ទិន្នន័យ​ព្រៃឈើ​ក្នុង​ឧទ្យាន នឹង​អាចធ្វើ​សាជាថ្មី​នៅ​ឆ្នាំ ២០២០ ដោយ​ប្រើ​បច្ចេកទេស​បង្ហោះ​យន្តហោះ​ដ្រូ​ន ដែល​នេះ​ជា​បច្ចេកទេស​ទំនើប​ខុសពី​ការវាស់វែង​ដោយ​ដៃ​កាលពី​ពេលមុនៗ​។​
 
 
​បរិមាណ​ព្រៃឈើ​ចំនួន ១៤​ភាគរយ គឺ​រាប់ទាំង​ព្រៃ​នៅក្នុង និង​ក្រៅ​ប្រាសាទ ហើយ​តំបន់​ដែល​ត្រូវការពារ​ខ្លាំង​នោះ គឺ​តំបន់​នៅ​កៀក​ប្រជាជន ព្រោះថា​រង​ការទន្ទ្រាន​ខ្លាំងក្លា​។ ចំណុច​នេះ លោក ពិសី ពន្យល់ថា តំបន់​នៅ​កៀក​ភូមិ​របស់​ប្រជាជន មាន​ទាំង​ព្រៃស្រោង និង​របោះ ដែល​ប្រឈមមុខ​ជាង​នៅ​តំបន់​កណ្ដាល​ដែល​មិន​មានផ្ទះ​ប្រជាជន​នៅ​ជិត​។​
 
​ក្នុង​ការងារ​គ្រប់គ្រង​ព្រៃឈើ​នេះដែរ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​មាន​ក្រុមការងារ និង​ភ្នាក់ងារ​សម្រាប់​ល្បាត ទប់ស្កាត់​ក្នុង​ការកាប់​ទន្ទ្រានព្រៃ​ក្នុង​តំបន់​ជាប្រចាំ​។ ក្រុមការងារ​ទាំងនោះ​សរុប​ជិត​១០០​នាក់ ដែល​បែងចែក​ទៅ​១៤​តំបន់​គោលដៅ មាន​ទាំង​ក្នុង​តំបន់​កណ្ដាល តំបន់​ខាងលើ និង​តំបន់​ខាងក្រោម​នៅ​ប្រាសាទបាគង​។ ក្រៅពី​ដើរល្បាត ក្រុមការងារ​ទាំងនោះ​ក៏មាន​តួនាទី​ចុះ​ផ្សព្វផ្សាយ និង​ពន្យល់​ឱ្យ​ពលរដ្ឋ​យល់​ពី​បញ្ហា​បរិស្ថាន ក៏ដូចជា​ជួយ​ដាំ​កូនឈើ​ឡើងវិញ​នៅ​តំបន់​ដែល​រង​ការទន្ទ្រាន​នោះ​ផងដែរ​។ 
 
 
​ជាទូទៅ ការដាំ​កូនឈើ​ឡើងវិញ ក៏ត្រូវ​គិតគូរ​ពី​ចំណុច​សំខាន់ៗ​នៃ​ទីតាំង​ទាំងនោះ​ផងដែរ​។ ការដាំ​កូនឈើ​នៅ​តំបន់​ព្រៃ​ឧទ្យាន​អង្គរ គឺ​ជ្រើសរើស​ប្រភេទ​កូនឈើ​ណា​ដែល​ធ្លាប់​មាននៅ​តំបន់​នោះ ជាងនេះទៅទៀត​នោះ គឺ​កូនឈើ​ណា​ដែល​ធន់​នឹង​បរិ​យា​កាយ មិនត្រូវ​ការ​ទឹក​ច្រើន​ជាដើម​។ កូនឈើ​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ដាំ​ច្រើនជាងគេ​នៅ​តំបន់​ដែល​រង​ការទន្ទ្រាន ជា​ប្រភេទ​ឈើ​អង្កាញ់ ដែល​ងាយ​លូតលាស់​បាន​លឿន និង​មិនសូវ​ត្រូវការ​ទឹក ក្រៅពីនេះ​ក៏មាន​ប្រភេទ​ឈើ​គគីរ ឈើទាល និង​នាងនួន​ជាដើម​។​
 
​ជា​រៀងរាល់ឆ្នាំ កូនឈើ​មិនតិច​ពី​៣​ម៉ឺន​ដើម​ទេ ដែល​ត្រូវបាន​ដាំ​ឡើងវិញ​នៅលើ​ផ្ទៃដី​ដែល​ត្រូវបាន​ទន្ទ្រាន​។ ជាគោលការណ៍​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​ព្រៃឈើ គឺ​ដាំ​ត្រឹម​២​ម៉ឺន​ដើម​តែប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ តែដោយសារ​ការទន្ទ្រាន​មាន​សកម្មភាព​ខ្លាំងក្លា ទើប​ធ្វើឱ្យមាន​ការបង្ខំ​ដាំ​កូនឈើ​ឡើងវិញ​ក្នុង​តំបន់​ដែល​បាត់បង់​ព្រៃឈើ​ច្រើន ព្យាយាម​ទប់ស្កាត់​មិន​ឱ្យមាន​សកម្មភាព​បន្តទៀត​។ ក្នុង​ការងារ​នេះដែរ អាជ្ញាធរ​អប្សរា​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ទប់ស្កាត់ ក៏ដូចជា​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​បញ្ហា​នេះ​។​
 
​ក្រៅពី​ប្រឈម​នឹង​ការកាប់​ទន្ទ្រានព្រៃ​ហើយ​នោះ ក្នុងនោះ​តំបន់​ឧទ្យាន​អង្គរ ក៏​ប្រឈម​នឹង​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដូវប្រាំង​ផងដែរ ពិសេស​ក្នុង​ខែមីនា និង​ខែមេសា​។ តាម​ការអះអាង​របស់​អ្នកជំនាញ មូលហេតុ​ដោយសារ​ការដុត​ចម្ការ​របស់​អ្នកភូមិ​ដែល​នៅ​ជិត​តំបន់​ការពារ និង​មិនមាន​ការប្រុងប្រយ័ត្ន ធ្វើឱ្យ​រាលដាល​ឆេះ​ព្រៃរបោះ​ជិត​ប្រាសាទ​។ ក្នុង​ឆ្នាំ​២០១៩ បញ្ហា​នេះ​បាន​កើតឡើង​ចំនួន​៥​ករណី ដែល​ធ្វើឱ្យ​ឆេះ​ព្រៃរបោះ​ប្រមាណ ៥​ហិកតា​ផងដែរ​។ វិធាន​ក្នុងការ​ការពារ​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​មាន​ឡានទឹក​សម្រាប់​បាញ់​ពេល​មាន​អាសន្ន​ម្ដងៗ​។ មន្ត្រី​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ សំណូមពរ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ស្វែងយល់​ពី​បញ្ហា​នេះ និង​ត្រូវ​ជៀស​កុំ​ឱ្យមាន​ការដុត​ចម្ការ​ដោយ​មិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ បង្ក​ឱ្យ​រីក​រាលដាល​ដល់​ព្រៃ​ការពារ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com