ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីពាណិជ្ជកម្ម គាំទ្រគម្រោងបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មចិន នៅខេត្តព្រះសីហនុ លោក Chen Qiufa លេខាបក្សកុំម្មុយនីសខេត្តលាវនីង ជាមួយលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគាំទ្រចំពោះគម្រោងបង្កើតទីក្រុងសម្ព័ន្ធភាពនិងសួនឧស្សាហកម្មលាវនីង របស់ចិន និងបានសន្យាជួយសម្របសម្រួលគម្រោងវិនិយោគនេះ ឱ្យលេចចរូបរាងឡើងប្រាកដនាពេលអនាគត ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន។ ពិសេសជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែមានវឌ្ឍនភាពខ្ពស់ថែមទៀត។
ការគាំទ្របានធ្វើឡើងបន្ទាប់ពី លោក ជិន គួយហ្វា (Chen Qiufa) លេខាបក្សកុំម្មុយនីសខេត្តលាវនីងនៃប្រទេសចិន បានបង្ហាញចេតនាក្នុងការវិនិយោគក្នុងគម្រោងនេះ នៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍវិស័យកម្មន្តសាល និងរឹតចំណងមិត្តភាពជាមួយខេត្តព្រះសីហនុ នៅក្នុងជំនួបពិភាក្សា ជាមួយលោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោក ជិន គួយហ្វា បាននិយាយថាគម្រោងវិនិយោគនេះ នឹងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងខេត្តលាវនីង និងខេត្តព្រះសីហនុ នៃប្រទេសចិន-កម្ពុជា ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ។
ក្រៅពីការគាំទ្រនូវគម្រោងវិនិយោគនេះ លោកប៉ាន សូរស័ក្តិ ក៏បានស្នើសុំ ពីលោក ជិន គួយហ្វា និងអ្នកវិនិយោគចិនដទៃទៀត មកវិនិយោគក្នុងការសាងសង់ឡសម្ងួត ដើម្បីរក្សាទុកកសិផលខ្មែរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើឧស្សាហកម្មកែច្នៃម្ហូបអាហារ ដែលសំដៅនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ។ ព្រោះកម្ពុជា គឺជាប្រទេសកសិកម្មដែលសម្បូរដោយភោគផលធម្មជាតិ ស្រូវ ស្វាយ ចេក ពោត និងដំឡូងមីជាដើម។ លើសពីនេះ លោក បានស្នើឱ្យចិន ជួយគាំទ្រកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តលាវនីង និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ព្រមទាំងវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តលាវនីង៕
Tag:
ឧស្សាហកម្ម
ចិន
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com