ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម គាំទ្រ​គម្រោង​បង្កើត​ទីក្រុង​សម្ព័ន្ធភាព និង​សួន​ឧស្សាហកម្ម​ចិន នៅ​ខេត្ត​ព្រះសីហនុ​
29, Apr 2019 , 8:30 am        
រូបភាព
លោក Chen Qiufa លេខាបក្សកុំម្មុយនីសខេត្តលាវនីង ជាមួយលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក Chen Qiufa លេខាបក្សកុំម្មុយនីសខេត្តលាវនីង ជាមួយលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​គាំទ្រ​ចំពោះ​គម្រោង​បង្កើត​ទីក្រុង​សម្ព័ន្ធភាព​និង​សួន​ឧស្សាហកម្ម​លាវ​នី​ង របស់​ចិន  និង​បាន​សន្យា​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​នេះ ឱ្យ​លេច​ច​រូបរាង​ឡើង​ប្រាកដ​នាពេល​អនាគត ដើម្បី​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាជន​។ ពិសេស​ជំរុញ​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ ឱ្យ​កាន់​តែមាន​វឌ្ឍនភាព​ខ្ពស់​ថែមទៀត​។

 
​ការគាំទ្រ​បានធ្វើ​ឡើង​បន្ទាប់ពី លោក ជិន គួ​យ​ហ្វា (Chen Qiufa) លេខា​បក្ស​កុំ​ម្មុយ​នី​ស​ខេត្ត​លាវ​នី​ង​នៃ​ប្រទេស​ចិន បានបង្ហាញ​ចេតនា​ក្នុងការ​វិនិយោគ​ក្នុង​គម្រោង​នេះ នៅ​ក្រុងព្រះសីហនុ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កម្មន្តសាល និង​រឹតចំណង​មិត្តភាព​ជាមួយ​ខេត្ត​ព្រះសីហនុ នៅក្នុង​ជំនួប​ពិភាក្សា ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ កាលពី​ថ្ងៃទី​២៤​មេសា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។​
 
​លោក ជិន គួ​យ​ហ្វា បាន​និយាយថា​គម្រោង​វិនិយោគ​នេះ នឹង​ពង្រឹង​-​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ខេត្ត​លាវ​នី​ង និង​ខេត្ត​ព្រះសីហនុ នៃ​ប្រទេស​ចិន​-​កម្ពុជា ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ​។  
 
​ក្រៅពី​ការគាំទ្រ​នូវ​គម្រោង​វិនិយោគ​នេះ លោក​ប៉ាន សូរ​ស័ក្តិ ក៏បាន​ស្នើសុំ ពី​លោក ជិន គួ​យ​ហ្វា និង​អ្នកវិនិយោគ​ចិន​ដទៃទៀត មក​វិនិយោគ​ក្នុងការ​សាងសង់​ឡស​ម្ងួ​ត ដើម្បី​រក្សាទុក​កសិផល​ខ្មែរ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​បម្រើ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ ដែល​សំដៅ​នាំចេញ​ទៅកាន់​ប្រទេស​ចិន និង​ទីផ្សារ​អន្តរជាតិ​។ ព្រោះ​កម្ពុជា គឺជា​ប្រទេស​កសិកម្ម​ដែល​សម្បូរ​ដោយ​ភោគផល​ធម្មជាតិ ស្រូវ ស្វាយ ចេក ពោត និង​ដំឡូង​មី​ជាដើម​។ លើសពីនេះ លោក បានស្នើ​ឱ្យ​ចិន ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ខេត្ត​លាវ​នី​ង និង​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ ព្រមទាំង​វេទិកា​ធុរកិច្ច និង​វិនិយោគ​ផ្សេងៗ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ខេត្ត​លាវ​នី​ង​៕

Tag:
 ឧស្សាហកម្ម​
  ចិន​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com