កីឡាអន្តរជាតិ
អន្តរជាតិ
Norwich និង Sheffield ចាប់ដៃគ្នា​ឡើងទៅ Premier League ឯ Leeds ត្រូវ​លេង play-off
28, Apr 2019 , 8:57 pm        
រូបភាព
Norwich City បាន​ឡើងទៅ Premier League ដោយ​ស្វ័យប្រវត្តិ​ក្រោយ​ឈ្នះ Blackburn Rovers ២-១ ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៤៥ ក្នុង​ក្របខណ្ឌ Championship​។  Sheffield United ក៏បាន​ឈានទៅ​លី​គ​កំពូល​អង់គ្លេស​នេះដែរ ដោយសារ Leeds United ប្រកួត​បាន​ត្រឹម​ស្មើ​ជាមួយ Aston Villa ១-១ អម្បាញមិញ​នេះ​។​


Norwich ដែល​អាក់ខាន​បង្ហាញខ្លួន​នៅ​លី​គ​កំពូល​អង់គ្លេស​៣​រដូវ​កាល រកបាន​៩១​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​លី​គ​លំដាប់​ទី​២​បណ្តោះអាសន្ន​ដោយ​នាំមុខ​ក្រុម​លេខ​៣ Leeds ៨​ពិន្ទុ​ដាច់ ខណៈ​ការប្រកួត​សល់​តែ​មួយលើកទៀត​ប៉ុណ្ណោះ​។​
 
Leeds ដែល​ត្រូវ​ប្រជែង​យក​ចំណាត់ថ្នាក់​ទី​២ ដើម្បី​បាន​កៅអី​ទៅ​លី​គ​កំពូល​ដោយ​ស្វ័យប្រវត្តិ​នោះ ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ​បន្ទាប់ពី​បាន​ត្រឹម​ស្មើ​ជាមួយ Aston Villa​។ លទ្ធផល​ស្មើ​នេះ​បាន​នាំ​ឲ្យ Sheffield United ដែល​លើស​លើស​ខ្លួន​៥​ពិន្ទុ​ត្រូវ​ចាប់ដៃគ្នា​ជាមួយ Norwich ទៅលេង​នៅ Premier League រដូវ​កាល​ក្រោយ​។​
 
 Leeds នឹងត្រូវ​ប្រជែង​ជាមួយ​ក្រុម​៣​ទៀត​រួមមាន West Bromwich Albion,  Aston Villa, Derby County ឬ Middlesbrough ក្នុងការ​ប្រកួត​វគ្គ play-off ដើម្បី​ជ្រើស​យក​មួយក្រុម​ទៅលេង​នៅ​លី​គ​លំដាប់​កំពូល​អង់គ្លេស​ដែរ​។​
 
​ដោយឡែក Norwich និង Sheffield United នៅ​ប្រជែង​គ្នា​ដណ្តើមពាន Championship នៅឡើយ​ព្រោះ​នៅមាន​ពិន្ទុ​ប្រដេញ​គ្នា​។ Norwich ដែល​លើស Sheffield United ៣​ពិន្ទុ​ត្រូវការ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន ផ្ទុយទៅវិញ​បើសិន​ពួកគេ​ចាញ់ហើយ Sheffield United ឈ្នះ​នៅ​ប្រកួត​ចុងក្រោយ នោះ Sheffield នឹង​ក្លាយជា​ម្ចាស់​ពាន​វិញ​ព្រោះ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com