ជាតិ
សង្គមជាតិ
យុវជនខ្មែរ២០នាក់ ចូលរួមផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ក្នុងកម្មវិធីបោះជំរំនៅចិន
28, Apr 2019 , 10:50 pm        
រូបភាព
សានទុង៖ តំណាងយុវជនកម្ពុជា២០នាក់ បានចូលរួមកម្មវិធីបោះជំរំយុវជនស្ដីពីទំនាក់ទំនងយុវជននៃអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃលើកទី៤ ដែលប្រារព្ធនៅខេត្តសានទុង ប្រទេសចិន។ កម្មវិធីបោះជំរំនេះ មានប្រទេសចូលរួមចំនួន១៤ ដែលមានការចូលរួមពីយុវជនវ័យក្មេងជាច្រើននាក់។ កម្មវិធីនេះ បានផ្ដល់ឱកាសដល់ប្រទេសដែលចូលរួម អាចផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍របស់ខ្លួន។



កម្មវិធីបោះជំរំយុវជនស្ដីពីទំនាក់ទំនងយុវជននៃអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ (SCO) បានប្រព្រឹត្តទៅពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា នៅទីក្រុងឈីងដៅ ខេត្តសានទុង និងទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងកម្មវិធីបោះជំរំដែលមានប្រទេសចំនួន ១៤នេះ ប្រារព្ធឡើងក្រោមប្រធានបទ៖ «ឱកាសថ្មី និងអនាគតថ្មី» ដែលរៀបចំឡើងដោយ ACYF។



លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃក្រសួងទេសចរណ៍ ដែលចូលរួមក្នុងកម្មវិធីបោះជំរំនេះ បានលើកឡើងថា គណៈប្រតិភូកម្ពុជា បាននាំមកនូវវត្ថុតំណាងជាតិ, ក្រមា និងឯកសារផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាជាច្រើន មកបង្ហាញដល់ប្រទេសដែលចូលរួមកម្មវិធីនេះ។ បើតាមលោក សុវណ្ណរ័ត្ន យុវជនដែលចូលរួមកម្មវិធីនេះ បានចាប់អារម្មណ៍ដោយសាកសួរព័ត៌មានជាច្រើនពីកម្ពុជាផងដែរ។



ការបង្ហាញវប្បធម៌ និងទេសចរណ៍នេះ តំណាងយុវជនកម្ពុជា បានធ្វើបទបង្ហាញជូនយុវជនវ័យក្មេងដែលចូលរួមកម្មវិធីនេះ ពីវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា។ លើសពីនេះ តំណាងយុវជនកម្ពុជា បានសម្ដែងចង្វាក់រាំវង់ដល់អ្នកចូលរួមផងដែរ។ លោក អាំង សុវណ្ណរ័ត្ន ជឿជាក់ថា តាមរយៈកម្មវិធីនេះ នឹងធ្វើឲ្យបរទេសចាប់អារម្មណ៍ និងចង់ទៅទស្សនាកម្ពុជាកាន់តែច្រើន។



សូមបញ្ជាក់ថា កម្មវិធីបោះជំរំនេះ រៀបចំដើម្បីផ្សព្វផ្សាយពីស្មារតីសៀងហៃ និងការអភិវឌ្ឍរួមគ្នា ដោយផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិរវាងសហគ្រិនវ័យក្មេង និងស្ថាប័នដែលធ្វើការទាក់ទងនឹងសហគ្រិនភាពរបស់ប្រទេសសមាជិក Shanghai Cooperation Organization Youth Campus (SCO)។ ជាមួយគ្នានេះ ប្រតិភូយុវជនចំនួន ១៤ប្រទេស រួមទាំងប្រទេសដែលជាសមាជិក SCO នឹងចូលរួមជាអ្នកសង្កេតការណ៍ និងពិភាក្សាគ្នាលើប្រធានបទផ្សេងៗផងដែរ៕


លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃក្រសួងទេសចរណ៍ និង ស្រ្តីជាជនបរទេសម្នាក់ ស្ថិតក្នុងកម្មវិធីនេះ 


យុវជនបរទេស បង្ហាញសិល្បៈរបស់ខ្លួននៅក្នុងកម្មវិធី







Tag:
 វប្បធម៌
  ទេសចរណ៍
  ចិន
  បោះជំរំ
  យុវជន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com