ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចិន ចំនួន២ គ្រោងវិនិយោគលើថាមពលប្រើដោយពន្លឺព្រះអាទិត្យ និងដើរដោយខ្យល់ នៅកម្ពុជា
× ភ្នំពេញ៖ ក្រុមហ៊ុនចិន ចំនួន២ គ្រោងវិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា។ បំណងរបស់ក្រុមហ៊ុនទាំងពីរនេះ បានលើកឡើងនៅក្នុងជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមវេទិកាផ្ដួចផ្ដើម«ខ្សែក្រវាត់ និងវិថី» លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងជំនួបពិភាក្សានោះ ក្រុមហ៊ុន China Hauneng Group ដែលបានទទួលជោគជ័យទៅលើការផលិតអគ្គិសនី នៅទំនប់វារីអគ្គិសនីសេសានក្រោម២ នៅកម្ពុជាកន្លងមកនោះ មានបំណងចង់វិនិយោគបន្ថែមទៀត ទៅលើវិស័យថាមពលប្រើដោយពន្លឺព្រះអាទិត្យ។ តាមរយៈគោលបំណងខ្លួននេះ ក្រុមហ៊ុន China Hauneng Group បានសិក្សានៅក្នុងប្រទេសកម្ពុជា ដោយរកឃើញថា កម្ពុជាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍទៅលើវិស័យថាមពលអគ្គិសនីដើរដោយព្រះអាទិត្យនេះ។
បើតាមគម្រោងថ្មីទាក់ទិនទៅនឹងការផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនេះ ក្រុមហ៊ុនគ្រោងវិនិយោគអគ្គិសនីចំនួន២០០ មេហ្គាវ៉ាត់។ នេះជាការលើកឡើងរបស់ភាគីក្រុមហ៊ុន China Hauneng Group ប្រាប់ទៅសម្ដេច ហ៊ុន សែន។
ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិន ក៏បានប្រាប់ពីបំណងវិនិយោគខ្លួនលើវិស័យថាមពលនេះ នៅក្នុងជំនួបដោយឡែកជាមួយប្រមុខរដ្ឋាភិបាលផងដែរ។ ក្រុមហ៊ុនចិនមួយនេះ ចាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយមានបំណងបង្កើតរោងចក្រផលិតបន្ទះ solar panel ដែលជាបន្ទះអាចស្រូបយកពន្លឺព្រះអាទិត្យបំលែងទៅជាអគ្គិសនី។
«គាត់(ក្រុមហ៊ុនចិន)បានអញ្ជើញទៅកាន់ប្រទេសកម្ពុជាហើយបានសិក្សាលម្អិតអំពីស្ថានភាព នៃថាមពលនៅក្នុងប្រទេសកម្ពុជា ។ព្រមជាមួយគ្នានេះ លោកក៏បានឃើញជាក់ស្ដែងថា នៅប្រទេសកម្ពុជាអាចផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នឹងដើរដោយខ្យល់នៅពេលខាងមុខបាន»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្តីភាគីក្រុមហ៊ុនចិន ក្នុងជំនួបស្នើសុំការគាំទ្រពីប្រមុខរដ្ឋាភិបាលកម្ពុជា លើគម្រោងវិនិយោគនេះ។
ឆ្លើយតបនឹងបំណងវិនិយោគនេះ សម្ដេច ហ៊ុន សែន បានប្រាប់ឲ្យក្រុមហ៊ុនថាមពលដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យរបស់ប្រទេសចិនសហការជាមួយនឹងក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីពិនិត្យមើលលក្ខណៈសម្បត្តិ និងលក្ខខ័ណ្ឌ នៃការបង្កើតរោងចក្រនៅកម្ពុជា។ ចំណែកក្រុមហ៊ុន China Hauneng Group ដែលជាក្រុមហ៊ុនបានចាប់ដៃជាមួយក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង ក្នុងការបង្កើតវារីអគ្គិសនីសេសានក្រោម២នោះ ត្រូវបន្តសហការគ្នាស្រាវជ្រាវ និងបោះទុនទៅលើការវិនិយោគថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។
ចំពោះគម្រោងវិនិយោគលើវិស័យថាមពលនេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖«ប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាចង់បានគឺថាមពលស្អាត ថាមពលដែលគាំទ្រដល់បរិស្ថាន ជាពិសេសថាមពលដើរដោយពន្លឺព្រះអាទិត្យដែលជាបច្ចេកវិទ្យាចុងក្រោយនេះ»៕
Tag:
ហ៊ុន សែន
ថាមពលព្រះអាទិត្យ
អគ្គិសនី
សេដ្ឋកិច្ច
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com