ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការពារជាតិ៖ ទ័ពត្រូវតែគោរពបញ្ជាថ្នាក់លើឲ្យបានម៉ឺងម៉ាត់...
29, Apr 2019 , 11:01 am        
រូបភាព
សម្តេច ហ៊ុន សែន និង សម្តេច ទៀ បាញ់ ចាប់ដៃគ្នា ក្នុងពិធីសម្ភោធវិមាននយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេច ហ៊ុន សែន និង សម្តេច ទៀ បាញ់ ចាប់ដៃគ្នា ក្នុងពិធីសម្ភោធវិមាននយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសរសេរសារខ្លីមួយ ជូនទៅកងទ័ពទាំងអស់ នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ។ តាមរយៈសារដែលបង្ហោះចេញពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន រដ្ឋមន្រ្តីការពារជាតិ បានប្រាប់ទៅកងទ័ពយ៉ាងដូច្នេះថា «កងទ័ព ត្រូវតែគោរព និងអនុវត្តបទបញ្ជារបស់ថ្នាក់លើឲ្យបានម៉ឺងម៉ាត់ ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ និងត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង»។



សាររបស់សម្តេចរដ្ឋមន្រ្តី គឺសរសេរឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាល ប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅជាថ្មីក្នុងជួរកងទ័ព។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបថា នាពេលអនាគត ក្រសួងការពារជាតិ នឹងមាននាយឧត្តមសេនីយ៍ (ផ្កាយ៤) តែ២រូបប៉ុណ្ណោះ គឺរដ្ឋមន្រ្តីការពារជាតិ និង អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំណែក្រៅពីនេះ ពាក់ត្រឹមផ្កាយ៣។

ប្រមុខរដ្ឋាភិបាល ក៏មានបំណងធ្វើកំណែទម្រង់បែបនេះទៅលើកម្លាំងនគរបាល ដែលស្ថិតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃផងដែរ។ ប៉ុន្តែព័ត៌មានលម្អិតថា កម្លាំងនគរបាលដែលពាក់ផ្កាយ៤ នឹងត្រូវទុកប៉ុន្មាននាក់នោះ មិនទាន់មានការបញ្ជាក់ពីប្រមុខរដ្ឋាភិបាល ឬអ្នកនាំពាក្យខាងនគរបាលនៅឡើយទេ។ 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមថា ការធ្វើកំណែទម្រង់ឋានន្តរស័ក្តិក្នុងជួរកងទ័ពនិងនគរបាល គឺដើម្បីឲ្យមានឋានានុក្រមតាមលំដាប់លំដោយ ពីក្រោមឡើងលើ និងពីលើចុះក្រោម សមស្របតាមសំណូមពរភារកិច្ចជាក់ស្តែង។ លោក បញ្ជាក់បែបនេះថា «ការធ្វើកំណែទម្រង់ឋានន្តរស័ក្តនេះ ធ្លាប់បានធ្វើមួយដងរួចមកហើយ ដូច្នេះ ការធ្វើកំណែទម្រង់លើកនេះ មិនមែនជារឿងចម្លែកទេ»៕ 

Tag:
 កម្លាំងប្រដាប់អាវុធ
  ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com